ក្នុងរយៈពេលចុងក្រោយនេះ គេឃើញថា ក្នុងបញ្ជីរាយនាមប្រទេសដែលបានបរិច្ចាគប្រាក់ដល់គម្រោងបញ្ជូន មនុស្សទៅរស់នៅជារៀងរហូតលើភពព្រះអង្គារ ក៏មានឈ្មោះកម្ពុជាផងដែរ។
លើទំព័របរិច្ចាគប្រាក់ (Donate) របស់ Mars One ដែលជាក្រុមហ៊ុនអវកាស កំពុងជ្រើសរើសមនុស្សទៅរស់នៅលើភពអង្គារ លោកអ្នកអាចបរិច្ចាគប្រាក់ជាប្រចាំខែ ឬបង់តែ ១លើកក៏បាន។ ចំនួនទឹកប្រាក់ដែលអ្នកចង់បរិច្ចាគប្រចាំខែ គឺមាន ២ដុល្លារ ៥ដុល្លារ ១០ដុល្លារ ២៥ដុល្លារ ៥០ដុល្លារ ១០០ដុល្លារ ឬ ២០០ដុល្លារ ដោយប្រើប្រាស់ Paypal។ ចំណែកការបរិច្ចាគ តែ ១លើក អ្នកអាចជ្រើសរើសបាន ចាប់ពី ០,៥ដុល្លារឡើងទៅ តាមរយៈ Paypal ឬ Bitcoins ក៏បាន។ សូមបញ្ជាក់ថា ការបរិច្ចាគប្រចាំខែ លោកអ្នកអាចបញ្ឈប់ការបរិច្ចាគរបស់ខ្លួន នៅពេលណាក៏បាន។
គម្រោងបញ្ជូនមនុស្សទៅភពអង្គារ របស់ Mars One
ជារៀងរាល់ថ្ងៃ មូលនិធិ Mars One ទទួលបានប្រាក់បរិច្ចាគពីបណ្ដាប្រទេស សម្រាប់គម្រោងបញ្ជូនមនុស្សទៅរស់នៅលើភពព្រះអង្គារ ហើយរហូតមកដល់ពេលនេះ Mars One បានទទួលការឧបត្ថម្ភពីប្រទេសចំនួន ១០០ ក្នុងនោះក៏មានកម្ពុជាផងដែរ។ សម្រាប់តំបន់អាស៊ីអាគ្នេយ៍ គេឃើញមាន ប្រទេសចំនួន ៨ នាំមុខដោយ ឥណ្ឌូនេស៊ី បន្ទាប់មកគឺ សឹង្ហបុរី ម៉ាឡេស៊ី ថៃ ហ្វ៊ីលីពីន ព្រុយណេ កម្ពុជា និងវៀតណាម។
ក្នុងប្រទេសចំនួន ១០០ ដែលមានឈ្មោះក្នុងបញ្ជីខាងលើនេះ អាមេរិក គឺជាប្រទេសដែលមានការបរិច្ចាគច្រើនជាងគេ បន្ទប់មក គឺ កាណាដា អង់គ្លេស អូស្ដ្រាលី អាល្លឺម៉ង់។ រីឯប្រទេសដែលបានបរិច្ចាគតិចជាងគេបំផុត គឺ បូស្ន៊ី ហឺហ្ស៊េហ្គោវីណា៕
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Mars One