ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសឱ្យសិស្សានុសិស្ស ដែលកំពុងសិក្សាថ្នាក់ទី ១២ ទាំងអស់ឱ្យបានជ្រាបថា៖ ជារៀងរាល់ឆ្នាំ​ ក្រសួងអប់រំ យុវជន និងកីឡា ​តែងតែ​ផ្តល់​អាហាររូបករណ៍​ដល់​សិស្ស​ទូទៅ សិស្ស​អាទិភាព​នារី សិស្សអាទិភាព​ក្រីក្រ សិស្សអាទិភាព​តំបន់​ជួបការ​លំបាក និង​សិស្ស​ជាប់ចំណាត់​ថ្នាក់​ពូកែ​ទូទាំងប្រទេស ប៉ុន្ដែឆ្នាំនេះ ក្រសួងសម្រេចផ្ដល់អាហារូបករណ៍ ១០០ %  ដល់ជនពិការ ឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ ។

សម្រាប់​ឆ្នាំសិក្សា ២០១៩-២០២០ ក្រសួង​អប់រំ យុវជន​ និង​កីឡា បាន​លើកទឹកចិត្ត​ដល់​សិស្ស​មាន​ពិការភាព (ពិការ​អវៈយវៈ ពិការគ-ថ្លង់ ពិការ​ភ្នែក...) ឱ្យ​ទទួល​បាន​អាហារូបករណ៍​ចូលរៀន​ថ្នាក់​បរិញ្ញាបត្រ​មិនបង់ថ្លៃ​សិក្សា ១០០% នៅតាម​គ្រឹះស្ថាន​ឧត្តមសិក្សា ​ដែល​បាន​ផ្តល់​អាហារូបករណ៍ ដូចមានចែង​ក្នុងកូន​សៀវភៅ​កម្រង​ព័ត៌មាន​អាហាររូបករណ៍ សម្រាប់​ឆ្នាំ ២០១៩-២០២០ មួយ​កន្លែង​ដោយ​ស្វ័យប្រវត្តិ លើមុខ​ជំនាញ​ណា​ដែល​មិន​ទាមទារ​ការ​ប្រឡង ។ នេះបើ​តាម​សេចក្តីជូន​ដំណឹង​របស់​ក្រសួង​អប់រំ ចុះ​ថ្ងៃ​ទី​ ៣ ខែ​ឧសភា ឆ្នាំ​២០១៩ និងទើប​តែត្រូវបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅថ្ងៃទី ​៧ ខែឧសភា​នេះ ។

ក្រសួង​បញ្ជាក់​ថា ដើម្បី​ទទួលបាន​អាហាររូបករណ៍​នេះ បេក្ខជន​ត្រូវដាក់​ពាក្យស្នើសុំ​អាហារូបករណ៍ និងបាន​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យម​សិក្សាទុតិយភូមិឆ្នាំ​២០១៩ ។ បេក្ខជន​អាចទៅ​ទទួលសំណុំ​ពាក្យសុំ​ពី​វិទ្យាល័យ​ ដែល​កំពុងសិក្សា និង​ត្រូវដាក់​ពាក្យនៅតាម​វិទ្យាល័យ​របស់​ខ្លួនយ៉ាងយូរ​ត្រឹមថ្ងៃទី ៣០ ខែ​ឧសភា ឆ្នាំ​២០១៩ ៕

/