ក្រុម​ហ៊ុន ​អាណាណា​គ្រុប​ បាន​​ធ្វើ​ជាកម្មវិធីសប្បុរធម៌មួយ ដើម្បីពាំនាំនូវអំណោយមនុស្សធម៌ ដើម្បីចែកជូនបងប្អូន ប្រជាពល​រដ្ឋទី​ទាល់​ក្រ​ ចំនួន២០០គ្រួសារ នៅភូមិវត្តចាស់ ឃុំព្រែក​ដំបង​ ស្រុកមុខកំពូល ខេត្តកណ្តាល​ នៅដើមខែ វិច្ឆិកាកន្លងទៅថ្មីៗនេះ។   កម្មវិធីសប្បុរស​ធម៌​នេះ​ គឺធ្វើ​ឡើងដើម្បីជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្សត់ខ្សោយ ជនគ្មានទីពឹង និងកុមារកំព្រាផង​ដែរ។ អំណោយដែលបានមក ក៏ជាការចូលរួមចំណែក​រវាងថ្នាក់ដឹកនាំ និងបុគ្គលិក​របស់​ក្រុម​ហ៊ុន អាណា ណា គ្រុប ដែលពួកគេបរិច្ចាគនូវធនធានបន្តិចបន្តួចក្នុងនាម​ជាសប្បុរសធម៌ ជួយ​ដល់​ជន​រួមជាតិ។​ កម្មវិធីសប្បុរសធម៌នេះ ក៏មានក្រុមហ៊ុនប្រមាណជា​៤​ ទៀតបានចូលរួមផងដែរ​ ដូចជា ក្រុមហ៊ុន មេគង្គណិត (MekongNet) ក្រុមហ៊ុនអាណា ណា កុំព្យូ​ទ័រ ( AnAnA Computer)​ សាន់ស៊ីធី (Sun City apartment) និង ហ្វូល​ហោស (FullHouse)។

កម្មវិធីសប្បុរសធម៌នេះ មិនមែនជាលើកទីមួយទេ ដែល ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន អា​ណា​ណា គ្រុប ​បានធ្វើឡើងកន្លងមក ក្រុមហ៊ុន អាណា ណាគ្រុប ក៏បានធ្វើសកម្មភាពសប្បុរសធម៌​ជាច្រើនដង​រួចមកហើយ នៅក្នុងសង្គម​​។​ គោលបំណងរបស់ ក្រុមហ៊ុន គឺធ្វើឲ្យស្របទៅនឹងពាក្យស្លោកមួយថា វប្ប​ធម៌នៃការ​ចែក​រំលែក។

/

លោក ស្រៀង ទីតូ អគ្គនាយក នៃក្រុមហ៊ុន អាណណាគ្រុប មានប្រសាសន៍ នៅក្នុងកម្មវីធីនោះថា រូបលោកផ្ទាល់ក៏ដូចជាក្រុមហ៊ុនមិនព្រងើយកន្តើយចំពោះ ទុក្ខលំបាករបស់បងប្អូនទីទាល់ក្រនោះឡើយ លោកតែងតែពាំនាំនូវអំណោយ មិនថាតិចឬច្រើននោះទេ ដើម្បីចែកជូនដល់ប្រជាពលរដ្ឋដែលក្រខ្សត់។ ក្នុងន័យនេះក្រុមហ៊ុនក៏ចង់បង្ហាញ និងបណ្តុះស្មារតី​ដល់​យុវជន យុវ​នារី  បងប្អូនប្រជាពលរដ្ឋ​ខ្មែរ​ដទៃ​ទៀត​​ឲ្យយល់ពីតម្លៃ នៃវប្បធម៌ ការចែករំលែកនេះដែរ។ ពីព្រោះយើងចង់ឃើញប្រជាពលរដ្ឋខ្មែរចេះ​ជួយគ្នា​ក្នុង​​​គ្រាមានអាសន្ន ជាពិសេសក្នុងគ្រាដែលលំបាកបំផុត។ គួរបញ្ជាក់ថា អំណោយដែល នាំយកទៅចែក​ជូនប្រជាពល​រដ្ឋនៅ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល នោះ​ ក្នុងមួយគ្រួសារទទួលបាន អង្ករ​ ចំនួន ១០គីឡូ ទឹកត្រី ៣ដប ទឹកស៊ីវអ៊ីវ​ ៣ដប ប្រេងកូឡា ប្រេងខ្យល់ និងដែកកេះចំនួនមួយឈុត៕

/

/

អត្ថបទ និងរូបភាព៖ អាណាណា គ្រុប