អាជ្ញាធរ​ជាតិ​អប្សរា​បានប្រកាសថា មាន​តូប​សរុប​ចំនួន ១៥០ តូប​ស្ថិតនៅ​ខាងលិច​ប្រាសាទអង្គរវត្ត និង​ស្រះ​ត្រពាំង​សេស​ក្នុង​ខេត្តសៀមរាប​បាន​ស្ម័គ្រចិត្ត​ផ្លាស់ប្តូរ​ទីតាំង​ដើម្បី​ថែរក្សា​សោភ័ណភាព​ប្រាសាទ​អង្គរ​។​

/

ការសម្រេច​នេះ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​ផែនការ​ដែល​បានប្រកាស​កាលពី​ខែមករា​ដើម្បី​កែលម្អ​ប្រាសាទ ក្នុង​គោលបំណង​លើកកម្ពស់​តម្លៃ​របស់​ប្រសាទ​ដែលជា​និមិត្តរូប​នៃ​មរតក​ដូនតា​ខ្មែរ​។​

ចាប់តាំងពី​ការប្រកាស​នេះ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​និយាយថា ម្ចាស់​ភោជនីយដ្ឋាន និង​តូប​ដែល​សាងសង់​ក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត​បាន​ចាក​ចេញពី​ទីតាំង​នោះ ហើយ​ប្រគល់​ដី​ឡូ​តិ៍​របស់​ទាំងនោះ​ទៅឱ្យ​អាជ្ញាធរ​។​

​អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា លោក ឡុង កុសល បាន​និយាយ​នៅថ្ងៃនេះ​ថា រហូតមកដល់​ពេលនេះ​យុទ្ធនា​ការរុះរើ​ភោជនីយដ្ឋាន​ប្រមាណ ១៥០ ក៏ដូចជា​តូប​លក់​អាហារ និង​តូប​លក់​វត្ថុ​អនុស្សាវរីយ៍​ត្រូវបាន​បញ្ចប់​ដោយមាន​ការយល់ព្រម​ពី​ម្ចាស់​ក្រុមហ៊ុន​។​

​លោក​បាន​និយាយ​បន្តថា មានការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី និង​សួនច្បារ​កំពុង​សាងសង់​នៅ​ទីធ្លា​ខាងលិច​នៃ​ប្រាសាទអង្គរវត្ត​ដែល​រចនា​ឡើង​ដើម្បី​បង្ហាញ​ពី​សម្រស់​ធម្មជាតិ​នៃ​តំបន់​នោះ​ដល់​ភ្ញៀវទេសចរ​។​

​លោក​បាន​និយាយថា​៖ «​ចាប់ពី​ថ្ងៃនេះ​តទៅ​បរិវេណ​ខាងលិច​នៃ​ប្រាសាទអង្គរវត្ត​ទាំងមូល​នឹងត្រូវ​បាន​ផ្លាស់ប្តូរ​ទៅជា​ទេសភាព​ស្រស់ស្អាត​ជាង​មុន​ជាមួយនឹង​ដើមឈើ​បៃតង សួនច្បារ និង​ផ្កា​ចម្រុះ​ពណ៌​» ។​

​លោក​បាន​និយាយ​បន្ថែមទៀតថា បច្ចុប្បន្ននេះ​ក្រុមការងារ​អាជ្ញាធរ​អប្សរា​កំពុង​មមាញឹក​រៀបចំ​សួនច្បារ​បន្ថែមទៀត​ដោយ​ដាំ​ស្មៅ រៀបចំ​ផ្លូវ និង​ថែរក្សា​រុក្ខជាតិ​ដែល​បាន​ដាំ​រួចហើយ​។​

​លោក​បាន​និយាយ​បន្តថា ក្រុមការងារ​ក៏បាន​រៀបចំ​ប្រព័ន្ធ​លូបង្ហូរទឹក​ផងដែរ ហើយ​បានរៀបចំ​តុបតែង​ទេសភាព​នៅ​ប៉ែក​ខាងលិច​នៃ​ប្រាសាទអង្គរវត្ត​ដើម្បីឱ្យ​មើលទៅ​មាន​សណ្តាប់ធ្នាប់ និង​ស្រស់ស្អាត​ជាង​មុន​សម្រាប់​ភ្ញៀវទេសចរ​ដែល​មក​លំហែ​កាយ​នៅ​តំបន់​នោះ​៕

 

ប្រភពខ្មែរថាមស៍