(ភ្នំពេញ)៖  នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២១ នេះ ក្រុមហ៊ុន អាណាណា កុំព្យូទ័រ  ក្រុមហ៊ុន មេគង្គណិត និងក្រុមហ៊ុន YUL DIVERSITY តំណាងដោយអ្នកស្រី សុខ ចាន់ដា ប្រធាន និងអគ្គនាយិកា នៃក្រុមហ៊ុនមេគង្គណិត បាននាំយក ម៉ាស់វេជ្ជសាស្រ្ដ Wakamono ចំនួន ១៧០,០០០ ដើម្បីឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋ នៅតំបន់ក្រហម តាមរយៈក្រសួងពាណិជ្ជកម្ម  ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប៉ាវ ហេងតារា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ។

/

 ទន្ទឹមនឹងនោះ ឯកឧត្តម ប៉ាវ ហេងតារា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អមដោយ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) មានក្ដីសោមនស្សរីករាយ ទទួលអំណោយម៉ាស់ការពារវីរុសចំនួន ១៧០,០០០ ពីក្រុមហ៊ុនទាំង ៣ ខាងលើ ដែលបានរួមគ្នាផ្ដល់ជូនប្រជាពលរដ្ឋក្នុងតំបន់ក្រហម ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការការពារ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ-១៩ ។

/

 តាមរយៈបទសម្ភាសន៍ជាមួយ Camnews អ្នកស្រី សុខ ចាន់ដា បានមានប្រសាសន៍ថា៖ “ប្រជាពលរដ្ឋយើង នៅតំបន់ក្រហម ជាក្រុម ដែលងាយរងគ្រោះពីការឆ្លងជំងឺកូវីដ ១៩ ដូច្នេះ នៅក្នុងគ្រាដ៏លំបាកនេះ យើងសូមចែករំលែកនូវក្ដីបារម្ភចំពោះជនរួមជាតិយើង តាមរយៈការផ្ដល់ជូនម៉ាស់ ដើម្បី ចូលរួមទប់ស្កាត់ការរីរាលដាលជំងឺនេះ ជាមួយរដ្ឋាភិបាល”

/

 ជាការឆ្លើយតប ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសកម្មភាពមនុស្សធម៌របស់ក្រុមហ៊ុនទាំងបីខាងលើ និងបានជូនពរចំពោះក្រុមហ៊ុន ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ឱ្យទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន និងសម្រេចជោគជ័យក្នុងការធ្វើធុរកិច្ចនៅកម្ពុជា ជាពិសេស សូមឱ្យចាកផុតពីជំងឺកូវីដ-១៩៕

/

/

 

 /

អត្ថបទ៖ សារ៉ាត