ថ្មីៗនេះ អ្នកជំនួញអាយុ ៣៥ឆ្នាំ ជនជាតិ ហូឡង់ បានបង្ហើបពីគំនិតរបស់ខ្លួន ក្នុងការបញ្ជូនមនុស្សអោយទៅរស់នៅលើភពព្រះអង្គារជារៀងរហូត។
Bas Lansdorp អ្នកបង្កើតក្រុមហ៊ុន Mars One បានអោយ FoxNews ដឹងថា ក្រុមហ៊ុនរបស់លោក កំពុងធ្វើការយ៉ាងម៉ត់ចត់ ក្នុងគម្រោងនាំមនុស្សទៅរស់នៅលើភពព្រះអង្គារ ជារៀងរហូត។ ដើម្បីស្វែងរកអ្នកដែលមានសំណាង ក្នុងការធ្វើដំណើរទៅរស់នៅលើភពផ្សេង ក្រុមហ៊ុនរបស់លោកនឹងធ្វើការបង្វិលលេខឆ្នោត នៅទូទាំងពិភពលោក នៅឆ្នាំក្រោយ។

ផ្ទះរបស់ក្រុមអ្នករស់នៅលើភពព្រះអង្គារនឹងមានទ្រង់ទ្រាយបែបនេះ
ក្រុមហ៊ុន Mars One នឹងជ្រើសរើសមនុស្សចំនួន ៤០នាក់ អោយចូលរួមក្នុងវគ្គបណ្ដុះបណ្ដាល នៅមូលដ្ឋានមួយ លើសមុទ្រខ្សាច់នៅអាមេរិក។ ក្រោយមក ក្រុមហ៊ុនរបស់លោកនឹងចម្រាញ់យក ១០នាក់ដែលមានសមត្ថភាពគ្រប់គ្រាន់ដើម្បីចាកចេញពីផែនដី ដោយមិនត្រឡប់មកវិញ។
លោក Bas Lansdorp ថ្លែងថា ៖ យើងនឹងបញ្ជូនមនុស្សអោយទៅរស់នៅលើភពព្រះអង្គារ នៅក្នុងឆ្នាំ ២០២៣។ ពួកគេនឹងត្រូវរស់នៅទីនោះអស់មួយជីវិត។ យើងនឹងត្រៀមបរិស្ថានរស់នៅដែលចាំបាច់សម្រាប់ពួកគេ ហើយ ក្នុងរយៈពេលរៀងរាល់ ២ឆ្នាំម្ដង យើងនឹងបញ្ជូនមនុស្ស ៤នាក់បន្ថែមទៀត ទៅកាន់ទីនោះ៕
ដោយ ៖ សូរីយ៉ាប្រភព ៖ techli