អង្គការមួយរបស់ហូឡង់ បានប្រកាសថានឹងនាំមនុស្សឡើងទៅរស់នៅជារៀងរហូតនៅលើភពព្រះអង្គារ នៅឆ្នាំ ២០២៧។

លោក Bas Lansdorp អគ្គនាយករបស់ Mars One
Bas Lansdorp អគ្គនាយករបស់ Mars One ដែលជាអង្គការមួយរបស់ប្រទេសហូឡង់ បានប្រកាសថានឹងនាំមនុស្សឡើងទៅរស់នៅលើភពព្រះអង្គារ ចាប់ពីឆ្នាំ ២០២៧ នេះបើតាម CNN ដែលបានចេញផ្សាយកាលពីថ្ងៃទី ១១តុលាកន្លងទៅ។
គម្រោងរបស់លោក Bas Lansdorp គឺសាងសង់តំបន់រស់នៅយូរអង្វែងមួយនៅលើភពក្រហមនេះ។ លោក Bas Lansdorp ថ្លែងថា ៖ “បណ្ដាមនុស្សដែលត្រូវបានយើងខ្ញុំបញ្ជូនឡើងទៅកាន់ភពព្រះអង្គារ នឹងរស់នៅទីនោះជារៀងរហូត”។
សមាជិករបស់ក្រុមអ្នកអវកាសនឹងត្រូវបានជ្រើសរើសចេញពីប្រជាពលរដ្ឋ។ ថ្វីបើវាជាដំណើរមិនវិលត្រលប់ ប៉ុន្តែគម្រោងនេះនៅតែទាក់ទាញបានមនុស្សរាប់ម៉ឺននាក់មកចុះឈ្មោះចូលរួម។ ប៉ុន្តែ ក្នុងចំណោមនោះ គេនឹងជ្រើសរើសតែ ៤នាក់ប៉ុណ្ណោះ សម្រាប់ក្រុមទីមួយដែលនឹងហោះទៅកាន់ភពព្រះអង្គារ។

មនុស្សនឹងទៅរស់នៅលើភពព្រះអង្គារ ចាប់ពីឆ្នាំ ២០២៧
លោក Lansdorp ថ្លែងថា “ពីរឆ្នាំម្ដងនឹងមានមនុស្ស៤នាក់ ត្រូវបានបញ្ជូនឡើងទៅកាន់ភពអង្គារ។ ជំនួសឱ្យការប្រឹងប្រែងនាំមនុស្សត្រលប់មកវិញ យើងខ្ញុំនឹងបញ្ជូនមនុស្សឡើងទៅទីនោះជាបន្តបន្ទាប់”។
លោក Lansdorp ជឿជាក់ថា គម្រោងនេះនឹងទទួលបានជោគជ័យ។ លោក Lansdorp ក៏បានណែនាំដល់អ្នកដែលចង់ចូលរួមក្នុងគម្រោងរបស់លោកថា “ជំនាញដែលសំខាន់បំផុតនោះគឺ ការធ្វើការជាក្រុម។ អ្នករាល់គ្នាត្រូវតែជាក្រុមដែលល្អបំផុត ព្រោះថា ជីវភាពរបស់អ្នករាល់គ្នាគឺអាស្រ័យលើគ្នាទៅវិញទៅមក។ នេះគឺជាប្រការសំខាន់នៃបេសកកម្មនេះ”៕
ប្រែសម្រួល ៖ តារាប្រភព ៖ CNN