របាយការណ៍សារព័ត៌មានមួយចេញផ្សាយដោយបេសកកម្មអង្គការសហប្រជាជាតិប្រចាំក្រុងព្យុងយ៉ាង បានចោទប្រកាន់អាមេរិកថា បានព្យាយាមដាក់គំនាបឱ្យបណ្ដាប្រទេសលើសកលលោកអនុវត្ដទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។

/

របាយការណ៍នោះឱ្យដឹងថា អាមេរិក និងបណ្ដាប្រទេសចំនួន ២៣ ទៀតបានផ្ញើសារលិខិតមួយច្បាប់ជូនគណកម្មាធិការនៃក្រុមប្រឹក្សាអង្គការសហប្រជាជាតិ ទទួលបន្ទុកគ្រប់គ្រងលើទណ្ឌកម្មចំពោះកូរ៉េខាងជើង ដោយស្នើឱ្យអង្គការនេះ ចាត់វិធានការជាបន្ទាន់ចំពោះលេសដោះសារមិនសមហេតុផលរបស់កូរ៉េខាងជើង ក្នុងការនាំចូលផលិតផលប្រេងចម្រាញ់លើសការកំណត់របស់ខ្លួន ។

ជាក់ស្ដែង ប្រទេសនេះ ទទួលការអនុញ្ញាតឱ្យនាំចូលប្រេងប្រចាំឆ្នាំត្រឹមកម្រិត ៥០០,០០០ បារ៉ែលប៉ុណ្ណោះ ដែលបរិមាណនេះ គ្រប់គ្រាន់សម្រាប់សេដ្ឋកិច្ចរបស់ខ្លួន ។

/

បេសកម្មអង្គការសហប្រជាជាតិប្រចាំកូរ៉េខាងជើង និយាយថា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង អាឡឺម៉ង់ បានបញ្ជូនសារលិខិតរួមមួយទៅកាន់រដ្ឋជាសមាជិក UN ទាំងអស់កាលពីថ្ងៃទី ២៩ ខែមិថុនា ដោយអំពាវនាវឱ្យបញ្ជូនពលករកូរ៉េខាងជើង ដែលធ្វើការក្រៅប្រទេសឱ្យវិលមកប្រទេសកំណើតវិញ ដែលនេះជារូបភាពឆ្លុះបញ្ចាំងពីការដាក់ទណ្ឌកម្ម និងសម្ពាធប្រឆាំងនឹងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យរបស់ប្រទេសកូរ៉េខាងជើង(DPRK) ។

នាថ្ងៃនោះដែរ លោកត្រាំ ចេញនូវសេចក្ដីអញ្ជើញដ៏អស្ចារ្យមួយ ដើម្បីជំនួបជាមួយលោកគីម នៅតំបន់គ្មានកងទ័ពរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង ។ លោកគីម បានយល់ព្រមចំពោះការអញ្ជើញ ហើយនៅកិច្ចប្រជុំរបស់អ្នកទាំងពីរកាលពីថ្ងៃអាទិត្យ លោកត្រាំ បានក្លាយជាប្រធានាធិបតីអាមេរិកដំបូងគេ ដែលឈានជើងជាន់ព្រំដែនខណ្ឌសីមារបស់កូរ៉េខាងជើង ។

 អ្នកទាំងពីរបានព្រមព្រៀងគ្នា ផ្ដើមឡើងវិញនូវកិច្ចចចារនានា ដែលធ្វើឡើងដើម្បីដកសព្វាវុធនុយក្លេអ៊ែពីឧបទ្វីបកូរ៉េ ហើយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បានចាត់ទុកកិច្ចប្រជុំរបស់ប្រធានាធិបតីទាំងពីរថា ជាព្រឹត្ដិការណ៍ដ៏អស្ចារ្យកម្រមាន។

 ប៉ុន្ដែទោះជាយ៉ាងណាកិច្ចប្រជុំកំពូលរវាងលោកត្រាំ និងលោកគីមនៅសិង្ហបុរី និងវៀតណាមកន្លងទៅនេះ អាមេរិកនៅតែរក្សាការដាក់គំនាបលើបណ្ដាប្រទេសនានាឱ្យអនុវត្ដការដាក់ទណ្ឌកម្មលើកូរ៉េខាងជើង ។

បេសកកម្មកូរ៉េខាងជើងនិយាយថា៖ “វាជារឿងគួរឱ្យអស់សំណើចសម្រាប់អាមេរិក ក្នុងការបន្ដនឹកគិតមិនភ្លេចនូវការដាក់ទណ្ឌ និងយុធ្ធនាការដាក់សម្ពាធប្រឆាំងនឹងកូរ៉េខាងជើង ដោយចាត់ទុកការដាក់ទណ្ឌកម្មថា ជាដំណោះស្រាយចំពោះគ្រប់បញ្ហា” ៕

 

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ news.sky