ស្រ្ដី និងក្មេងស្រីជនជាតិកូរ៉េខាងជើងរាប់ពាន់នាក់  ត្រូវបានបង្ខំឱ្យបម្រើការអាជីវកម្មផ្លូវភេទ នៅប្រទេសចិន។ នេះបើយោងតាមរបាយការណ៍ថ្មីមួយ ធ្វើឡើងដោយអង្គការសិទ្ធិមនុស្ស ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ប្រទេសអង់គ្លេស ។

ជារឿយៗ ស្រ្ដី និងកុមារីទាំងនោះ ត្រូវបានចាប់ពង្រាត់ និងត្រូវបានជួញដូរឱ្យធ្វើជាស្រីពេស្យា ឬត្រូវបានបង្ខំឱ្យរៀបការជាមួយបុរសជនជាតិចិន នេះបើតាមការឱ្យដឹងរបស់អង្គការផ្ដួចផ្ដើមអនាគតកូរ៉េ(Korea Future Initiative) ។

/

អង្គការខាងលើនិយាយថា ការជួញដូរផ្លូវភេទនោះ មានតម្លៃរហូតដល់ ១០០ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំសម្រាប់ឧក្រិដ្ឋកម្មជាក្រុមបែបនេះ ។

របាយការណ៍បន្ថែមថា ជាញឹកញយ ស្រ្ដីទាំងនោះត្រូវបានបង្ខាំងទុក ដោយសាររដ្ឋាភិបាលចិន បញ្ជូនស្រ្ដីកូរ៉េខាងជើងទៅប្រទេសរបស់ខ្លួនវិញ ដែលក្រោយមកពួកគេប្រឈមនឹងការធ្វើទារុណកម្ម នៅឯប្រទេសរបស់ខ្លួន ។

អ្នកនិពន្ធរបាយការណ៍អ្នកស្រី Yoon Hee-soon បាននិយាយថា៖ “ស្រ្ដីរងគ្រោះទាំងនោះ ត្រូវបានឱ្យបម្រើផ្លូវភេទក្នុងតម្លៃទាបបំផុតត្រឹមតែ ៣០ យ័នចិន(៤.៣០ ដុល្លារអាមេរិក) លក់ឱ្យធ្វើជាប្រពន្ធតម្លៃ ១,០០០ យ័ន និងបញ្ចូលរូបភាពក្ដៅសាច់ចូលទៅក្នុងប្រព័ន្ធអនឡាញដើម្បីធ្វើអាជីវម្មផងដែរ”។

របាយការណ៍បន្ថែមថា ស្រ្ដីរងគ្រោះទាំងនោះ ត្រូវបានគំរាមកំហែង លក់ ចាប់ពង្រាត់ នៅក្នុងប្រទេសចិន ឬត្រូវបានជួញដូរដោយផ្ទាល់ពីប្រទេសកូរ៉េខាងជើង ។ ស្រ្ដីភាគច្រើនត្រូវបានលក់លើសពីម្ដង និងត្រូវបានបង្ខំ ឱ្យធ្វើជាទាសករផ្លូវភេទយ៉ាងតិចម្ដងក្នុងមួយឆ្នាំ ក្រោយចាកចេញពីប្រទេសកំណើតរបស់គេ ។

ស្រ្ដីជាច្រើន ត្រូវបានដាក់ឱ្យធ្វើជាទាសករផ្លូវភេទ នៅក្នុងផ្ទះបន នៅក្នុងសង្កាត់ ប៉ែកឦសានប្រទេសចិន ដែលជាសំបុកពលករចំណាកស្រុកដ៏ធំមួយ ។   

ក្មេងស្រី ដែលមានអាយុត្រឹម ៩ ឆ្នាំ និងស្រ្ដីដែលធ្វើការនៅក្នុងឧស្សាហកម្មផ្លូវភេទតាមអនឡាញ ត្រូវបានបង្ខំអោយសម្ដែងរួមភេទ និង ត្រូវបានរំលោភបំពានផ្លូវភេទ នៅពីមុខ Webcams ។ អ្នកចូល Subscribe ត្រូវបានគេស្គាល់ថា ជាជនជាតិកូរ៉េខាងត្បូង ។

ស្រ្ដី ដែលត្រូវបានបង្ខំឱ្យរៀបការ ភាគច្រើនត្រូវបានគេដាក់លក់នៅតាមតំបន់ជនបទ ក្នុងតម្លៃពី ១០០០ ទៅ ៥០០០ យ័ន និងត្រូវបានរំលោភសេពសន្ទវៈ ​និងបង្ខំដោយប្ដីរបស់គេ។ ក្រុមអង្គការសិទ្ធិមនុស្សខាងលើ ប្រមូលព័ត៌មានទាំងនេះបានពីជនរងគ្រោះ នៅប្រទេសចិន និងស្រ្ដីដែលរត់គេចខ្លួនរួចពីសំណាញ់គុកកម្ម នៅកូរ៉េខាងត្បូង ។

/

របាយការណ៍បានដកស្រង់សម្ដីស្រ្ដីម្នាក់ឈ្មោះ Pyon មកពីទីក្រុង Chongjin កូរ៉េខាងជើងមកនិយាយថា៖” ខ្ញុំត្រូវបានគេលក់ទៅឱ្យផ្ទះបនមួយកន្លែងជាមួយនឹងស្រ្ដីជនជាតិកូរ៉េខាងជើង ៦ នាក់ទៀតនៅឯសណ្ឋាគារមួយ។ ពួកយើងពុំត្រូវបានឱ្យបរិភោគអាហារគ្រប់គ្រាន់នោះទេ និងត្រូវបានគេធ្វើបាប...ក្រោយរយៈពេល ៨ ខែ គ្នាយើងពាក់កណ្ដាល ត្រូវបានគេលក់ម្ដងទៀត ។ ឈ្មួញ បានប្រព្រឹត្ដអំពើស្មោកគ្រោកជាច្រើនរូបភាពមកលើខ្ញុំ” ។

“នៅពេលខ្ញុំមកដល់ផ្ទះបនថ្មី រាងកាយរបស់ខ្ញុំពោរពេញទៅដោយស្នាមជាំ ។ ឈ្មួញ ត្រូវបានក្រុមជើងកាងវាយធ្វើបាប និងយកកាំបិតចាក់ជើង”។

ស្រ្ដីម្នាក់ទៀតឈ្មោះ គីមបាននិយាយថា៖” មានជនជាតិកូរ៉េខាងត្បូងជាច្រើននាក់នៅទីក្រុង Dalian ប្រទេសចិន។ យើងបានដាក់កាតផ្សព្វផ្សាយ នៅខាងក្រោមទ្វារ ក្នុងសណ្ឋាគារ ។ កាតទាំងនោះត្រូវបានសរសេរជាភាសាកូរ៉េ និងផ្សព្វផ្សាយនូវអ្វីដែលយើងផ្ដល់ជូនអតិថិជន។ ភាគច្រើនយើងត្រូវបានមេបននាំទៅបារផ្សេងៗ” ។

“ក្រុមហ៊ុនកូរ៉េខាងត្បូង ត្រូវការស្រ្ដីបម្រើផ្លូវភេទជនជាតិកូរ៉េខាងជើង សម្រាប់ពាណិជ្ជកររបស់គេ ។ ការធ្វើជាស្រីពេស្យា គឺជាបទពិសោធន៍ដំបូង ដែលបានជួបបុរសជនជាតិកូរ៉េខាងត្បូង”

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ BBC