យន្ដហោះចម្បាំង F-18 ចំនួន ២គ្រឿង កាលពីព្រឹកមិញនេះ ត្រូវបានគេបញ្ជាឱ្យចេញប្រតិបត្តិការដើម្បីវែកមុខនាវាអាថ៌កំបាំង ១គ្រឿង ដែលកំពុងស្ថិតនៅលំហសមុទ្រក្បែរក្រុង Brisbane ប្រទេសអូស្ដ្រាលី ជាកន្លែងដែលមានមេដឹកនាំពិភពកំពុងចូលរួមក្នុងកិច្ចប្រជុំ G20 ។

យោងតាម Sunshine Coast Daily យន្ដហោះចម្បាំង F-18 ខាងលើនេះ បានហោះទៅកាន់ដែនអាកាសនៃកោះ Bribie ខណៈនាវាកងទ័ពជើងទឹក ១គ្រឿង កំពុងបម្លាស់ទីជុំវិញនាវាអាថ៌កំបាំង ១គ្រៀង នៅឈូងសមុទ្រ Moreton ។
Australian News Network ចេញផ្សាយថា នាវាអាថ៌កំបាំងខាងលើ ត្រូវបានគេរកឃើញថា មិនបង្កគ្រោះថ្នាក់ បើទោះជាមិនទាន់មានសេចក្ដីប្រកាសជាផ្លូវការណាមួយពីកម្លាំងការពារជាតិរបស់អូស្ដ្រាលី។

កាលពីវេលាម៉ោង ៨ និង៣០នាទីព្រឹកមិញនេះ ប្រព័ន្ធតាមដាននាវា Ship Finder បានរកឃើញថា មាននាវា ២គ្រឿង ចតនៅក្បែរឆ្នេរសមុទ្រនៃកោះ Bribie ។ ក្នុងនោះ ១គ្រឿង ត្រូវគេដឹងថា ជានាវានៃកងទ័ពជើងទឹករបស់អូស្ដ្រាលី ចំណែកនាវា ១គ្រឿងទៀត គឺ Hugli Spirit ដែលកំពុងដឹកទំនិញគីមី ពី Bahamas ។
កងកម្លាំងសន្ដិសុខរបស់អូស្ដ្រាលី កំពុងតែមានការប្រុងប្រយ័ត្នខ្ពស់ ស្របពេលក្រុមមេដឹកនាំពិភពលោក កំពុងចូលរួមកិច្ចប្រជុំកំពូលនៃបណ្ដាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើន និងទើបរីកចម្រើន (G20) នៅ Brisbane ។ នគរបាលចំនួន ៦.០០០នាក់ ត្រូវបានដាក់ពង្រាយ នៅគ្រប់កន្លែង ជាងនេះ ទាហាន និងអ្នកស្ម័គ្រចិត្ត ក៏ត្រូវបានគេដាក់ពង្រាយដើម្បីជួយរក្សាសន្តិសុខផងដែរ។

តាមគម្រោង នៅព្រលប់ថ្ងៃនេះ ក្រុង Brisbane នឹងមានការកកស្ទះច្រើនកន្លែង នៅពេលមេដឹកនាំនៃប្រទេសចំនួន ២០ ក្នុងចំណោម ២៦ នឹងចាកចេញពីទីក្រុង បន្ទាប់ពីកិច្ចប្រជុំ G20 បានបញ្ចប់។ ក្រុមសន្តិសុខ បុគ្គលិកនៃស្ថាប័នពាក់ព័ន្ធ នឹងធ្វើការ ២៤ម៉ោងលើ២៤ម៉ោង ដើម្បីធ្វើឱ្យទីក្រុងនេះ វិលមកសភាពធម្មតា៕
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Daily Mail