(អូស្ត្រាលី)៖ ខណៈនេះទឹកជំនន់ នៅទីក្រុងប៉ារីសប្រទេសបារាំង នៅមិនទាន់ធូរស្រាលនៅឡើយទេ ក៏ដូចជាបណ្តាប្រទេសមួយចំនួនទៀត នៅតំបន់អឺរ៉ុប ប៉ុន្តែបើងាកមកមើលអូស្ត្រាលីវិញ រដ្ឋាធានីកង់បេរ៉ា របស់ប្រទេសនេះវិញ កំពុងតែទទួលរងទឹកជំនន់វាយប្រហារយ៉ាងសន្ធាប់ បណ្តាលឲ្យមនុស្សម្នាក់ហើយ បាត់បង់ជីវិតដោយសារលង់ទឹក។ នេះបើតាមការចេញផ្សាយ ដោយស៊ិនហួរ នាព្រឹកថ្ងៃចន្ទ ទី០៦ ខែមិថុនា ឆ្នាំ២០១៦។

តំបន់ភាគខាងត្បូង និងខាងកើតប្រទេសអូស្ត្រាលី បានទទួលរងឥទ្ធិពលពីព្យុះភ្លៀង បានបណ្តាលឲ្យ ដាច់ចរន្តអគ្គិសនី និង សេវាកម្មនានាផ្សេងទៀត។ បន្ថែមពីនេះទៀត ទឹកជំនន់បាននិងកំពុងបង្ក គ្រោះមហន្តរានៅរដ្ឋ Queensland និង ជាយទីក្រុងស៊ីដនី ព្រមទាំងរដ្ឋធានីកង់បេរ៉ា ផងដែរ។ អាជ្ញាធរ បានសម្រេចប្រកាសឲ្យប្រជាជនក្នុងរដ្ឋខាងលើ និងរដ្ឋមួយចំនួនទៀតដូចជា Victoria និង Tasmania បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកជំនន់ ខណៈរដ្ឋ New South Wales ក៏បានប្រកាសដូចគ្នា។

ងាកទៅមើលតំបន់អឺរ៉ុបវិញ គិតត្រឹមថ្ងៃអាទិត្យម្សិលមិញនេះ មនុស្ស ៤នាក់បានស្លាប់ដោយ​សារទឹក ជំនន់នៅទីក្រុងប៉ារីស ដែលនាំឲ្យមនុស្សស្លាប់ដោយគ្រោះធម្មជាតិ នៅអឺរ៉ុបទាំងមូលកើនឡើងដល់ជាង ២០នាក់។ ដោយឡែកប្រទេសអាល្លឺម៉ង់ បានទទួលរងគ្រោះខ្លាំងជាងគេ ដោយមានមនុស្សស្លាប់ ដោយសារទឹកជំនន់ចំនួន ១០នាក់៕

/

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី