Apple នឹងចុះអន់ថយបន្តិចម្តងៗក្នុងយុគសម័យដែលគ្មាន Steve Jobs ,លោក George ColonyCEO របស់ក្រុមហ៊ុនស្រាវជា្រវ Forrester Research បានធ្វើការបញ្ចេញមតិនៅលើ blog មួយនាពេលថ្មីៗកន្លងមកនេះ។ ហើយខាងក្រោមនេះគឺជាមូលហេតុ ៖តាមលោក Colony អោយដឹងថា ក្រុមហ៊ុនផលិត iPhone និង iPad នឹងនៅមានចំណុចកំពូលក្នុងកំឡុងពេលប៉ុន្មានឆ្នាំខាងមុខទៀតនេះ ប៉ុន្តែការចាកចេញទៅរបស់អតីត CEO លោក Steve Jobs កាលពីកំឡុងខែតុលា ឆ្នាំ ២០១១ កន្លងទៅគឺបានបន្សល់ទុកនូវកន្លែងចំហរមួយយ៉ាងធំដែលមិនអាចធ្វើការប៉ះប៉ូវបានវិញនោះឡើយ ពីព្រោះអ្នកស្នងតំណែងរបស់លោក, CEO Tim Cook គឺមិនមានទេពកោសល្យអស្ចារ្យដូចលោក Jobs នោះទេ។ការខ្វះអ្នកដឹកនាំដ៏ចំណាន នឹងជំរុញអោយ Apple ពីក្រុមហ៊ុនស្ថិតក្នុងលំដាប់ប្រសើរបំផុតមកត្រឹមលំដាប់ល្អ ជាមួយនឹងការធ្លាក់ចុះនូវប្រាក់ចំណូល និងសមត្ថភាពបំលាស់ប្តូរថ្មីនៃសមិទ្ធិផល,លោកColony សរសេរនៅលើ Blog ។កាលពីពេលថ្មីៗនេះ Apple បានធ្វើការប្រកាសអំពីការចំណេញរបស់ខ្លូននៅក្នុងរយៈពេលបីខែដំបូងក្នុងឆ្នាំ ២០១២ នេះគឺមានលទ្ធផលល្អជាមួយនឹងចំនួន ៣៥,១ លានគ្រឿងទូរស័ព្ទ iPhone ដែលបានលក់ចេញ (គឺច្រើនជាងការព្យាករណ៍របស់អ្នកពិភពបច្ចេកវិទ្យា) ។ Apple ក៏បានប្រកាសដែរថាខ្លួនលក់បានចំនួន ១១,៨ លានគ្រឿងនៃឧបករណ៍ iPad, ៤លានគ្រឿងកុំព្យូទ័រ Mac និងចំនួន៧,៧ លានគ្រឿង iPod ។

width=500

ប៉ុន្តែតាមការពណ៌នារបស់លោក Colony ថាវាសនាយូរអង្វែងរបស់ Apple នេះក៏នឹងមានលក្ខណៈប្រហាក់ប្រហែលគ្នានឹងក្រុមហ៊ុនបច្ចេកវិទ្យាធំៗមួយចំនួនដូច្នោះដែរ ដូចជា Sony និង Kodak នៅពេលដែលក្រុមហ៊ុនទាំងនោះបាត់បង់នូវថ្នាក់ដឹកនាំដ៏ប៉ិនប្រសប់ រឺក៏ដូច Disney ក្នុងរយៈពេល ២០ឆ្នាំនៅក្រោយពេល Walt Disney លាចាកលោកនេះ។ តាមលោក Colony, Tim Cook មិនសាកសមនឹងស្នងតំណែងបន្តពី Steve Jobs ដើម្បីដឹកនាំ Apple នោះទេ ពីព្រោះវិធីសាស្ត្រដឹកនាំរបស់គាត់មិនសាកសមជាមួយនឹងអង្គភាពដែលមានភាពច្នៃប្រឌិតក្នុងការបង្កើតផលិតផលដែលមានគុណភាពខ្ពស់នោះឡើយ។ លោក Colony អោយដឹងទៀតថាបណ្តាថ្នាក់ដឹកនាំផ្សេងទៀតដូចជា Jon Ive និង Scott Forstall គឺមានភាពសាកសមជាងក្នុងការស្នងតំណែងពីលោក Steve Jobs, ពីព្រោះពួកគេមានទេពកោសល្យខ្ពស់ក្នុងការធ្វើអោយ Apple មានភាពទាក់ទាញ។លោក George Colony បង្កើត Forrester -ក្រុមហ៊ុនស្រាវជ្រាវបច្ចេកវិទ្យាទូទាំងពិភពលោកនៅឆ្នាំ១៩៨៣ ។ Forrester ត្រូវបានគេវាយតំលៃថាគឺជាក្រុមហ៊ុនវិភាគមួយក្នុងចំណោមក្រុមហ៊ុនវិភាគទាំងឡាយដែលទទួលបានកិត្តិនាមបំផុតស្តីអំពីទីផ្សារបច្ចេកវិទ្យា៕                                                                                                   ប្រភព៖ ICTnews                                                                                                   ដោយ៖ រស្មី