យោងតាមប្រភពព័ត៌មានផ្ទៃក្នុង ដែលបានផ្គត់ផ្គង់ដោយ Wzor បានឲ្យដឹងថា Microsoft នឹងធ្វើការ បង្ហាញណែនាំ Windows 9 នៅរដូវស្លឹកឈើជ្រុះ ពោលចុងឆ្នាំនេះ។ វាអាចត្រូវនឹងខែ តុលា ព្រោះថា នេះគឺជាពេលវេលា ដែលក្រុមហ៊ុនធ្លាប់ធ្វើការបង្ហាញណែនាំ Windows 7 និង Windows 8។

ព័ត៌មានខាងលើ់បានបង្ហាញឲ្យឃើញថា Windows 9 នឹងបង្ហាញណែនាំឆាប់ជាងព័ត៌មានលេចឮ កាលពីពេលមុន ដែលថាវានឹងបង្ហាញ​ នៅក្នុងខែមេសា ឆ្នាំ២០១៥។ បើតាមរបាយការណ៍មុននេះ Windows 8.1 នឹងទទួលបានវើហ្សិនអាប់ឌេត GDR1, Windows Phone នឹងបង្ហាញណែនាំវើហ្សិន 8.1 នៅក្នុងសន្និសិទ Build 2014 របស់ Microsoft។

ប្រភពបានឲ្យដឹងបន្ថែមថា Microsoft នឹងនិយាយច្រើនជាងនេះ អំពី Windows 9 នៅក្នុងសន្និសិទ ខាងមុខនេះ។ កាលពីដំបូង Windows 9 ត្រូវបានគេរំពឹងថា នឹងបង្ហាញណែនាំនៅដើមឆ្នាំ ២០១៥ រួម ជាមួយនឹង Windows Phone 9 និងវើហ្សិនអាប់ឌេតថ្មីដល់ Xbox One។ ក្រៅពីនេះ Windows RT ក៏អាចនឹងរួមបញ្ចូលគ្នា ជាមួយនឹង Windows Phone ផងដែរ។

/

សន្និសិទបច្ចេកវិទ្យា Microsoft Build 2014 នឹងប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី ០២ ខែមេសា ដល់ថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០១៤ ខាងមុខនេះ នៅ San Francisco សហរដ្ឋអាមេរិច៕

ប្រែសម្រួល៖ សិលាប្រភព៖ vexpress