កាលពី​ព្រលប់​ថ្ងៃ​ទី​១២​ខែកញ្ញា​ឆ្នាំ​២០១២​នេះ​ ផ្ទះ​ប្រជាពលរដ្ឋ​មួយ​កន្លែង​កំពុង​ប្រារព្ធ​ពិធី​បង្កក់ខែ​កូន​ ដោយ​មានការ​ជួបជុំ​មិត្ត​មនុស្ស​យ៉ាងច្រើន​កុះករ​ ស្រាប់តែ​មាន​រថយន្ត​ដឹក​ចេក​ដ៏​ធំ​មួយរត់​សំដៅ​ចូល​បុក​របង​ផ្ទះ​ ធ្លាយ​ចូល​ទៅ​រក​ហ្វូង​មនុស្ស ​ដោយ​មិន​មាន​ឮ​សូរ​សំឡេង​ ធ្វើ​ឲ្យ​មនុស្ស​ផ្អើល​រត់​ជាន់​គ្នា​ ប៉ុន្តែ​មិន​មាន​ភ្ញៀវ​ណា​ម្នាក់​រង​របួស​នោះ​ទេ​ ដោយ​គ្រាន់តែ​បង្ក​ការ​ខូចខាត​ទ្រព្យសម្បត្តិ​ប៉ុណ្ណោះ​។​

width=395

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅផ្ទះ​ ឈ្មោះ​ ដាង ​គឹ​ម​អ៊ុ​ក​ ដែលស្ថិត​នៅ​ក្នុង​ក្រុម​២២​ ភូមិ​១​ សង្កាត់​លេខ​២​ ក្រុងព្រះសីហនុ​  និង​បង្ក​ឡើង​ដោយ​រថយន្ត​ដឹក​ចេក​ម៉ាក​អ៊ី​ស៊ុ​យ​ស៊ុ​យ​១​គ្រឿង​ នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រលប់​ថ្ងៃ​ទី​១២ ​ខែកញ្ញា​ ។​

​មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​លេខ ​២​ ក្រុងព្រះសីហនុ​បាន​ឲ្យ​ដឹង​ថា​ រថយន្ត​បង្កហេតុ​នោះ ​ជា​រថយន្ត​ដឹក​ចេក​មក​ពី​ខេត្តកំពង់ចាម​យក​មក​លក់​នៅ​ក្រុងព្រះសីហនុ​ នៅ​ពេល​កើតហេតុ​អ្នកបើកបរ​ជា​ឪពុក​បាន​ពន្លត់​ម៉ាស៊ីនរថយន្ត​ ហើយ​ដាក់​លេខ​ទប់​ ដោយ​មិន​បាន​ដាក់​ហ្វ្រាំង​ដៃ​ទេ ​បន្ទាប់​មក​ក៏​ចុះ​ទៅ​គិតលុយ​ពី​ម៉ូយ​នៅ​ចំណុច​កើតហេតុ​ខាងលើ​ ដោយ​ទុក​កូនប្រុស​២​នាក់​នៅ​ក្នុង​កាប៊ី​ន​ឡាន ​(​បង​អាយុ​ជាង​១០​ឆ្នាំ​និង​ប្អូន​អាយុ​ជិត​១០​ឆ្នាំ​)​ដោយ​កូន​ទាំង​ពីរ​ នាក់​នោះរ​ពិស​ដៃ​ បាន​រុញ​ដៃ​លេខ​លេង​ក៏​របូត​ ធ្វើ​ឲ្យ​រថយន្ត​រអិល​ចុះ​ចំណោទ​យ៉ាង​លឿន​ សំដៅ​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​កំពុង​ប្រារព្ធ​បង្កក់កូន​ដោយ​មាន​ភ្ញៀវ​ច្រើន​ គួរសម​ ផ្អើល​រត់​ជាន់​ជើង​គ្នា​តែ​ម្តង​។​

width=371

​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ព្រះ​ សីហ​នុ​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា ​រថយន្ត​ដឹក​ចេក​បង្កហេតុ​នោះ​មាន​ស្លាក​លេខ​ក្រចេះ​ 3A-0225​ ក្រៅពី​នោះ​ពុំ​មាន​ព​ត៌​មាន​លំអិត​ទេ​ ព្រោះ​គេ​ដោះ​លែង​រថយន្ត​នោះ​ទៅ​បាត់​ហើយ​ដែរ​។

នេះគឺជាហេតុការណ៍មួយដែលពុកម្ដាយទាំងឡាយគួរតែប្រុងប្រយ័ត្ន នៅពេលទុកកូនអោយនៅក្នុងរថយន្ដ ឬម៉ូតូ ដែលមានសោនៅទីនោះ។ ភាពរពិសដៃជើងរបស់កូនៗ អាចបង្កអោយមានគ្រោះថា្នក់ដែលយើងនឹកស្មានមិនដល់៕

ដោយ ៖ វិចិត្រប្រភព ៖ NKV