(ភ្នំពេញ)៖ សំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ បុកមនុស្សស្លាប់ម្នាក់ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦នេះ របស់តារាចម្រៀងល្បីឈ្មោះ ក្នុងស្រទាប់យុវវ័យ លោក ខេម បានលេចចេញជាពន្លឺបណ្ដើរៗហើយ ខណៈដែលប្រភពព័ត៌មានច្បាស់ការណ៍មួយ បានបង្ហើបឲ្យដឹងថា ក្រុមគ្រួសារតារាចម្រៀង ខេម ព្រមចូលខ្លួនដោះស្រាយបញ្ចប់រឿង ដោយបានផ្ដល់សំណង​ ចំនួន៤​ពាន់ដុល្លារ​ ខណៈដែលគ្រួសារជនរងគ្រោះ បានទារសំណងជំងឺចិត្ត រហូតដល់ទៅ​២៥០០០ដុល្លារ។

ដោយសារចំនួនទឹកប្រាក់ដែល ខេម ផ្ដល់ជូន និងចំនួនទឹកប្រាក់ ដែលក្រុមគ្រសារជនរងគ្រោះទារជាសំណង នៃការខូចខាត រហូតដល់ថ្នាក់បាត់បងជីវិតទៀតនោះ មានលក្ខណៈខុសគ្នាឆ្ងាយពេក ទើបនៅថ្ងៃទី២៧ ខែឧសភានេះ ភាគីទាំងពីរនឹងជួបពិភាក្សាគ្នា រកដំណោះស្រាយបន្ថែមទៀត ដើម្បីឈានទៅរកការព្រមព្រៀង ក្នុងទំហំទឹកប្រាក់ ដ៏សមរម្យណាមួយ ដែលអាចទទួលយកបាន​ ទាំងសងខាង។

លោក លី ម៉ាត់លី បងប្រុសបង្កើតរបស់ជនរងគ្រោះ ស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បានថ្លែងប្រាប់​ Khmertalking នៅមុននេះបន្តិចថា ជាការពិតក្រុមគ្រួសារបស់លោក បានទារសំណងពីភាគីតារាចម្រៀង ខេម ចំនួន​២៥០០០ដុល្លារ ពិតមែន ហើយសំណងនេះ លោកនឹងយកមកចំណាយទៅលើ ការរត់ការឯកសារច្បាប់ ការចំណាយធ្វើបុណ្យសព សងការខូចខាតផ្សេងៗ និងការធ្វើនិក្ខេបទ​ស្ដីពីគ្រោះថ្នាក់ចរាចរណ៍ ទុកឲ្យក្មេងៗជំនាន់ក្រោយបានដឹង ។ ប៉ុន្តែទោះបីជាយ៉ាងណា រហូតមកដល់ពេលនេះ ការចរចា នៅតែបន្ដមានដដែល ព្រោះខាងគ្រួសារតារាម្រៀង ខេម មិនបានយល់ព្រមតាមការស្នើ និងទាមទារនោះទេ។

បងប្រុសបង្កើត​​ របស់​ជនរងគ្រោះដដែល បានបន្តថា នៅថ្ងៃនេះលោកកំពុងតែរង់ចាំ ការជួបចរចាគ្នាជាថ្មីទៀត ដើម្បីឈានទៅរកកិច្ច​ព្រមព្រៀង ក្នុងទំហំទឹកប្រាក់​ណាមួយ ដែលអាចទទួលយក​បាន​ទាំងសងខាង ព្រោះលោកគិតថា លោកក៏រវល់​នឹងការងារច្រើន ចំណែកភាគីគ្រួសារ ខេម ក៏រវល់នឹងការងារ​ច្រើន​ដូចគ្នា ពោលគឺខាងលោក មិនចង់វែងឆ្ងាយ​ទៀតទេ នាំឲ្យខាងបង់ពេលវេលា។

​ដោយឡែកភាគីតារាចម្រៀង ខេម នៅថ្ងៃនេះ​ Khmertalking នៅមិនអាចទំនាក់ទំនង ដើម្បីសុំការបកស្រាយ ឬបំភ្លឺជុំវិញរឿងនេះ បានទេ ខណៈដែលលេខទូរស័ព្ទ ត្រូវបានបិទ តាំងពីថ្ងៃជួបគ្រោះថ្នាក់មកម្ល៉េះ។

​ទោះបីជាយ៉ាងណា ប្រភពព័ត៌មានពី​អ្នក​​សិល្បៈនៅជុំវិញ តារាចម្រៀង ខេម បានបង្ហើបថា ការផ្ដល់សំណងចំនួន៤ពាន់ដុល្លារនេះ គឺ​សំអាងថា​​រថយន្ត​ជនរងគ្រោះ​ ជិះ​ចូល​ផ្លូវ​អាទិភាព​របស់រថយន្តតារាចម្រៀង ខេម បង្កឲ្យមានគ្រោះថ្នាក់​ ចរាចរណ៍នេះ​កើតឡើង ជាពិសេសគឺយោងទៅលើរបាយការណ៍ របស់សមត្ថកិច្ចចរាចរណ៍ ហើយ ខេម ក៏បានរងរបួស និងខាតបង់ទ្រព្យសម្បត្តិ​ច្រើនដែរ ជាពិសេសការ​លុបចោល​​កម្ម​វិធី​ប្រគំ​តន្រ្តីនានា ដែលជាប្រភព​ចំណូល​ដ៏សំខាន់របស់ខ្លួន៕

width=730

width=730

ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង