ភ្នំពេញ៖ អតិថិជនរបស់ក្រុមហ៊ុនទូរស័ព្ទចល័ត Smart បានសម្តែងនូវក្តីធុញទ្រាន់ និងខឹងសម្បារយ៉ាងខ្លាំងចំពោះ ប្រព័ន្ធអ៊ីនធឺណេតដ៏យឺតបំផុត និងមានភាពរអាក់រហួល របស់ក្រុមហ៊ុនទូរស័ព្ទ Smart ដោយពួកគេថា បានធ្វើរាំងស្ទុះការងារក៏ដូចជាការលេង បណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុកពួកគេជាដើម។ ភាពធុញទ្រាន់របស់អតិថិជន ក្រុមហ៊ុន Smart នេះ ត្រូវបានគេប្រើបណ្តាញ សង្គមហ្វេសប៊ុក ដើម្បីរិះគន់ដោយមិនសំចៃមាត់។

អតិថិជនម្នាក់ឈ្មោះស្រីលីន បាននិយាយថា ដោយសារតែក្រុមហ៊ុនទូរស័ព្ទ Smart ប្រើប្រាស់អស់លុយតិច ដោយមានកម្មវិធីដូរលុយ និងកម្មវិធីជាច្រើនទៀត និយាយអត់តិច ទើបខ្លួនជ្រើសរើស យកប្រព័ន្ធនេះ តែមិនដឹងថា ការប្រើប្រាស់អ៊ីនធឺណេតវិញ គឺយឺតមែនទែន អន់ដល់កម្រិត សូន្យតែម្តង។ បញ្ហាអ៊ីនធឺណេតយឺតរបស់ក្រុមហ៊ុន Smart នេះ កើតឡើង ចាប់ពីថ្ងៃទី២១ រហូតដល់ថ្ងៃនេះ ក៏នៅរអាក់រអួលដដែល។

អ្នកលេងហ្វេសប៊ុកជាច្រើននាក់ផ្សេងទៀត បានបញ្ចេញមិតស្រដៀងគ្នាថា គេពិតជា ឈឺក្បាលខ្លាំងណាស់ ចំពោះសេវាអ៊ីធឺណេតរបស់ក្រុមហ៊ុន Smart ដោយគេចង់បង្ហោះរូប ក៏មិនចេញ បើកមើលព័ត៌មានក៏ពិបាកទៀត។

លើសពីនេះពួកគេបានអំពាវនាវ ឲ្យក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលគ្រប់គ្រង លើផ្នែកនេះ មេត្តាជួយដោះស្រាយបញ្ហានេះ និងចាត់វិធានការចំពោះក្រុមហ៊ុន Smart ដែលមិនអាចបំពេញ សេវាកម្មរបស់ខ្លួនបានល្អ ដូចការសន្យា។

ចំពោះការរិះគន់ ពាក់ព័ន្ធនឹងសេវាយឺតយ៉ាវរបស់ ក្រុមហ៊ុន Smart ខាងលើនេះ LookingTODAY មិនអាចទាក់ទងបានទេពី តំណាងក្រុមហ៊ុន កាលពីព្រឹកថ្ងៃទី២៤ ខែ សីហា ឆ្នាំ២០១៣ នេះ៕

Photo

ដោយ៖ LookingTODAYផ្តល់សិទ្ធិដោយ៖ ដើមអំពិល