លោកអ្នកបានឃើញរូបភាពខាងលើនេះហើយ រូបភាពដ៏ស្រងោចនៃក្មេងស្រីម្នាក់ដែលមានរបួសក្មេងស្រីម្នាក់នេះឈ្មោះ ម៉ាង ស្រីណាន់ អាយុ ០៤ឆ្នាំ រាល់ថ្ងៃកំពុងតែរស់នៅជាមួយនឹងម្ដាយទើបនឹងសម្រាលកូនសរសៃខ្ចី នៅភូមិប្រជាធម្ម សង្កាត់/ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ ចំណែកឯឪពុករបស់ក្មេងស្រីរងគ្រោះនេះបានចាកចេញទៅស៊ីឈ្នូលគេនៅប្រទេសថៃ។
ក្មេងស្រីតូចម្នាក់នេះបានទទួលរងគ្រោះពីការរលាកទឹកក្ដៅកាលពីថ្ងៃទី ១៧ មិថុនាកន្លងមកនេះដោយរលាករហូតដល់ទៅរលួយអស់មួយចំហៀងខ្លួន។ មូលហេតុដែលនាំអោយក្មេងស្រីរូបនេះទទួលការរងគ្រោះបែបនេះព្រោះ កាលពីថ្ងៃទី ១៧ មិថុនា លោកស្រី កែវ ចាន់ ជាម្តាយក្មេងស្រីរងគ្រោះបានដាក់ដាំទឹកនឹងជើងក្រាន ហើយបានទៅសម្រាកព្រោះខ្លួនទើបនឹងសម្រាលកូនខ្វីមិនទាន់អាចធ្វើការបានច្រើន លុះដល់ពេលឃើញម្ដាយទៅសម្រាក ក្មេងស្រីរូបនេះបានជួយរុញអុសភ្លើងទឹកដាំ តែជាអកុសលត្រូវបានទឹកក្ដៅដែលកំពុងដាំ កំពប់រលាកខ្លួនអស់មួយចំហៀងដូចអ្នកបានឃើញរូបនេះស្រាប់។ ក្រុមគ្រួសាររបស់ក្មេងស្រីរងគ្រោះនេះ ជាគ្រួសារក្រីក្ររកព្រឹកខ្វះល្ងាចហើយសូម្បីតែឪពុករបស់ក្មេងស្រីនេះក៏ត្រូវចាកចេញទៅស៊ីឈ្នួលគេនៅប្រទេសថៃដែរ។
លោក កុសល អ្នកផ្ដួចផ្ដើមគំនិតមូលនីធិ Facebook ប្រហុកខ្មែរ
ជាមួយគ្នានេះផងដែរក្មេងស្រីរងគ្រោះរូបនេះកំពុងតែត្រូវការជំនួយពីអ្នកទាំងអស់គ្នា។ ហេតុនេះហើយមូលនិធី Facebook ប្រហុកខ្មែរ បានចងក្រងគំនិតក្នុងការប្រមូលជាវិភាគទានដើម្បីជាជំនួយក្នុងការបញ្ជូនក្មេងស្រីរូបនេះមកទទួលការព្យាបាលនៅភ្នំពេញ។ មូលនីធិ Facebook ប្រហុកខ្មែរគឺផ្ដួចផ្ដើមដោយលោក កុសល ដែលអ្នករាល់គ្នាស្គាល់គាត់នៅក្នុងបណ្ដាញសង្គម Facebook ថាជាលោក Prohok Khmer ដែលលោកមានគំនិតក្នុងការជួយជនក្រីក្រ ក៏ដូចជាជួយដល់សង្គមបានមួយផ្នែកផងដែរ។ មូលនីធិ Facebook ប្រហុកខ្មែរ នេះធ្លាប់បានជួយដល់ជនក្រីក្រមួយចំនួនមកហើយក៏ដូចជាមានសកម្មភាពចុះចែកអំណោយដែលជាទឹកចិត្តសប្បុរសធម៍ដល់សិស្សានុសិស្សនៅសាលាបឋមសិក្សារស្មីសាមគ្គីភូមិធំ នៅភូមិភូមិធំ ឃុំភូមិធំ ស្រុកគៀនស្វាយ ខេត្តកណ្តាល នៅថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០១២ កន្លងមកនេះ។អ្វីដែលពិសេសនោះគឺថារាល់ថវិការដែលមូលនីធិ Facebook ប្រហុកខ្មែរ បានទទួលតាំងពីដើមមកគឺសុទ្ធសឹងតែទទួលបានមកពីយុវវ័យអ្នកលេង Facebook ទាំងអស់ ទាំងក្នុងប្រទេស ក្រៅប្រទេសទាំងអ្នកក្រុងភ្នំពេញក៏ដូចជា អ្នកមកពីបណ្ដាខែត្រនានា ដែលពួកគាត់ជាយុវវ័យដែលមានទឹកចិត្តក្នុងការជួយដល់អ្នកដទៃដែលកំពុងតែទទួលរងការលំបាកទោះបីជាជួយបានត្រឹមតែមួយផ្នែកតូចក៏ដោយ។ សកម្មភាពនេះបង្ហាញពីទឹកចិត្តជាខ្មែររបស់យុវវ័យបច្ចុប្បន្នដែលជាសម័យ Internet និង Facebook ដែលខ្មែរនៅតែមិនចោលគ្នាទោះបីជាជួយមិនបានច្រើនក៏ដោយ។ ហើយពេលនេះក្មេងស្រីម្នាក់ដែលរងគ្រោះខាងលើនេះកំពុងតែត្រូវការអ្នកទាំងអស់គ្នា នាងត្រូវការជំនួយពីអ្នកទាំងអស់គ្នា។ ប្រសិនបើមិត្តអ្នកអានមានទឹកចិត្តក្នុងការចូលបរិច្ចាកជាវិភាគទាន ថវិការតិចក្ដីច្រើនក្ដី លោកអ្នកអាចទំនាក់ទំនង ក៏ដូចជាសួររកពត៌មានបន្ថែមផ្ទាល់ទៅកាន់លោក កុសល ដែលជាអ្នកផ្ដួចផ្ដើមគំនិតមូលនីធិ Facebook ប្រហុកខ្មែរបាន តាមរយៈទូរសព្ទលេខ ០៦៦/០៩៣ ៩៩៨ ៨០៨ ឬតាមរយៈការិយាល័យរបស់ camnews នឹងលេខទូរស័ព្ទ ០២៣ ៦៥៩៩៩៩៥។យើងជាខ្មែរទឹកចិត្តជាខ្មែរ ឃើញស្លាប់មិនដែលមិនជួយ ទោះបីជួយបានតិចក្ដី Camnews គ្រាន់តែជាអ្នកនាំពាក្យជូនអស់លោកអ្នកតែទឹកចិត្តសប្បុរសរបស់អស់លោកអ្នក គឺលោកអ្នកជាអ្នកសម្រេចផ្ទាល់ហើយយើងក៏សង្ឃឹមថាក្មេងស្រីរូបនេះនឹងអាចទទួលបានការព្យាបាលល្អប្រសើរជាងនេះនៅពេលឆាប់ៗនេះ។ ផុតកំណត់ឈប់ទទួលវិភាគទានត្រឹមថ្ងៃទី ០៧ កក្កដា ២០១២៕
ដោយ៖ ម៉ូនីកា