បច្ចុប្បន្នមនុស្ស ភាគច្រើនត្រូវបានសម្ភារៈនិយមអូសទាញ រហូតដល់ធ្វើឱ្យពួកគេ មើលមិនឃើញតម្លៃពិតប្រាកដនៃជីវិត ។ ធម្មជាតិ បានបង្កើតមនុស្សមក ព្រមជាមួយនឹងតម្លៃ និងថាមពលរួចមកហើយ តែគ្រាន់តែថា មនុស្សមិនទាន់មានភាពស្ទាត់ជំនាញក្នុងការប្រើវា ឬក៏ប្រើវា មិនត្រូវតាមលក្ខណៈសច្ចៈភាពរបស់វា ។ ភាពស្ទាត់ជំនាញ ក្នុងការប្រើតម្លៃ ដែលជាប់មកជាមួយជីវិត អាចសម្រចទៅបាន អាស្រ័យដោយការសិក្សា សង្កេតពិនិត្យ និងការដុសខាត់ចិត្ដ តាមមាគ៌ាដ៏ត្រឹមត្រូវ។

/

សភាពអន់ចិត្ដ អស់សង្ឃឹម ថាខ្លួនមិនបានល្អប្រសើរដូចគេ មិនមានទ្រព្យដូចគេ មិនមានសម្ភារៈទំនើបប្រើដូចគេ  ឬមិនមានសេចក្ដីសុខដូចគេ គឺជាមនោគតិរបស់មនុស្សកម្សោយ និងការដែលចូលចិត្ដប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ ដែលប្រសើរជាងខ្លួន ។ មនុស្សចំនូនខ្លះ មានការភាន់ច្រឡំយ៉ាងបា្រកដថា ទ្រព្យសម្បត្ដិ មាសប្រាក់ ឥស្សរិយៈយស ឬសម្ភារៈនិយម គឺជាតម្លៃតែមូយគត់ សម្រាប់ជីវិតរបស់ពួកគេ រហូតធ្វើឱ្យពួកគេ ក្ដៅក្រហាយក្នុងចិត្ដ អន្ទះសារ កាលណាពួកគេមិនបានរបស់នោះៗ សមតាមបំណងប្រាថ្នា ។ ចិត្ដក្ដៅក្រហាយ អន្ទះសារ គឺជាអកុលចិត្ដ ដែលធ្វើឱ្យជីវិតរបស់យើង គ្មានសេចក្ដីសុខ ហើយវាមានឬស្សគល់ចេញពីសេចក្ដីលោភលន់ និងភាពអវិជ្ជា ។ ភាពអវិជ្ជា ធ្វើឱ្យយើងខ្វះបញ្ញា ក្នុងការវិនិច្ឆ័យច្បាស់ថា អ្វីជាតម្លៃពិតប្រាកដរបស់ជីវិត ។

ចិត្ដលោភលន់​ ដំបូងឡើយ វាកើតចេញពីការបានរបស់តូចមួយ ដែលខ្លួនប្រាថ្នាប៉ុណ្ណោះ ប៉ុន្ដែវារីកមាឌធំ នៅពេល ដែលយើងអស់សេចក្ដីស្រឡាញ់ក្នុងរបស់តូចនោះ ហើយប្រាថ្នារបស់ធំជាង និងល្អជាងរបស់ ដែលយើងមាន។ លោភចិត្ដនេះ បើយើងមិនបានសង្កេតពិនិត្យឱ្យបានច្បាស់លាស់ និងមិនបានគ្រប់គ្រងឱ្យបានល្អទេនោះ នឹងធ្វើឱ្យយើង ក្លាយជាមនុស្សចង់បានខុសទំនង និងហ៊ានប្រព្រឹត្ដអំពើអាក្រក់ជាច្រើនរូបភាព ដើម្បីសម្រេចបំណងនោះៗ  ជាតួយ៉ាងដូចជាប្រព្រឹត្ដអំពើចោរកម្ម ការបៀតបៀនជីវិតអ្នកដទៃ ការកេងប្រវ័ញ្ចគ្រប់រូបភាព និងប្រព្រឹត្ដអំពើពុករលួយជាដើម។ល ។  អំពើ អាក្រក់ទាំងនេះ បង្កជាភាពវឹកវរ នៅក្នុងសហគមន៍ និងសង្គមជាតិ ព្រមទាំងធ្វើឱ្យយើងក្លាយជាមនុស្សអាក្រក់ ក្នុងក្រសែភ្នែករបស់មនុស្សទាំងពួង មានកម្មទៅជាតិខាងមុខ ហើយបច្ចុប្បន្នប្រឈមនឹងទោសទណ្ឌ តាមផ្លូវតុលាការរបស់ប្រទេសទៀតផង ។

ទ្រព្យសម្បត្ដិ ប្រៀបដូចជាថ្នាំកែរោគ ថ្នាំមិនមានតម្លៃសូម្បីតែបន្ដិច ប្រសិនបើរាងកាយនេះ មិនមានរោគទេនោះ ទ្រព្យសម្បត្ដិ ក៏មិនអាចធ្វើឱ្យចិត្ដរបស់មនុស្សញាប់ញ័ររង្គោះរង្គើដែរ ប្រសិនចិត្ដរបស់មនុស្ស ត្រូវបានគ្រប់គ្រងបានល្អ និងចេះសន្ដោស ចេះគ្រប់គ្រាន់នឹងរបស់ ដែលខ្លួនមាន ។ បុគ្គល មានទ្រព្យច្រើនយ៉ាងណា ក៏នៅតែមានឈ្មោះថា ក្ររហាម ប្រសិនបើបុគ្គលនោះ នៅតែប្រាថ្នាចង់បាន មិនចេះគ្រប់គ្រាន់ទេនោះ ៕ សូមរង់ចាំអានបន្ដ នៅវគ្គក្រោយ

/

អត្ថបទ៖ សារ៉ាត