Nokia នឹងក្លាយជាក្រុមហ៊ុនកូន ដែលជាកម្មសិទ្ធិទាំងស្រុង ក្រោមការគ្រប់គ្រងរបស់ Microsoft ទន្ទឺមនឹងនេះ វាក៏ត្រូវប្ដូរឈ្មោះពី Nokia Oyj ទៅជា Microsoft Mobile Oy ។

/

Steve Ballmer និង Stephen Elop នៅក្នុងព្រឹត្តិការណ៍ Microsoft-Nokia ក្នុងក្រុង New York កាលពីឆ្នាំ ២០១២

យោងតាមប្រភពព័ត៌មានមួយ ថ្មីៗនេះ បានឱ្យដឹងថា ក្រោយពី Microsoft បានបំពេញបែបបទទាំងស្រុង ក្នុងការទិញយកស្ថាបនសេវាកម្ម និងឧបករណ៍របស់ Nokia ក្រុមហ៊ុនសបវ៉ែរនេះ នឹងប្ដូរឈ្មោះ Nokia Oyj មុននេះ ទៅជា Microsoft Mobile Oy ។ ដំណឹងនេះ ត្រូវបានគេបង្ហើបឱ្យដឹង តាមរយៈលិខិតមួយ ដែលត្រូវបាន Microsoft ផ្ញើទៅកាន់បណ្ដាក្រុមហ៊ុនដៃគូ។សមាជិកម្នាក់របស់ទំព័រ Nokiapoweruser   បានថតចម្លងលិខិតខាងលើ ៖ “ការទិញដូររវាងក្រុមហ៊ុន Microsoft និង Nokia កំពុងដំណើរការដល់ដំណាក់កាលសម្រេចទាំងស្រុង នូវរាល់បែបបទ ហើយក្រោយពីរួចរាល់ ឈ្មោះ Nokia Corporation/Nokia Oyj    នឹងត្រូវបានប្ដូរមកជា Microsoft Mobile Oy”។ ក្រៅពីនេះ ក្នុងលិខិត ក៏បានសរសេរថា ក្រុមហ៊ុន Microsoft នឹងរក្សារាល់កិច្ចសន្យាដែលត្រូវបានធ្វើឡើងកាលពីមុន គឺមិនមានអ្វីផ្លាស់ប្ដូរ។

/

Microsoft បានប្រកាសទិញយកស្ថាបនឧបករណ៍   និងសេវាកម្មរបស់ Nokia កាលពីខែកញ្ញា ឆ្នាំទៅ ក្នុងតម្លៃ ៧,២ពាន់លានដុល្លារអាមេរិក។ ការទិញដូរនេះ ត្រូវបានគេសន្និដ្ឋានថា នឹងត្រូវបានបញ្ចប់ ក្នុងត្រីមាសទី ១ ឆ្នាំ ២០១៤ ប៉ុន្ដែ ដោយសាររង់ចាំការយល់ព្រមពីអាជ្ញាធរប្រឆាំងការផ្ដាច់មុខ នៅអាស៊ី គម្រោងនេះក៏ត្រូវពន្យាពេល៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Techradar/Cnet