បច្ចុប្បន្ន បច្ចេកវិទ្យាមានការរីកចម្រើនយ៉ាងខ្លាំង និងយ៉ាងឆាប់រហ័ស ដូច្នេះ គេជឿថា មិនយូរប៉ុន្មាន មនុស្សនឹងបានស្គាល់យុគសម័យមនុស្សយន្ដ។ ពេលនោះ មនុស្សយន្ដនឹងត្រូវបានបំពាក់ “ខួរក្បាលសិប្បនិម្មិត” កាន់តែអស្ចារ្យ និងឆ្លាតវៃជាងបច្ចុប្បន្ន ក៏ប៉ុន្ដែ សូមសាកល្បងស្រមៃមើល ប្រសិនថ្ងៃណាមួយ មនុស្សមិនអាចគ្រប់គ្រង “ខួរក្បាលម៉ាស៊ីន” បានទៀត តើវានឹងមានបញ្ហាអ្វីខ្លះកើតឡើង នៅលើផែនដី?

/

មហា​សេដ្ឋី Elon Musk

ការស្រមៃអំពីបញ្ហាគ្រោះថ្នាក់ចំពោះផែនដី ពិតជាមិនមានអ្វីលំបាកនោះទេ ព្រោះថា បណ្ដាមនុស្សយន្ដដ៏ឆ្លាតវៃ ដែលបង្កើតឡើងដោយដៃមនុស្ស ក៏ប្រហែលជាអាចបង្កើត “កូនចៅ” ជាមនុស្សយន្ដដូចគ្នា និងមានចំនួនច្រើនឡើងៗ។ ជាក់ស្ដែង ក្រោយពីមានការទិញយក Boston Dynamics ដែលជាក្រុមហ៊ុនផលិតមនុស្សយន្ដ ទាក់ទិននឹងទីភ្នាក់ងារ DARPA (ទីភ្នាក់ងារស្រាវជ្រាវបច្ចេកវិទ្យាថ្មី ប្រើប្រាស់ក្នុងវិស័យយោធាអាមេរិក) គេឃើញថា ក្រុមហ៊ុន ផលិតខួរក្បាលយន្ដ DeepMind រួមនឹងក្រុមហ៊ុនផលិតមនុស្សយន្ដដទៃ ក្នុងនោះមាន Google ជាដើម ក៏បាន និង កំពុងធ្វើសកម្មភាពអភិវឌ្ឍខួរក្បាលមនុស្សយន្ដ ប្រកបដោយមហិច្ឆតា ដូច្នេះ ក្ដីបារម្ភទាក់ទិននឹងសន្តិសុខពិភពលោក និងមនុស្សយន្ដ ក៏កាន់តែត្រូវបានគេយកចិត្តទុកដាក់ជាងមុន។

/

មហាសេដ្ឋី Elon Musk ដែលជាអ្នកស្រាវជ្រាវមួយរូប បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីការរីកចម្រើននៃ “ខួរក្បាលយន្ដ”។ នៅលើទំព័រ Twitter កាលពីចុងសប្ដាហ៍មុន មហាសេដ្ឋី Elon Musk ឱ្យដឹងថា ៖ “យើងត្រូវតែមានការប្រុងប្រយ័ត្នជាទីបំផុត ចំពោះ AI។ពួកវាអាចនឹងបង្កគ្រោះ ថ្នាក់សាហាវជាងអាវុធនុយក្លេអែរទៅទៀត។ ពិតជាគួរឱ្យសោកស្ដាយ បើពិនិត្យទៅលើ ការរីកចម្រើនជាក់ស្ដែង មនុស្សយើងកាន់តែដូចទៅនឹងតួអង្គគោល សម្រាប់ការគ្រប់គ្រងរបស់កំពូល ខួរក្បាលយន្ដ នៅពេលអនាគត”។

/

មនុស្ស​យន្ដ អាច​ជួយ​មនុស្ស​លោក បាន​ច្រើន​

 

ប្រសិនពិចារណាទៅលើសម្ដីរបស់ Elon Musk នោះ ក្នុងពេលអនាគត មនុស្សយើងពិតជាត្រូវប្រឈមនឹងបញ្ហាធំ និងគ្រោះថ្នាក់ ជាបញ្ហាដែលមនុស្សខ្លួនឯងជាអ្នកបង្កើតឡើង។ នៅក្នុងកិច្ចសម្ភាសមួយ នៅលើទំព័រ CNBC កាលពីដើមឆ្នាំនេះ មហាសេដ្ឋី Elon Musk ធ្លាប់បានសម្ដែងការព្រួយបារម្ភអំពីបញ្ហាខាងលើ។ មហាសេដ្ឋីរូបនេះ ក៏សង្កត់ធ្ងន់ថា កំពូលខួរក្បាលយន្ដឆ្លាតវៃ អាច ជាសញ្ញាខណ្ឌបញ្ចប់នៃយុគសម័យគ្រប់គ្រងរបស់មនុស្សលោក។

ផ្ទុយពីការព្រួយបារម្ភរបស់ Elon Musk លោក Ray Kurzweil អ្នកឯកទេសផ្នែកខួរក្បាលយន្ដ និងការអភិវឌ្ឍអនាគត មកពីក្រុមហ៊ុន Google ឱ្យដឹងថា ៖ “តាមការយល់ឃើញរបស់ខ្ញុំ មនុស្សយន្ដនឹងមិនអាចឆ្លាតវៃជាងមនុស្ស ព្រោះថា មនុស្សលោកយើង កំពុងតែមានខួរក្បាលដែលរីកចម្រើន និងឆ្លាតវៃ ពីមួយថ្ងៃ ទៅមួយថ្ងៃ។ អ្វីៗទាំងអស់ សុទ្ធតែកំពុងស្ថិតក្នុងការគ្រប់គ្រងរបស់មនុស្ស”។

/

ភព​ផែន​ដី នឹង​ស្ថិត​ក្នុង​ការ​គ្រប់​គ្រង​របស់​មនុស្ស​យន្ដ ក្នុង​ពេល​អនាគត​?

យ៉ាងណាក៏ដោយ មនុស្សយើងក៏គួរតែសង្ឃឹមទៅលើបច្ចេកវិទ្យាដែលមនុស្សបានបង្កើតឡើង ប៉ុន្ដែ ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីជៀសវាងបញ្ហាដែលអាចកើតឡើង ដូចក្នុងខ្សែភាពយន្ដ រឿង Terminator ដែលបានព្រមានស្រាប់!

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ theverge/extremetech