ក្នុងព្រឹត្តិការណ៍ពិព័រណ៍ CEATEC ដែលត្រូវបានរៀបចំឡើងនៅប្រទេសជប៉ុន ក្រុមហ៊ុន Toshiba បានឧទ្ទេសនាមនូវមនុស្សយន្ដដ៏ស្រស់ស្អាតមួយ មានឈ្មោះថា Aiko Chihira មានសមត្ថភាព​ទំនាក់ទំនងដោយប្រើភាសាកាយវិការរបស់មនុស្ស។

/

ក្រុមហ៊ុន Toshiba ឱ្យដឹងថា ក្នុងអនាគត Chihira មិនត្រឹមតែអាចជំនួសអ្នកទទួលភ្ញៀវប៉ុណ្ណោះទេ តែក៏អាចទទួលភារកិច្ចថែទាំសុខភាពផងដែរ។ នារីជាមនុស្សយន្ដរបស់ Toshiba មានលក្ខណៈរស់រវើក ដូចមនុស្សពិត ទាំងកាយវិការ និងទាំងស្បែកដែលធ្វើអំពីស៊ីលីកុន។

Hitoshi Tokuda អ្នកគ្រប់គ្រងផ្នែកទីផ្សាររបស់មនុស្សយន្ដនេះ ថ្លែងថា ផ្នែករឹងរបស់ Chihira ត្រូវបានផ្គត់ផ្គង់ដោយក្រុមហ៊ុន aLab Inc និងសកលវិទ្យាល័យ Osaka។ ចំណែក Toshiba វិញ គឺជាអ្នកអភិវឌ្ឍផ្នែកសូបវែរ ដែលបញ្ជាទៅលើដៃទាំងស្រុងរបស់មនុស្សយន្ដនេះ។

/

គោលដៅចម្បងរបស់ Toshiba គឺផ្ដល់ភាពងាយស្រួលក្នុងវិស័យថែទាំសុខភាព និងថែទាំអតិថិជន។ Tokuda បញ្ជាក់ថា ពួកគេសង្ឃឹមថា ក្រុមហ៊ុននានានឹងយកចិត្តទុកដាក់ចំពោះ Chihira ហើយជួលនាងសម្រាប់បម្រើការនៅក្នុងព្រឹត្តិការណ៍ផ្សេងៗ ឬសម្រាប់ផ្នែកថែទាំអតិថិជន។

/

បច្ចុប្បន្ន Toshiba កំពុងតែអភិវឌ្ឍប្រព័ន្ធឧបករណ៍បង្កើតសូបវែរ (kit) មួយ សម្រាប់ភាគីទីបី ដើម្បី​ឱ្យពួកគេអាចបង្កើតកម្មវិធីនានាសម្រាប់ Chihira ។ Toshiba សង្ឃឹមថា រហូតដល់ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅឆ្នាំ២០២០ នៅក្រុង Tokyo មនុស្សយន្ដ Chihira នឹងត្រូវបានអភិវឌ្ឍគ្រប់គ្រាន់ អាចដើរតួជាមគ្គុទេសក៍ម្នាក់ សម្រាប់ណែនាំដល់ភ្ញៀវបរទេស៕

 

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ pcworld/youtube