នៅតាមបណ្ដោយព្រំដែនរវាង កូរ៉េខាងជើង និងកូរ៉េខាងត្បូង ពេលណាក៏មានស្ថានភាពតានតឹង ហើយវាប្រៀបបានទៅនឹងគ្រាប់បែកកំណត់ម៉ោង ដ៏គួរឱ្យភ័យខ្លាច ដូច្នេះ កងទ័ពរបស់កូរ៉េខាងត្បូង បានដាក់ពង្រាយទាយានយន្ដលំដាប់កំពូល នៅតំបន់ក្បែរព្រំដែនរបស់ប្រទេសទាំងពីរ។

/

ទាហានយន្ដ SGR-1 ដែលមានតួនាទី ការ​ពារ​ព្រំដែន របស់កូរ៉េខាងត្បូងនេះ ត្រូវបានផលិតឡើងដោយក្រុមហ៊ុនកូនមួយ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ Samsung។ ទាហានយន្ដទាំងនេះ ត្រូវបានបំពាក់ម៉ាស៊ីនតាមដានកំដៅ និងសកម្មភាព ដើម្បីស្វែងរកគោលដៅ ដែលស្ថិតនៅចម្ងាយ ឆ្ងាយជាង ៣,២គីឡូម៉ែត្រ។

ទាហានយន្ដនេះ ក៏មានបំពាក់កាំភ្លើងយន្ដ ៥,៥មម និងកាំភ្លើងផ្លោងគ្រាប់បែក ៤០មម បើទោះជាវា ត្រូវការមនុស្សម្នាក់ ដើម្បីធ្វើការសម្រេចថា នឹងចាប់ផ្ដើមប្រយុទ្ធ ឬមិនប្រយុទ្ធ។

/

គួររំលឹកថា ទាហានយន្ដខាងលើ ត្រូវបានសាកល្បងជាលើកដំបូង កាលពីឆ្នាំ ២០០៦។ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Samsung Techwin (ជាក្រុមហ៊ុនកូនរបស់ Samsung) បានឱ្យកាលពីពេលនោះថា ៖ “ទាហានជាមនុស្ស អាចនឹងគេងលក់ដោយងាយ ឬការផ្ដោតអារម្មណ៍របស់ពួកគេនឹង​ថយចុះ ទៅតាមពេលវេលា។ ប៉ុន្ដែ បណ្ដាទាហានយន្ដទាំងនេះ មានប្រព័ន្ធត្រួតពិនិត្យដោយស្វ័យប្រវត្ត គឺពុំមានភាពខ្ជិលច្រអូសដូចមនុស្ស។ ពួកវាក៏មិនមានការភ័យខ្លាចអ្វីទាំងអស់ ចំពោះការវាយប្រហារពីសត្រូវ នៅជួរមុខ”។

/

បន្ទាប់ពីត្រូវបានដាក់ពង្រាយ បណ្ដាទាហានយន្ដទាំងនេះ នឹងមានមុខងារ បំពេញបេសកកម្មជាមួយក្រុមទាហានជាមនុស្ស នៅក្បែរតំបន់គ្មានកងទ័ព (DMZ) ដែលមានបណ្ដោយជាង ២៥៧គីឡូម៉ែត្រ និងទទឹងជាង ៤គីឡូម៉ែត្រ បែងចែកទឹកដី រវាងកូរ៉េទាំងពីរ៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Daily Mail