កាលពីព្រលប់ថ្ងៃទី ២៣ កន្លងទៅ ផ្សែងពពកមួយដុំ បានធ្វើអោយមនុស្សជាច្រើនពាន់នាក់ដែលកំពុងចូលរួមក្នុងពិធីគោរព និងបង្សុកូលថ្វាយចំពោះព្រះវិញ្ញាណក្ខន្ធសម្ដេចតា មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ដុំពពកដែលបានបង្ហាញខ្លួននៅស្ទើរចំពីលើព្រះបរមរាជវាំង មានលក្ខណៈដូចទៅនឹងមុខមាត់របស់មនុស្ស ដោយសារតែមានចំណុចខ្មៅមួយចំនួន ដែលដូចទៅនឹងភ្នែក មាត់ និងច្រមុះរបស់មនុស្ស។ អ្នកដែលកំពុងចូលរួមពិធីគោរព និងបង្សុកូលនេះ បានចាត់ទុកថា គឺជាព្រះភ័ក្រ្ដរបស់សម្ដេចតា។
គួររំលឹកថា កាលពីប៉ុន្មានថ្ងៃមុន ក៏មានការភ្ញាក់ផ្អើលមួយស្រដៀងគ្នានេះដែរ ដែលបានកើតឡើងហើយធ្វើអោយមនុស្សនៅទូទាំងប្រទេសចាប់អារម្មណ៍ នោះគឺព័ត៌មានស្ដីពីការមើលឃើញព្រះភ័ក្ដ្ររបស់សម្ដេចតានៅលើឋានព្រះច័ន្ទ ក្រោយមកព័ត៌មាននេះត្រូវបានគេចាត់ទុកថា ជាការបំផុសបំផុល។ ប៉ុន្ដែ បាតុភូតដុំពពកដែលបានបង្ហាញជារូបមុខរបស់មនុស្សគឺមានភាពជាក់ស្ដែងហើយអោយតែយើងសម្លឹកមើលដោយធ្វើការស្រមៃផងនោះ យើងនឹងបានឃើញដូចមុខមនុស្សពិតប្រាកដ។
សម្រាប់មនុស្សមួយចំនួន បើទោះជាបានដឹងថា វាគ្រាន់តែជាបាតុភូតធម្មជាតិ ប៉ុន្ដែពួកគេនៅតែមានមោទនភាព និងទទួលយកថា ជាការពិត៕
រូបថតមិត្តអ្នកអាន
រូបថតហ្វេសប៊ុក
រូបថតហ្វេសប៊ុក
រូបថតហ្វេសប៊ុក
ដោយ ៖ សូរីយ៉ា