ប្រហែលជាមួយម៉ោងមុននេះ មានករណីដ៏គួរអោយចាប់អារម្មណ៍មួយបានកើតឡើង ធ្វើអោយមានការភ្ញាក់ផ្អើលស្ទើរទូទាំងប្រទេស នោះគឺមានព័ត៌មានថា នៅលើព្រះច័ន្ទមានរូបសម្ដេចតា។

ក្នុងរយៈពេលប្រមាណជា ២០នាទីប៉ុណ្ណោះ ព័ត៌មានស្ដីពីការមើលឃើញរូបព្រះភ័ក្រ្ដរបស់អតីតព្រះមហាវិរក្សត្រនៅលើព្រះច័ន្ទ ត្រូវបានគេនិយាយពីមាត់មួយទៅមាត់មួយ ធ្វើអោយព័ត៌មាននេះបានជ្រាបទៅដល់មនុស្សស្ទើរទាំងអស់នៅទូទាំងប្រទេស។
អ្នកខ្លះ បន្ទាប់ពីបានសម្លឹកមើលទៅព្រះច័ន្ទ បាននិយាយថា គឺពិតជាមានរូបព្រះភ័ក្ដ្ររបស់សម្ដេចតា នៅលើព្រះច័ន្ទពិតមែន ប៉ុន្ដែរូបភាពនេះមិនច្បាស់នោះទេ។ ឯអ្នកខ្លះទៀតថ្លែងថា អ្នកមាននិស្ស័យទើបអាចមើលឃើញរូបព្រះភ័ក្ដ្រសម្ដេចតា នៅលើឋានព្រះច័ន្ទ។ ចំណែកអ្នកខ្លះទៀត ក៏និយាយថា ប្រសិនមានការព្យាយាមសម្លឹងមើល ទើបបានឃើញ។ល។

ទោះជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាការនិយាយតៗគ្នាតែប៉ុណ្ណោះ។ តាមការពិត រូបភាពដែលយើងមើលឃើញដូចជារូបទន្សាយ ឬរូបដើមពោធិព្រឹកជាដើម គឺគ្រាន់តែជាទីងងឹតនៃរណ្ដៅនៅលើភពព្រះច័ន្ទ ដោយសារតែកន្លែងដែលមើលឃើញដូចជារូបនានានោះ មានសភាពជ្រៅជាងកន្លែងផ្សេង ដែលពន្លឺព្រះអាទិត្យមិនអាចបំភ្លឺទៅដល់។ ម្យ៉ាងទៀត យើងអាចនិយាយបានថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ យើងទាំងអស់គ្នាបាន និងកំពុងកាន់ទុក្ខនៃការចូលទិវង្គតរបស់អតីតព្រះមហាវិរក្សត្រ ហើយរូបភាពរបស់ព្រះអង្គបានដក់ជាប់ក្នុងអារម្មណ៍ និងកែវភ្នែករបស់យើង ធ្វើអោយយើងអាចស្រមៃឃើញព្រះភ័ក្រ្ដព្រះអង្គនៅកន្លែងណាមួយ៕
ដោយ ៖ សូរីយ៉ា