មិនយូរប៉ុន្មានបន្ទាប់ពីឡើងកាន់កាប់តំណែងអគ្គនាយកប្រតិបត្តិនៃទីភ្នាក់ងារអវកាសអឺរ៉ុប (ESA)សាស្ដ្រាចារ្យ Johann-Dietrich Woerner ប្រកាសអំពីការស្នើឱ្យបង្កើតភូមិមួយនៅលើឋានព្រះចន្ទ ដោយមានការរួមសហការពីបណ្ដាប្រទេសក្នុងពិភពលោក។

លោក Johann-Dietrich Woerner ថ្លែងថា ៖ យើងគួរតែសម្លឹងមើលអនាគតដែលឆ្ងាយពីស្ថានីយអវកាសអន្តរជាតិ។ យើងគួរតែមានស្ថានីយអវកាសតូចជាង និងហោះហើរទាបជាង ISS ដើម្បីស្រាវជ្រាវអំពីទំនាញខ្នាតទាប ហើយខ្ញុំស្នើឱ្យមានការសាងសង់ភូមិមួយនៅលើឋានព្រះចន្ទ។
ភូមិមួយនេះ មិនត្រឹមតែមានផ្ទះពីរបីខ្នង វិហារ ឬអគាររដ្ឋបាលនោះទេ តែវាត្រូវតែជាកន្លែងសហការនៃបណ្ដាដៃគូក្នុងពិភពលោក ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍដោយមនុស្សយន្ត ដោយអវកាសចរ ឬផ្កាយរណបទូរគមនាគម។
មេដឹកនាំ ESA យល់ថា ការវិលត្រឡប់មកឋានព្រះចន្ទ គឺមានប្រយោជន៍សំខាន់ ទន្ទឹមនឹងនេះ វាក៏ជាឈ្នាន់ដើម្បីឱ្យមនុស្សបន្តស្រាវជ្រាវទៅលើប្រព័ន្ធព្រះអាទិត្យ។ លោងអះអាងថា មុននឹងឡើងទៅកាន់ភពព្រះអង្គារ យើងអាចយកឋានព្រះចន្ទធ្វើជាកន្លែងពិសោធសម្រាប់គម្រោងនានា ដូចជាការបំពាក់ប្រព័ន្ធបោះពុម្ភ 3D ខ្នាតយក្ស។ល។

គេត្រូវប្រើពេលត្រឹមតែ ៤ប៉ុណ្ណោះ ដើម្បីធ្វើដំណើរពីពីផែនដីទៅកាន់ឋានព្រះចន្ទ ដែលនេះគឺជារយៈចម្ងាយដ៏ល្អមួយសម្រាប់មនុស្សសាកល្បងរស់នៅលើទីកន្លែងដែលមិនធ្លាប់ជួប មុននឹងទៅរស់នៅលើភពព្រះអង្គារដែលគេត្រូវចំណាយពេល ៦ខែ ទើបទៅដល់។
តាមគម្រោង ភូមិនៅលើឋានព្រះចន្ទនេះ នឹងក្លាយជាមូលដ្ឋានពហុប្រទេស ដែលមានការចូលរួមពីមហាអំណាចជាច្រើន ក្នុងនោះមានរុស្សី និងចិនផងដែរ៕
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Tech Times