ក្រុមអ្នកវិទ្យាសាស្ដ្រ និងបច្ចេកវិទ្យាមកពីជប៉ុន និងអាមេរិក បានប្រកាសថា ពួកគេបាន​ត្រៀម​ខ្លួនជាស្រេចក្នុងការចូលរួមពិធីប្រណាំងរថយន្ត នៅលើឋានព្រះចន្ទ។

/

ភារកិច្ចរបស់បណ្ដាក្រុមដែលនឹងចូលរួមប្រណាំងរថយន្តនេះ នោះគឺបញ្ជូនរថយន្តបញ្ជាពីចម្ងាយរបស់ខ្លួនឡើងទៅកាន់ឋានព្រះចន្ទ ហើយក្រោយមក បណ្ដារថយន្តទាំងនោះ នឹងត្រូវរត់ប្រណាំងគ្នាក្នុងរយៈចម្ងាយ ៥០០ម៉ែត្រ។

ការប្រណាំងនេះក៏នឹងត្រូវបានបញ្ជូនរូបភាពមកកាន់ផែនដីដោយកាមេរ៉ាទំនើបចុងក្រោយបំផុតនាបច្ចុប្បន្ន។

/

អគ្គនាយកនៃក្រុមហ៊ុន Astrobotic លោក John Thornton ឱ្យដឹងថា បច្ចុប្បន្ន មានក្រុមហ៊ុនចំនួន ៥បានចុះឈ្មោះចូលរួមប្រកួត នោះគឺក្រុមហ៊ុន Hakuto (ជប៉ុន), Team Indus (ឥណ្ឌា), Part-Time Scientists (អាល្លឺម៉ង់), Astrobotic និង Moon Express របស់អាមេរិក។

ការប្រកួតនេះ នឹងក្លាយជាជំហានដ៏ធំមួយ ដើម្បីអភិវឌ្ឍរថយន្តថ្មី ដែលអាចធ្វើដំណើរបាននៅលើឋានព្រះចន្ទ។

/

ក្នុងសន្និសីទកាសែតមួយ នៅក្រុង Tokyo (ជប៉ុន) កាលពីពេលថ្មីៗនេះ ប្រធានក្រុមរបស់ក្រុម Astrobotic (អាមេរិក) និង Hakuto របស់ជប៉ុន ថ្លែងថា ក្រុមទាំងពីរនេះនឹងរួមដៃគ្នា បញ្ជូនបណ្ដារថយន្តរបស់ពួកគេ ឡើងឋានព្រះចន្ទ និងចុះចតលើឋាននេះ ក្នុងពេលតែមួយ។ ក្រោយមក រថយន្តទាំងពីររបស់ក្រុមខាងលើនេះ នឹងប្រជែងគ្នា ដើម្បីដណ្ដើមពានរង្វាន់លេខមួយដែលមានតម្លៃ ២០លានដុល្លារអាមេរិក។ ពានរង្វាន់សរុប Google Lunar X PRIZE សម្រាប់រថយន្តដែលឈ្នះ មានចំនួនឡើងដល់ ៣០លានដុល្លារអាមេរិក។

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Cnet/NBCnews/Lunar.xprize