ការដង្ហែព្រះបរមសពនៃអង្គព្រះវររាជបីតាឯករាជជាតិ ត្រូវបានធ្វើឡើងដោយមានមនុស្សរាប់សិបម៉ឺននាក់ចូលរួម តាំងពីមុខព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ រហូតដល់ព្រះបរមរាជវាំង។
កូនចៅ ចៅទួត របស់អង្គសម្ដេចឪ សម្ដេចតា សម្ដេចតាទួត ដែលធ្វើដំណើរពីគ្រប់ទិសទី បាននាំគ្នាធ្វើដំណើរមកកាន់ក្រុងភ្នំពេញ ដើម្បីចូលរួមដង្ហែព្រះបរមសពនៃអតីតព្រះមហាក្សត្រ។ នៅតាមសងខាងផ្លូវ តាំងពីព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ រហូតមកដល់មុខព្រះបរមរាជវាំង ប្រជាពលរាស្ដ្ររាប់សិបម៉ឺននាក់ មានចាស់ មានក្មេង ក្នុងសម្លៀកបំពាក់ស មានពាក់បូខ្មៅកាន់ទុក្ខ បានទន្ទឹងរង់ចាំ និងបានដង្ហែព្រះបរមសព ប្រកបដោយទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត។
នៅពេលក្បួនដង្ហែព្រះបរមសព បានចេញផុតពីព្រលានយន្ដហោះភ្នំពេញភ្លាម គេចាប់ផ្ដើមឃើញមានមនុស្សជាច្រើន យំស្រែក ស្ដាយស្រណោះ រៀបរាប់ពីអតីតព្រះមហាក្សត្រ។ ទិដ្ឋភាពដ៏ស្រងេះស្រងោចនេះ ពិតជាធ្វើអោយយើងមិនអាចបំភ្លេចបានអស់មួយជីវិត។
ក្បួនដង្ហែ បានយាង និងធ្វើដំណើរដោយសន្សឹមៗ មានអមដោយរថយន្ដរាប់សិបគ្រឿង និងកងនគរបាលការពាររាប់សិបនាក់ រត់អមសងខាង។ នៅពេលមកដល់វិមានឯករាជ ក្បួនដង្ហែព្រះបរមសព ក៏បានឈប់ ដើម្បីបង្សុកូល។ បន្ទាប់មក ក៏បន្ដដំណើរឆ្ពោះទៅកាន់ព្រះបរមរាជវាំង។ នៅវេលាម៉ោងប្រហែល ៥ ល្ងាច ក្បួនដង្ហែ បានយាងមកដល់ព្រះបរមរាជវាំង ពិធីដង្ហែព្រះបរមសពនៃអតីតព្រះមហាវិរក្សត្រ ក៏ត្រូវបានបញ្ចប់ដោយទុក្ខក្រៀមក្រម៕










ដោយ ៖ សូរីយ៉ា