សាខាហាងលក់ផលិតផលរបស់ Apple នៅក្រុង Sydney នៃប្រទេស Australia ត្រូវបានរំខានដោយក្រុមបាតុករអាវខ្មៅ។ ប្រភពព័ត៌មានជាច្រើនបានអះអាងថា នេះគឺជាផ្នែកមួយក្នុងយុទ្ធនាការផ្សព្វផ្សាយសម្រាប់ទូរស័ព្ទ Samsung Galaxy S III ដែលនឹងត្រូវបានបង្ហាញខ្លួននៅពេលខាងមុខ។

ក្រុមបាតុករនេះបានចុះពីរថយន្ដ និងកាន់ផ្លាកដែលមានសរសេរថា Wake up ដែលបង្កប់អត្ថន័យថា សូមអោយអ្នកប្រើប្រាស់ iPhone ទាំងឡាយភ្ញាក់រឮកឡើង ព្រោះថានឹងមានផលិតផលថ្មីបំផុតបង្ហាញខ្លួននៅពេលខាងមុខ។ ជ័យឃោសន៍ Wake up នេះត្រូវបានគេឃើញមាននៅច្រើនកន្លែង ដូចជានៅបាតអាងហែលទឹកក្បែរឆ្នេរសមុទ្រ ឬនៅលើគេហទំព័ររាប់ថយក្រោយសម្រាប់ការបង្ហាញខ្លួនរបស់ Galaxy S III ។
គេហទំព័របច្ចេកវិទ្យា Appleinsider បានអោយដឹងថា ក្រុមហ៊ុន Samsung បានជួលក្រុមហ៊ុនមួយដែលមានឈ្មោះថា Tongue ដើម្បីអោយធ្វើយុទ្ធនាការផ្សព្វផ្សាយខាងលើ។
តាមគម្រោង Samsung Galaxy S III នឹងមានវត្តមានក្នុងទីផ្សារនៅថ្ងៃទី ៣ ឧសភាខាងមុខ។ផលិតផលនេះអាចនឹងប្រើប្រាស់ឈីប quad-core អេក្រង់ Super AMOLED 4,7 inch ដែលមានរីសូលូសឹន Full HD និងកាមេរ៉ា ១២megapixel ៕
ដោយ ៖ សូរីយ៉ាប្រភព ៖ VE/YT