ប៉ុន្មានម៉ោងមុននេះ NASA បានប្រកាសថា ខ្លួនបានរកឃើញភពថ្មីមួយដែលមានលក្ខណៈដូចបេះបិទទៅនឹងផែនដីរបស់មនុស្ស ហើយក៏បានដាក់ឈ្មោះឱ្យភពនេះថា Kepler-452។ ភពនេះនៅក្នុងប្រព័ន្ធព្រះអាទិត្យដទៃមួយ ស្ថិតក្នុងកញ្ចុំផ្កាយ Cygnus នៃ Milky Way មានចម្ងាយ ពីផែនដីប្រមាណ ១៤០០ឆ្នាំពន្លឺ។

/

ភ្លាមៗនោះ អ្នកស្នេហាផ្នែកវិទ្យា​សាស្ដ្រទូទាំងពិភពលោក នាំគ្នាស្វាគមដំណឹងនេះយ៉ាងរីករាយ ព្រោះថា នេះគឺជាការរកឃើញដ៏អស្ចារ្យមួយ ទាក់ទិននឹងការស្វែងរកមនុស្សភពក្រៅ។ ជាងនេះ មានអ្នកខ្លះគិតថា គួរតែបញ្ជូនបណ្ដាយានអវកាសទៅកាន់ភពនេះដើម្បីស្រាវជ្រាវ ប៉ុន្តែ តើវាមានភាពសាមញ្ញ និងងាយស្រួលដល់កម្រិតណា?

សូមបញ្ជាក់ថា ឆ្នាំពន្លឺ គឺជារយៈចម្ងាយ មិនមែនរយៈពេលនោះទេ ដូច្នេះ វា​នៅឆ្ងាយណាស់។

បច្ចុប្បន្ន យានអវកាសដែលមានល្បឿនលឿនបំផុតនាបច្ចុប្បន្ន នោះគឺ New Horizons កំពុងបំពេញបេសកកម្មនៅកូនភពភ្លុយតុង។ លឿនរបស់ New Horizons ប្រហែលនឹង 15,73 km/s គឺប្រមាណជា 496.061.280 km/ឆ្នាំ។

ចម្ងាយពីផែនដីរបស់មនុស្ស ទៅកាន់ផែនដីថ្មីដែលទើបរកឃើញនេះ គឺ 1400 ឆ្នាំពន្លឺ ហើយមួយឆ្នាំពន្លឺប្រហែលនឹងរយៈចម្ងាយ 9.460.730.472.580,8 km ដូច្នេះ យើងអាចគិតចេញជាពេលវេលាមួយ ដែលថា តើមនុស្សត្រូវចំណាយពេលប៉ុន្មានទើបអាចទៅដល់ភពផែនដីទីពីរនេះ ៖ (9.460.730.472.580,8/496.061.280) x 1.400 = 26.700.375,9326 ឆ្នាំ។

/

លឿនរបស់ New Horizons ប្រហែលនឹង 15,73 km/វិនាទី គឺប្រមាណជា 496.061.280 km/ឆ្នាំ។

លទ្ធផលខាងលើបង្ហាញថា មនុស្សត្រូវការពេលដល់ទៅ ជាង 26 លានឆ្នាំ ទើបអាចទៅដល់ភពថ្មីនេះ។ ដូច្នេះ គ្មានយានអវកាសណាមួយ មានលទ្ធភាពហោះទៅដល់ភពនេះបានឡើយ នាបច្ចុប្បន្ន។ ប៉ុន្តែ ក្ដីសង្ឃឹមនៅតែមាន ព្រោះថា វិទ្យាសាស្ដ្រមិនដែលនៅមួយកន្លែងនោះទេ ពោលគឺតែងតែរីកចម្រើនជានិច្ច​​ ហើយថ្ងៃណាមួយ មនុស្សលោកនឹងអាចទៅដល់ភពផែនដីទីពីរនេះមិនខាន៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Space