គ្រឿងផ្សំ
- សាច់(ត្រី/គោ/មាន់/ជ្រូក/ឆ្អឹងជំនីរ)លាងទឹកឲ្យស្អាត រួចហាន់ជាកង់ៗ
- ខ្ទិះដូង(ខ្ទិះដើម និងខ្ទិះចុង)
- ម្ជូរ(សណ្ដាន់ក្រៀម/អំពិលទុំ/ត្រួយអំពិល/ស្លឹកម្កាក់/ស្លឹកថ្នឹង)
- គល់ស្លឹកគ្រៃ រំដេង រមៀត សម្បក ឬស្លឹកក្រូចសើច ខ្ទឹមក្រហម ខ្ទឹមស បុកឬកិនចូលគ្នាឲ្យម៉ដ្ឋ
- ប្រហុកចិញ្ច្រាំ, សណ្តែកដីបុក, ម្ទេសឆ្អើរចិញ្ច្រាំ
- ស្ករត្នោត, ប៊ីចេង, អំបិល, ទឹកត្រី
- ត្រកួន ឬត្រប់, ស្លឹកក្រូចសើច, ម្ទេសដៃនាង
វិធីធ្វើ
១- ដាក់ឆ្នាំងលើចង្ក្រានឲ្យក្ដៅបន្ដិច រួចចាក់ខ្ទិះដើមពាក់កណ្ដាលទៅក្នុងឆ្នាំង កូរឲ្យឈ្ងុយ។
២- ដាក់ម្ទេសឆ្អើរដែលបានចិញ្ច្រាំរួចចូល រួចកូរឲ្យឡើងពណ៌ល្អ។ បន្ទាប់មក ដាក់ប្រហុក ដែលចិញ្ច្រាំរួចចូល កូរឲ្យឈ្ងុយ ទើបចាក់គ្រឿង ដែលបានបុករួចចូលព្រមគ្នា ជាមួយសណ្តែកដីបុក ហើយកូរឲ្យចូលជាតិ។
៣- ដាក់គ្រឿងផ្សំរសជាតិ(ស្ករត្នោត, ប៊ីចេង, អំបិល, ទឹកត្រី) រួចដាក់សាច់ចូលទុករយៈពេល ប្រហែល១០នាទី។
៤- បន្ទាប់មកចាក់ខ្ទិះចុងចូលល្មមលិចសាច់ រួចដាក់ម្ជូរសណ្ដាន់ ឬអំពិលទុំចូល(បើប្រើម្ជូរស្លឹកថ្នឹង ស្លឹកម្កាក់ ឬត្រួយអំពិល ចាំហាន់ដាក់ជាមួយបន្លែក្រោយគេ)
៥- ភ្លក្សមើលឲ្យបានរសជាតិប្រៃផ្អែមល្មម រួចចាក់ខ្ទិះដើមដែលនៅសល់ចូល ទុកមួយអំពុះ ទើបដាក់ចុះជាការស្រេច។ នៅពេលដួសទទួលទាន កុំភ្លេចយកម្ទេសដៃនាង និងស្លឹកក្រូចសើចមកហាន់រោយពីលើដើម្បីលម្អ និងមានក្លិនកាន់តែឈ្ងុយឆ្ងាញ់៕
អត្ថបទ៖ សារ៉ាត
ប្រភព៖ archphkai