សៀមរាប : សិល្បៈនិងវិជ្ជាខាង ធ្វើម្ហូបអាហារខ្មែរ មានតាំងពីបុរាណកាលមក និងបានបន្តរហូតដល់ កូនចៅ ជំនាន់ ក្រោយៗទៀត ហើយសព្វថ្ងៃនេះ ព្រះរាជាណាចក្រកម្ពុជា ត្រូវបានពិភពលោក ទទួលស្គាល់យ៉ាងច្រើន តាម រយ:សិល្បៈវប្បធម៌ អរិយធម៌សិលាចារឹក ប្រវត្តិសាស្ត្របេតិកភណ្ឌ ស្ថាបត្យកម្ម ប្រាង្គប្រាសាទនានានិង រមណីយ ដ្ឋាន ព្រមទាំងសម្បត្តិធម្មជាតិ ដ៏ល្បីល្បាញ និងសម្បូរបែប របស់ខ្មែរ។ ក្នុងនោះ ម្ហូប ចំណី អាហារ បង្អែម បន្លែ ផ្លែឈើ និងវិជ្ជាខាងធ្វើម្ហូប អាហារខ្មែរ ដែលជាស្នាដៃរបស់ចុងភៅខ្មែរ បាននិងកំពុងមានការចាប់អារម្មណ៍ គាំទ្រ ពីភ្ញៀវជាតិ អន្តរជាតិ ទាំងរស់ជាតិ ទាំងវិជ្ជាខាងធ្វើម្ហូប។

បច្ចុប្បន្នដោយពិភពលោក មានការអភិវឌ្ឍរីកចម្រើន និងសកលរូបនីកម្មនោះ ពិសេសនិងដោយ ឡែកឧស្សាហកម្ម ទេសចរណ៍ កំពុងនិងបានចូលរួមចំណែក យ៉ាងខ្លាំង នៅក្នុងខឿនសេដ្ឋកិច្ចជាតិ ក្នុងនោះវិស័យទេសចរណ៍ នៅ ប្រទេសកម្ពុជា បាននិងកំពុងដើរ តួយ៉ាងសំខាន់ និងមានសក្ដានុពល សម្រាប់ចូលរួម ការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមជាតិ។ ដោយកត្តាជាចម្បងនេះហើយ បានធ្វើឲ្យ ជនបរទេស និងភ្ញៀវទេសចរអន្តរជាតិ បានស្គាល់ក្លិន និងបានភ្លក់នូវរស់ជាតិដ៏ឆ្ងុយឆ្ងាញ់ នៃម្ហូបអាហារ របស់ខ្មែរ។ ហើយអ្នកខ្លះបានរៀនសូត្រ និងចម្លងនូវចំណេះដឹង ខាងវិជ្ជាធ្វើម្ហូប ចំណី អាហារ បង្អែម បន្លែ ផ្លែឈើរបស់ខ្មែរសម្រាប់ជា ចំណែកមួយនៃជីវភាព រស់នៅរបស់ គេផងដែរ។

ដូចកាលពីថ្ងៃទី២៣ កុម្ភៈ ឆ្នាំ២០១៣ និងជារឿយៗជនបរទេស និងភ្ញៀវទេសចរអន្តរជាតិបានចំណាយ ពេលវេលា ក្នុងដំណើរទស្សនកិច្ច ឬ ពីកិច្ចការរបស់ពួកគាត់ ដើម្បីភ្លក់រស់ជាតិ ដ៏ឆ្ងុយឆ្ងាញ និងរៀនសូត្រនូវមុខវិជ្ជា ធ្វើម្ហូបខ្មែរ ខ្លះៗ ពីចុងភៅខ្មែរ ដែលមានបទពិសោធន៍ នៅតាម ភោជនីយដ្ឋាន និងបណ្ដាសណ្ឋាគារដែល ល្បីៗនៅក្រុង សៀមរាប។ ការរៀនធ្វើម្ហូបកាលពី ថ្ងៃទី២៣ កុម្ភៈ កន្លងទៅ នៅភោជនីយដ្ឋាន អេស៊ាន សឃ្វែរ (Asian Square) ក្នុងក្រុងសៀមរាប គឺមានភ្ញៀវទេសចរជនជាតិអូស្ត្រាលី ប្រមាណ៥០នាក់ បង្រៀនដោយចុងភៅខ្មែរ គឺ លោក ឡុង បូរ៉ា ដែលមាន ស្នាដៃនិងបទពិសោធន៍ ជាង២០ឆ្នាំ ដោយមានការចូលរួម ពីចុងភៅ និងជានាដការីដ៏ល្បី នៃកម្មវិធី ចុងភៅទូរទស្សន៍ ABC ប្រទេសអូស្ត្រាលី អ្នកស្រី Poh Ling Yeow ផងដែរ។

លោក វិញ សាន ដែលជាមេចុងភៅដ៏ចំណានជាង២០ឆ្នាំ នៅតាមសណ្ឋាគារល្បីៗ ក្នុងក្រុងសៀមរាប បានឲ្យ ដឹង ថា ចុងភៅខ្មែរយើងជាច្រើន ក្រៅពីចម្អិនម្ហូបអាហារ ជូនភ្ញៀវជាតិ អន្តរជាតិ ពួកគាត់ក៏បានចូលរួម រៀបចំ ចម្អិន ម្ហូបអាហារ ជូន ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នាម៉ឺន មន្ត្រី ប្រតិភូជាតិ អន្តរជាតិ រហូតដល់ ព្រះរាជវង្សានុវង្ស នូវមុខ ម្ហូបខ្មែរផងដែរ។ ហើយចុងភៅយើងបច្ចុប្បន្ន មានចំណេះដឹង និងបទពិសោធន៍ ហើយអ្នកខ្លះមានការទទួលស្គាល់ និងបានរៀនសូត្រ ពីអន្តរជាតិផងដែរ ហើយបានទទួលលិខិតសរសើរ និងចូលរួម ប្រកួតប្រជែងបាន ទទួល មេដាយមាសថ្នាក់ជាតិ និងមេដាយប្រាក់ថ្នាក់ អន្តរជាតិផងដែរ។ ហើយចុងភៅ ភាគច្រើនអាចនិយាយ ភាសា អង់គ្លេស និងភាសាផ្សេងទៀត បានផងដែរ។

លោកបានបន្ដថា ឥឡូវនេះក្រុមចុងភៅ បាននិងកំពុងរៀបចំបង្កើតជា សមាគមចុងភៅ ប្រទេសកម្ពុជា (CAMBODIA CHEF’S CLUB) ដើម្បីរួមចំណែកក្នុងការលើក ស្ទួយមុខម្ហូបអាហារ និងវិជ្ជាខាងធ្វើម្ហូបខ្មែរ នៅក្នុង ឆាកអន្តរជាតិ ហើយរួមគ្នារក្សាការពារ នូវរាល់មុខម្ហូបខ្មែរ។ រួចបន្តចែក រំលែកនូវរាល់ចំណេះដឹង ខាងមុខវិជ្ជាធ្វើ ម្ហូបអាហារ ដល់អ្នកដ៏ទៃ ចូលរួមចំណែកក្នុងការ ផ្ដល់ឱកាសការងារដល់ ពលរដ្ឋខ្មែរ និងលើកកម្ពស់វិស័យ ទេសចរណ៍នៅកម្ពុជា។ លោកបានសុំឲ្យបណ្ដាស្ថាប័ន អង្គភាព រដ្ឋាភិបាល និងបណ្ដាប្រតិបត្តិករទេសចរណ៍ ជួយ ចូលរួមគាំទ្រ លើកម្ពស់នូវរាល់ មុខម្ហូបខ្មែរ និងសមាគម ចុងភៅ ប្រទេសកម្ពុជា ផងដែរ។

លោក ហៃ វុទ្ធី ជាមេចុងភៅ នៅតាមបណ្ដាសណ្ឋាគារល្បីៗ ជាង២៥ឆ្នាំ បានឲ្យដឹងថា ក្នុងវិជ្ជាធ្វើម្ហូប សំខាន់បំផុត គឺ រស់ជាតិ និងអនាម័យ ដែលជាមុខវិជ្ជា និងក្រមសីលធម៌របស់ចុងភៅ សម្រាប់រក្សានូវសុវត្ថិភាព សុខភាព របស់ អ្នកទទួលទាន។ ហើយការបង្កើតជាសមាគម ក៏ក្នុងគោលបំណង នេះផងដែរ ម៉្យាងនៅពេលដែលមាន សមាគម យើងមានភាពងាយស្រួល ក្នុងការគ្រប់គ្រង រក្សា និងមានលទ្ធភាពងាយស្រួយ ក្នុងការចូលរួមប្រកួតប្រជែង នៅ ក្នុងតំបន់ និងអន្តរជាតិផងដែរ។ លោកបញ្ជាក់ថា មុខម្ហូបខ្មែរដែលតែងទទួលបានការពេញនិយមពីភ្ញៀវជាតិ អន្តរ ជាតិ និងបានយកទៅប្រកួតប្រជែង មានដូចជា សម្លកកូរ សម្លប្រហើរត្រីអាំង សម្លខ្ទិះឆ្អឹងជំនីជ្រូក ការីសាច់មាន់ អបមីសួសាច់ត្រី អាម៉ុកត្រីអណ្ដែញ ញាំស្វាយត្រីឆ្អើរ ញាំត្រយោងចេក ភ្លាសាច់គោ ឡុកឡាក់សាច់គោ ផ្នែកខាង បង្អែម មានដូចជា សង់ខ្យាល្ពៅ នំផ្លែអាយ អាកោខ្ទិះ ចេកខ្ទិះ បបរគ្រាប់ត្នោត បបរត្រាវ។ ហើយនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៣ ខាងមុខនេះ នៅទីក្រុងបាងកក មានការប្រកួតមុខម្ហូប ដែលមានការចួលរូមពី ១៥ប្រទេស ហើយ លោក រួមជាមួយចុងភៅម្នាក់ទៀត នឹងយកម្ហូបខ្មែរ ទៅប្រកួត មាន សម្លម្ជូរព្រៃ សម្លម្ជូរខ្ទិះ ខបង្កង និងញាំ គ្រឿងសមុទ្រគល់ស្លឹកគ្រៃ។

លោក ឡុង បូរ៉ា បានមានប្រសាសន៍ថាលោកក៏ដូចជាបណ្ដាចុងភៅ និងក្នុងនាមជាកូនខ្មែរម្នាក់លោកមាន មោទនភាពណាស់ ដែលខ្មែរយើងមានសម្បត្តិវប្បធម៌ប្រវត្តិសាស្ត្រ ប្រាង្គប្រាសាទ សិលាចារឹក ភាសា អក្សរសាស្ត្រ របាំ សិល្បះ និងសម្បត្តិធម្មជាតិដ៏សម្បូរបែប ក្នុងនោះមានម្ហូប ចំណីអាហារ បន្លែ ផ្លែឈើ និងវិជ្ជាធ្វើម្ហូប តាំងពី បុរាណកាលមក ហើយបច្ចុប្បន្ន ត្រូវបានប្រទេសនៅក្នុងតំបន់ និងពិភពលោកបានទទួលស្គាល់ នូវភាពល្បីល្បាញ របស់ខ្មែរ។ ហើយលោក និងបណ្ដាចុងភៅខ្មែរ ក៏ដូចជាពលរដ្ឋខ្មែរ បន្ដនាំគ្នាអភិរក្ស និងលើកកម្ពស់ ហើយធ្វើឲ្យ បរទេស បានស្គាល់នូវសម្បត្តិវប្បធម៌ប្រវត្តិសាស្ត្រដ៏មានតម្លៃរបស់ខ្មែរយើង ក្នុងនៅមានម្ហូបខ្មែរផងដែរ ៕

Photo

Photo

Photo

Photo

Photo

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល