អ្នកដឹងទេ​ អ្នកគួរពិសាអាហារល្អៗដើម្បីសុខភាព ព្រោះអ្នកកំពុងតែមានផ្ទៃពោះ។ យើងដឹងថា អ្នកប្រាកដជាធ្លាប់លួចញ៉ាំអាហារ ដែលគេហាម ប៉ុន្ដែប្រការនោះមិនល្អឡើយ ព្រោះវាអាចប៉ះពាល់ដល់ដំណើរការលូតលាស់ទារកក្នុងផ្ទៃ និងសុខភាពរបស់អ្នកជាម្ដាយផ្ទាល់។  ឥឡូវនេះ អ្នកកំពុងតែមានគភ៌  ដូច្នេះអ្នកត្រូវព្យាយាមពិចារណាឱ្យបានច្រើន អំពីវិធី ដែលអ្នកចិញ្ចឹមខ្លួនឯង ពីព្រោះអាហារ ដែលអ្នកទទួលទានគឺជាប្រភពសារធាតុចិញ្ចឹមសម្រាប់ការលូតលាស់ទារកក្នុងផ្ទៃ។  ជាតួយ៉ាង នៅអំឡុងពេលមានផ្ទៃពោះ អ្នកត្រូវបំពេញបន្ថែមនូវជាតិប្រូតេអ៊ីន និងកាល់ស្យូម ដើម្បីការលូតលាស់ឆ្អឹង និងជាលិការបស់ទារក។ ម្យ៉ាងទៀតរាងកាយរបស់អ្នកត្រូវការជាតិអាស៊ីដ Folic ដើម្បីការពារប្រឆាំងនឹងការខូចបំពង់សរសៃប្រសាទរបស់ទារកពេលសម្រាល ព្រមទាំងត្រូវការជាតិដែកបន្ថែម ដើម្បីជួយឱ្យកោសិកាឈាមក្រហមបញ្ជូនអុកស៊ីសែនទៅទារក។ ខាងក្រោមនេះ អ្នកជំនាញបានណែនាំ នូវអាហារល្អៗ ដែលស្រ្ដីមានផ្ទៃពោះគួរព្យាយាមពិសាឱ្យបានខ្ជាប់ខ្ជួន៖

/

 សណ្ដែក៖ សូមបន្ថែមសណ្ដែកខ្មៅ សណ្ដែកស  សណ្ដែកសៀងទៅក្នុងរបបអាហាររបស់អ្នក។ សូមសាកល្បងដាក់វាចូលក្នុងស៊ុប  ភ្លា ឬញាំឬដាក់ចូលទៅក្នុងប៉ាស្ដា។ ក្រៅពីផ្ដល់ឱ្យអ្នកនូវជាតិប្រូតេអ៊ីន និងជាតិសរសៃ Fiber អាហារទាំងនេះក៏ជាប្រភពដ៏ប្រសើរនៃសារធាតុចិញ្ចឹមសំខាន់ៗ ដូចជា ជាតិដែក អាស៊ីដ Folic កាល់ស្យូម និងជាតិស័ង្កសី។

 /

ត្រីសាល់ម៉ុន៖ អាស៊ីដខ្លាញ់ Omega-3 មានគុណប្រយោជន៍ល្អសម្រាប់ខួរក្បាល និងភ្នែករបស់ទារក ហើយត្រីសាម៉ុន គឺជាប្រភពដ៏ប្រសើរនៃអាស៊ីដខ្លាញ់ប្រភេទនេះ។ លើសពីនេះទៀត វាផ្ដល់ឱ្យអ្នក និងទារកនូវប្រូតេអ៊ីន និងវីតាមីនB។ ម្យ៉ាងទៀត ត្រីសាម៉ុនមានផ្ទុកជាតិបារតទាប បើធៀបទៅនឹងប្រភេទត្រីដទៃទៀត។ សូមព្យាយាមពិសាវា ដោយយកវាទៅអាំង ស្ងោរ ឬដាក់លាយជាមួយនឹងសាឡាដ។ ដើម្បីសុវត្ថិភាព អ្នកអាចពិសាត្រី ដែលផ្ទុកជាតិបារតទាបត្រឹមកម្រិត ៣៤០ក្រាមក្នុងមួយសប្ដាហ៍ម្ដង ដូចជាត្រីសាម៉ុននេះជាដើម។

 /

ស៊ុត៖ ស៊ុតមានលក្ខណៈទន់ងាយស្រួលពិសា និងជាប្រភពដ៏ប្រសើរនៃជាតិប្រូតេអ៊ីន ដែលផ្ដល់នូវអាមីណូអាស៊ីដដល់អ្នក និងទារកក្នុងផ្ទៃ។ ស៊ុតមានផ្ទុកវីតាមីន និងសារធាតុរ៉ែបន្ថែមទៀតរួមទាំង ជាតិ Choline ផងដែរ ដែលល្អប្រសើរសម្រាប់ការលូតលាស់ខួរក្បាលរបស់ទារក។ ប៉ុន្ដែទោះជាយ៉ាងណា ត្រូវឱ្យប្រាកដថា អ្នកមិនពិសាស៊ុតចម្អិនមិនទាន់ឆ្អិន ឬស៊ុតឆៅនោះទេ។

 /

ប្រភេទ Berry៖ ប្ល៊ូបឺរី រ៉ាស់បឺរី និងប្ល៊ែកបឺរី គឺជាអាហារសម្រន់ដ៏ឆ្ងាញ់ពិសា និងមានឱជារសពេលយកទៅលាយជាមួយនឹងនំ Pancake និងដាក់លាយជាមួយធញ្ញជាតិ។ ប្រភេទផ្លែបឺរីនេះ សម្បូរទៅដោយវីតាមីនC ប៉ូតាស្យូម អាស៊ីដ Folic និងជាតិសរសៃ Fiber។

 /

ទឹកដោះគោជូរផ្ទុកជាតិខ្លាញ់ទាប៖  ទឹកដោះគោជូរមានផ្ទុកជាតិខ្លាញ់ទាបមួយពែងមានផ្ទុកនូវជាតិកាល់ស្យូមច្រើនជាងទឹកដោះធម្មតា ម្យ៉ាងទៀតវាមានផ្ទុកជាតិប្រូតេអ៊ីនខ្ពស់ និងមិនដាក់បន្ថែមជាតិស្ករឡើយ។ សូមស្រូបវាជាមួយនឹងផ្លែឈើ ឬនំស្រួយ ព្រមទាំងធញ្ញជាតិ៕

 /

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព : webmd