ឥណ្ឌា ៖ ស្ដ្រីជនជាតិឥណ្ឌាមួយក្រុម ទើបតែបានកំទេចបារមួយកន្លែងនៅក្នុងក្រុង Mumbai ដោយសារតែបារនេះ មានលក់ស្រាក្រឡុកមួយប្រភេទដែលមានឈ្មោះថា អ្នករំលោភ។
ក្រុមស្ដ្រីដែលពោរពេញដោយកំហឹង បាននាំគ្នាសម្រុកចូលក្នុងបារដ៏ល្បីឈ្មោះមួយ មានឈ្មោះថា Bonobo ដែលស្ថិតនៅក្នុងក្រុង Mumbai ព្រមទាំងបានហែកបញ្ជីមុខម្ហូប ភេសជ្ជៈ និងវាយបុគ្គលិក អ្នកលាយស្រាក្រឡុង ព្រោះតែបារមួយនេះ ទើបតែបានឧទ្ទេសនាមនូវស្រាក្រឡុកមួយប្រភេទ ដែលត្រូវគេដាក់ឈ្មោះថា អ្នករំលោភ ។

អ្នកស្រី Vidya Chavan ជាសមាជិកនៃក្រុមមួយក្នុងប្រទេសឥណ្ឌា បានថ្លែងប្រាប់ ទំព័រ ITN ថា ៖ យើងបានដឹងថា ស្រាក្រឡុងមួយប្រភេទដែលមានឈ្មោះថា អ្នករំលោភ ត្រូវបានគេលក់នៅបារ Bonobo នេះ។ វាពិតជាគួរឱ្យអាម៉ាស់ណាស់ នៅពេលដែលគេមិនចាត់ទុកការរំលោភជាទោសមួយ ហើយបែរជាប្រើប្រាស់វាតាមចិត្តបែបនេះ។ អ្នកស្រីយល់ថា ម្ចាស់បាននេះ ហាក់ដូចជាយល់ថា វាជាការលេងសើច និងមិនគោរពដល់សិទ្ធិស្ដ្រី។
ស្ដ្រីទាំងនេះ បានទាមទារឱ្យក្រុមនគរបាលចាប់ខ្លួនលោក Nevile ដែលជាអ្នកប្រកាសដាក់លក់ប្រភេទស្រាក្រឡុកនេះផងដែរ។
គួររំលឹកថា ប្រជាជននៃប្រទេសឥណ្ឌាកំពុងមានការខឹងសម្បាយ៉ាងខ្លាំង បន្ទាប់ពីមានករណីរំលោភនិស្សិតស្រីម្នាក់ ដោយក្រុមបុរសមានគ្នាច្រើននាក់ នៅលើរថយន្ដក្រុង ក្នុងក្រុង New Delhi កាលពីចុងខែធ្នូ។ ករណីនេះបានធ្វើឱ្យកើតមានបាតុកម្មជាច្រើននៅប្រទេសនេះ ព្រមទាំងមានការជជែកអំពីអំពើរំលោភផ្លូវភេទសំដៅលើស្ដ្រី នៅទូទាំងពិភពលោក៕
ដោយ ៖ សីហាប្រភព ៖ VE