(ញូដេលី)៖ រដ្ឋាភិបាលនៃប្រទេសឥណ្ឌា បានប្រកាសឲ្យដឹងជាបឋមថា ចំនួនអ្នកស្លាប់ដោយសាររលកកម្ដៅខ្លាំងនៅភាគខាងត្បូងនៃប្រទេស បានកើនឡើងដល់ ១១១នាក់ ក្នុងនោះភាគច្រើនស្លាប់ដោយសារខ្សោះជាតិទឹកនៅក្នុងខ្លួន និងគាំងបេះដួង នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន India Times ចេញផ្សាយនៅថ្ងៃទី១៨ ខែមេសា។
តាមការព្យាករណ៍អាកាសធាតុរបស់គេហទំព័រ Weather បានឲ្យដឹងថា រលកកម្ដៅនៅក្នុងរដ្ឋ Telangana និង Andhra Pradesh ភាគខាងត្បូងនៃប្រទេសឥណ្ឌា បានកើនឡើងដល់ ៤៥អង្សាសេ ដែលបណ្ដាលឲ្យមនុស្សនៅក្នុងរដ្ឋទាំងពីរនេះ ស្លាប់ប្រមាណជា ១១១នាក់ ហើយបើសិនជារលកកម្ដៅនេះ មិនអន់ថយនោះទេ អាចនឹងបណ្ដាលឲ្យមានមនុស្សស្លាប់បន្តទៀត។
អាជ្ញាធរ ក៏ដូចជារដ្ឋាភិបាលឥណ្ឌា បានចេញសេចក្ដីប្រកាសឲ្យពលរដ្ឋដែលរស់នៅតំបន់ដែលមានកម្ដៅកើនឡើង មានការប្រុងប្រយ័ត្ន ដោយទទួលទានទឹក និងងូតទឹកឲ្យបានច្រើនដង ហើយបើតាមអ្នកជំនាញបានបញ្ជាក់ថា ការឡើងកម្ដៅនេះ អាចបណ្ដាលមកពីបាតុភូតអាកាសធាតុ El Nino។
គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០១៥ កន្លងទៅនេះ ប្រទេសឥណ្ឌា ក៏បានជួបប្រទះនូវបាតុភូតធម្មជាតិរលកកម្ដៅខ្លាំងនេះផងដែរ ដោយបានសម្លាប់មនុស្សជាង ២,០០០នាក់៕
ប្រភព ៖ Indiatime
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី