ព័ត៌មានអន្តរជាតិ ៖ ទីបំផុតលោក HTIN KYAW ដែលជាមនុស្សជំនិតរបស់លោកស្រី អ៊ុងសាន ស៊ូជី មកពីគណបក្សឈ្នះឆ្នោតគឺគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) បានទទួលសំឡេងគាំទ្រក្នុងសភាលើសគេ និងក្លាយជាប្រធានាធិបតីស្របច្បាប់លើកដំបូងរបស់មីយ៉ាន់ម៉ា ដែលមិនត្រូវបានជ្រើសតាំងដោយយោធា ក្នុងរយៈពេលជាងកន្លះសតវត្សរ៍មកនេះ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានស៊ិនហួរ ចេញផ្សាយនៅមុននេះបន្ដិច។ ការបោះឆ្នោតត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃអង្គារ នេះដោយមានបេក្ខភាព បីរូបឈរឈ្មោះ ក្នុងនោះពីររូបមកពី គណបក្ស NLD និង មួយរូបទៀតតែងតាំងដោយយោធា។ អ្នកទាំងពីររូបដែលមិនឈ្នះឆ្នោត នឹងទទួលបាន តំណែងជាអនុប្រធានរដ្ឋសភានោះ គឺ លោក U Henry Van Htee Yu មកពីគណបក្ស NLD, និងលោក U Myint Swe មកពីគណបក្សសហភាពសាមគ្គីភាពនិងការអភិវឌ្ឍ (USDP) របស់អតីតរដ្ឋាភិបាលលោក យូ ធេន សេន (ត្រូវបានបញ្ជូនមក ដោយស្វ័យប្រវត្តិពីយោធា)៕
ប្រភព ៖ ស៊ិនហួរ
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី