(ឥណ្ឌា)៖ អាជ្ញាធរឥណ្ឌា បានបញ្ជាក់ឲ្យដឹងថា ចំនួនអ្នកស្លាប់ក្នុងករណីបាក់ស្ពានអាកាសនៅក្នុងទីក្រុង Kolkata ក្បែរឧទ្យាន Girish Park បានកើនឡើងដល់ ២៥នាក់ ខណៈអ្នករបួសកើនដល់ជាង ១០០នាក់ នេះបើយោងតាមការចេញផ្សាយរបស់សារទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦។
តំណាងភ្នាក់ងារជួយសង្គ្រោះ បានឲ្យដឹងថា ប្រតិបត្តិការជួយសង្គ្រោះមនុស្សជាប់គាំងនៅក្រោមគំនរបាក់បែក ត្រូវបានធ្វើឡើងដោយចំណាយពេលប្រមាណ ៤ម៉ោង ដោយមានការចូលរួមពីក្រុមពន្លត់អគ្គីភ័យ និងប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុ។
គួរបញ្ជាក់ផងដែរថា ស្ពានមួយនេះ បានស្ថិតក្រោមការសាងសង់តាំងពីឆ្នាំ ២០០៩ ប៉ុន្តែមកដល់ពេលនេះ នៅមិនទាន់ធ្វើរួចរាល់ទៀត ហើយបើតាមសំដីរបស់ប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងនោះ បានឲ្យដឹងថា ពេលខ្លះគេឃើញមានក្រុមសំណង់មកធ្វើការ ប៉ុន្តែក្រោយមកក៏បាត់ទៅវិញ ហើយវាមិនមែនមួយលើក ឬពីរលើកនោះទេ ពោលគឺច្រើនដងមក ពួកគាត់ក៏មានចម្ងល់ដែរថា ស្ពាននេះពេលណាសាង់សង់រួច បើធ្វើឈប់ៗបែបនេះ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី