បណ្តាស្មាតហ្វូន Xperia Ion, Xperia Active ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android របស់ Sony ទើបបានសមាគម Red Dot Design (អាឡឺម៉ង់) ផ្តល់ពានរង្វាន់ដែលពាក់ព័ន្ធនឹងការរចនាម៉ូតឆ្នាំ២០១២ ក្នុងពេលដែល Apple iPhone ត្រូវត្រលប់ទៅវិញដោយដៃទទេ។
Xperia Ion ជាម៉ូដែលខ្ពស់បំផុតរបស់ Sony ជាមួយអេក្រង់ Bravia 4,55 inch កំរិតពន្លឺ HD និងកាមេរ៉ាថតរូប12 megapixel ។ ចំណែក Xperia Active ជាប្រភេទទូរស័ព្ទដែលរឹងមាំមិនជ្រាបទឹក ធូលី និងប៉ះទង្គិចខ្លាំង។ ក្រៅពីស្មាតហ្វូនទាំងពីរខាងលើនេះ Sony នៅទទួលបានថែមនូវរង្វាន់ពីរទៀតដោយសារឧបករណ៍ SmartDock និង Smart Wireless Headset។

Sony Xperia Ion ទទួលបានរង្វាន់រចនាម៉ូតស្អាត ពី Red Dot 2012

Xperia Active ទទួលបានរង្វាន់ជាប្រភេទទូរស័ព្ទដែលរឹងមាំមិនជ្រាបទឹក ធូលី និងប៉ះទង្គិចខ្លាំងពី Red Dot 2012
Apple បើទោះជាមិនបានទទួលបានរង្វាន់អ្វីខាងស្មាតហ្វូន ប៉ុន្តែទទួលតំណែងខាងTablet គឺ iPad 2 និងឧបករណ៍ Smartcover។ ចំណែកផលិតផល HTC Droid Incredible 2, Alcatel OT-916, Lenovo S800 និង Vodafone 555 Blue ក៏ត្រូវបាន Red Dot Design 2012 វាយតំលៃខ្ពស់ផងដែរ។
Red Dot Design ជាពានរង្វាន់កិត្តិយស ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំដោយក្រុមហ៊ុន Zentrum Nordrhein Westfalen (អាឡឺម៉ង់)។ គណកម្មាធិការផ្តល់ពិន្ទុ ដែលអ្នកជំនាញលំដាប់អន្តរជាតិ នឹងវាយតំលៃផលិតផលតាមរយះការច្នៃប្រឌិត ការរចនាម៉ូត កំរិតរឹងមាំ និងលទ្ធភាពប៉ះពាល់ដល់បរិស្ថាន។ ក្នុងឆ្នាំ២០១២នេះ មានផលិតផលចំនួន១៤.០០០គ្រឿង ត្រូវបាន៧០ប្រទេសផ្ញើមកដើម្បីចូលរួមប្រកួត។ ការផ្តល់រង្វាន់នេះត្រូវបានប្រារព្ធឡើងនៅ Essen ប្រទេសអាឡឺម៉ង់ កាលពីថ្ងៃទី២/៧ កន្លងទៅនេះ៕
ដោយ៖ សិលាប្រភព៖ VE