កាលពីថ្ងៃទី ១៧ តុលា ម្សិលមិញនេះរដ្ឋាភិបាលកម្ពុជាបានធ្វើពិធីដង្ហែព្រះបរមសព របស់ព្រះករុណាព្រះបាទ នរោត្តម សីហនុ ព្រះវររាជបីតាឯករាជ្យជាតិ ដែលព្រះអង្គបានចូលទិវង្គតនាថ្ងៃទី១៥ តុលា នៅមន្ទីរពេទ្យទីក្រុង ប៉េកាំង ប្រទេសចិន ក្នុងជន្មាយុ ៩០ ព្រះវស្សា។ ហើយក្នុងការធ្វើពិធីដង្ហែព្រះបរមសព នេះផងដែរ គេសង្កេតឃើញមានប្រជាពលរដ្ឋខ្មែរមកពីគ្រប់ទិសទី ទាំងមកពីខែត្រ និងក្រុងផ្សេងៗបានប្រមូលគ្នាអមសងខាងផ្លូវ តាំងពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញរហូតមកដល់ព្រះបរមរាជវាំង ដើម្បីជាការអមដល់ការយាងធ្វើមាតុនិវត្តន៍វិញនៃព្រះបរមសពរបស់ព្រះករុណា សម្ដេចឪ សម្ដេចតា សម្ដេចតាទួត ដែលបើតាមការប្រមើលមើលគឺមានមនុស្សមិនតិចជាងកន្លះលាននាក់នោះទេ ដែលបានចូលរួម។/តែជាមួយគ្នានេះផងដែរយើងក៏បានសង្កេតឃើញមានសកម្មភាពអសកម្មមួយចំនួនដែលកើតចេញពីជនឆ្លៀតឪកាសមួយចំនួនផងដែរ។ ពួកគេបានយកឪកាសនេះដើម្បីធ្វើជាឈ្នាន់ក្នុងការរកស៊ី ដោយបានដំឡើងថ្លៃគ្រប់ប្រភេទ និងរិះរកវិធីសាស្រ្តថ្មីក្នុងការរកប្រាក់ទៀតផង ដូចជា មានអ្នកលក់ក្រណាត់បូខ្មៅកាន់ទុកក្នុងមួយខ្សែ ១០០០៛ ទឹកពិសារក្នុងមួយដប ១០០០៛ ទៅ ២០០០៛ មានខ្លះបានយកទីតាំងផ្ទះរបស់ខ្លួនដែលមានទីតាំងក្បែរតំបន់ បូលឌីញ Phnom Penh Center និងក្រោយព្រះបរមរាជវាំងដាក់ជាកន្លែងផ្ញើរម៉ូតូដោយយកតម្លៃពី ២០០០៛ ដល់ ១០០០០៛ ទៀតផង ហើយមានអ្នកលក់ធូប ៥ សរសៃ ៥០០៛ ហើយអ្វីដែលមិនអាចទទួលយកបាននោះគឺមានអ្នកផ្ដិតរូបសម្ដេចព្រះនរោត្តមសីហនុ ដើម្បីដើរលក់ជូនយាយៗដែលមកពីតាមខែត្រក្នុងមួយសន្លឹកតម្លៃពី ១៥០០០៛ ដល់ទៅជាង ២០០០០៛ ទៀតផង។

ទោះជាយ៉ាងនេះក្ដី គេក៏សង្កេតឃើញមានកូនខ្មែរពិតៗមួយចំនួនដែលមានទឹកចិត្តសប្បុរស ចេះជួយដល់គ្នា បានដាក់ជាស្ដង់តូចៗដែលមានចែកជូនដោយឥតគិតថ្លៃនូវទឹកពិសារ ក្រណាត់បូពណ៌ខ្មៅ និងជួយសម្រួលដល់អ្នកដែលមានអការៈមិនស្រួលខ្លួនជាដើម ដោយមិនមានយកកម្រៃ។/

កូនខ្មែរដាក់ស្តង់តូចចែកទឹកពិសារ និងបូរកាន់ទុកដោយមិនយកកម្រៃ/ដោយឃើញមានភាពអសកម្មបែបនេះ Camnews សុំចិត្តអ្នកអានទាំងអស់គ្នាជួយក្នុងការផ្សព្វផ្សាយនូវព័ត៌មាននេះ សូមអោយមហាជនមួយចំនួនដែលប្រកបរបរផ្ញើរម៉ូតូ លក់ទឹកពិសារ សូមមេត្តាកុំយកពិធីកាន់ទុក្ខអតីតព្រះមហាក្សត្រមកធ្វើជាឈ្នាន់ក្នុងការរកស៊ី ព្រោះការធ្វើបែបនេះមិនមែនជាការគោរពនោះទេ វាថែមទាំងធ្វើអោយមានការពិបាកដល់អ្នកដែលមកពីខែត្រផងដែរ ជាពិសេសយាយៗដែលគាត់បានអញ្ជើញមកពីបណ្ដាខែត្រមួយចំនួន គ្រាន់តែ ២០០០០៛ ទិញរូបថតសម្ដេចតា មួយសន្លឹកនោះវាស្មើរថ្លៃធ្វើដំណើរទៅមកមួយជើងបាត់ទៅហើយ។ សូមជួយផ្សព្វផ្សាយបន្តព្រោះយើងជាខ្មែរដូចគ្នា៕

ដោយ៖ ម៉ូកា