ដូចអ្វីដែលយើងបានដឹង Nokia គឺជាក្រុមហ៊ុនផលិតទូរស័ព្ទ Windows Phone ធំជាងគេក្នុងពេលបច្ចុប្បន្ននេះ ហើយក៏ជាដៃគួសហការដ៏ជិតស្និទ្ធជាមួយ Microsoft ផងដែរ។ ជាក់ស្តែង ថ្មីៗនេះ ក្រុមហ៊ុនទូរស័ព្ទហ្វាំងឡង់ បានឲ្យដឹងពីការមិនសប្បាយចិត្តរបស់ខ្លួន ជាមួយនឹងអ្វីដែលប្រព័ន្ធប្រតិបត្តិការ Windows Phone 8 កំពុងបង្ហាញ។
ជាក់ស្តែងក្នុងកិច្ចសម្ភាសន៍មួយជាមួយ International Business Times លោក Bryan Biniak អនុប្រធានទទួលភារកិច្ចផ្នែកអភិវឌ្ឍ Application របស់ Nokia បានបង្ហាញពីភាពអស់សង្ឃឹមរបស់ខ្លួននៅចំពោះមុខសមត្ថភាពដំណើរការ និងការបង្ហាញប្រព័ន្ធប្រតិបត្តិការ Windows Phone របស់ក្រុមហ៊ុន Microsoft។ លោក Bryan មានអារម្មណ៍ថា ប្រព័ន្ធប្រតិបត្តិការនេះ មិនមានពេលវេលាច្រើន ក្នុងការអភិវឌ្ឍន៍ឲ្យប្រសើរឡើងច្រើនជាងមុន ទៀតឡើយ។ ខ្វះបណ្តា Applications ដល់ Window Phone ប្រហែលជាការចាប់អារម្មណ៍ខ្លាំងចំពោះលោកអនុប្រធានរបស់ Nokia។ លោកបាននិយាយថាៈ បើសិនជាយើងខ្វះ សូម្បីតែមួយ Application ដែលអ្នកប្រើប្រាស់កំពុងចាប់អារម្មណ៍ យើងនឹងបាត់បង់ឱកាសលក់ចេញ សូម្បីតែទូរស័ព្ទមួយគ្រឿង។
បើទោះបីជា Nokia មានផលិតផលដ៏មានគុណភាពជាច្រើនដូចជា Lumia 1020 និង Lumia 920 ជាមួយនឹង Hardware ដ៏អស្ចារ្យ ប៉ុន្តែជាក់ស្តែងភាពអន់ខ្សោយរបស់ Windows Phone កំពុងតែបង្អាក់ការអភិវឌ្ឍន៍ របស់ Nokia ដែលពីមុនធ្លាប់ជាស្តេចទូរស័ព្ទមួយផងដែរ។ Bryan ក៏បានបង្ហាញពីភាពទុទិដ្ឋិនិយម ក្នុងកិច្ចសម្ភាសន៍ ដោយបានបញ្ជាក់យ៉ាងខ្លីថា: មិនមាន Application,Hardware ក៏ដូចជាគ្មានន័យអ្វីឡើយ៕
ដោយ៖ សិលាប្រភព៖ K14