ស្ថាបនិកនៃ “អាណាចក្រ” ទូរគមនាគមន៍ Bloomberg បានផ្ដល់យោបល់ដល់អ្នករាល់គ្នា ឱ្យជ្រើសរើសផ្លូវល្អសម្រាប់ខ្លួន ដោយយោងទៅលើលទ្ធភាព និងស្ថានភាពជាក់ស្ដែង។

/

ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់បណ្ដាក្រុមហ៊ុនផ្ដល់សេវាកម្មហិរញ្ញវត្ថុលំដាប់កំពូលនៅអាមេរិក កាលពី​ដើមខែ មហាសេដ្ឋី Bloomberg ឱ្យដឹងថា ៖ “បច្ចុប្បន្ន ប្រសិនកូនរបស់អ្នកមានការរារែកមិនដឹងគួរចូល​រៀនមហាវិទ្យាល័យ ឬ ទៅធ្វើជាជាង នោះអ្នកប្រាកដជាត្រូវពិចារណាច្រើន។ ប្រសិនកូនតូច​របស់អ្នក មិនអាចចូលរៀននៅសាលាល្អៗបាន និងមិនមានសមត្ថភាពសមល្មនឹងបន្តការសិក្សា ប៉ុន្ដែ គេមានភាពរហ័សរហួន នៅពេលជួបអ្នកដទៃ ឬមានទេពកោសល្យខាងជើង ដូចជាតបណ្ដាញទឹកជាដើម នោះអនាគតរបស់កូនអ្នក ប្រាកដជារុងរឿង”។

មហាសេដ្ឋីរូបនេះក៏បានថ្លែងថា បណ្ដានិស្សិតដែលគ្រោងនឹងចូលរៀនមហាវិទ្យាល័យ Harvard គួរតែពិចារណា ដើម្បីជ្រើសរើសប្រការដូចតទៅ ៖ “អ្នកនឹងត្រូវបង់ថ្លៃសាលា ពី ៥០.០០០ -៦០.០០០ ដុល្លារ/ឆ្នាំ នៅពេលរៀននៅសាលា Harvard ឬធ្វើជាជាងតបណ្ដាញ​ទឹក ដែលរកចំណូលបានប្រហែលគ្នានេះ”។

យោងតាមគេហ​ទំព័រ CNN មហាសេដ្ឋី Bloomberg ក៏ធ្លាប់បានសិក្សានៅសកលវិទ្យាល័យ Johns Hopkins និងមហាវិទ្យាជំនួញ Harvard ។ លោកបានដឹងថា ត្រូវប្ដូរអ្វីខ្លះដើម្បីបង្កើតក្រុមហ៊ុនមួយ និងបានឃើញថា មានឱកាសជាច្រើនសម្រាប់ក្រុមមនុស្សដែលមានចំណូលមធ្យម។

/

លោក បានលើកឧទាហរណ៍ជាក់ស្ដែងអំពីឱពុករបស់បុគ្គលិកម្នាក់ក្នុងក្រុមហ៊ុន។ “គាត់មានបុគ្គលិកជាជាងតទឹក ៦នាក់។ គាត់លេង ហ្គោលបានល្អ ហើយបានទៅទីលានវាយកូនហ្គោលល្បីៗ ដែលខ្ញុំបានត្រឹមតែស្រមៃ។ គាត់បានបើកក្រុមហ៊ុនតូច នៅពេលមានឱកាស ដោយគាត់មិនធ្លាប់​បានចូលរៀនមហាវិទ្យាល័យនោះឡើយ”។

មហាសេដ្ឋី Bloomberg យល់ថា បណ្ដាការងារដូចខាងលើនេះ កំពុងតែមានសារសំខាន់ ពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែបច្ចេកវិទ្យារីកចម្រើន ធ្វើឱ្យអ្នកមានចំណូលមធ្យម មិនអាចទទួលបានប្រាក់ខែខ្ពស់ដូចមុន។ នេះជាជាមូលហេតុដែលនាំឱ្យមានការប្រកាសជ្រើសរើសបុគ្គលិកកាន់តែច្រើន តែប្រាក់ខែនៅដដែល។ លោកថ្លែងថា ៖ “សម័យនេះ បណ្ដាក្រុមហ៊ុនផ្ដល់សេវាកម្មផ្នែកច្បាប់ ពួកគេគ្រាន់តែប្រើក្ដារចុច និងស្រាវជ្រាវ គឺខុសពីសម័យមុន ដែលក្រុមលេខាត្រូវពិនិត្យទៅលើឯកសាររាប់សិបសៀវភៅ”។

/

David Rubenstein សហស្ថាបនិក និងជាអគ្គនាយករបស់ក្រុមហ៊ុនវិនិយោគ The Carlyle Group ក៏មានការយល់ឃើញដូចខាងលើ។ លោកថ្លែងថា ៖ “មនុស្សបច្ចុប្បន្ន លែងជឿជាក់ទៅលើពាក្យមួយឃ្លាដែលគេនិយាយថា “ប្រសិនអ្នកប្រឹងប្រែងធ្វើការ មានការសិក្សាខ្ពស់ ទទួលបានអាហារូបករណ៍ អ្នកអាចនឹងឈានឡើងកាន់កាប់តំណែងខ្ពស់ជាងគេ”។ ការយល់ឃើញនេះ ត្រូវបានប្ដូរផ្លាស់ច្រើន ចាប់តាំងពីក្រោយវិបត្តិហិរញ្ញវត្ថុ”៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ CNN