ក្រុមអ្នកវិទ្យាសាស្ដ្រ នៅសកលវិទ្យាល័យ Minnesota (អាមេរិក) សហការណ៍ជាមួយសមាគមន៍​វិទ្យាសាស្ដ្រជាតិ កំពុងធ្វើការសាកល្បង បញ្ជាយន្ដហោះ quadcopter ដោយប្រើការស្រមៃគិត តាមរយៈមួកឆ្លាតវៃមួយប្រភេទ។    

width=477

មួកនេះ មានភ្ជាប់ខ្សែចំនួន ៦៣ និងត្រូវបានលាបជែល ២ប្រភេទ ដើម្បីជួយឱ្យវាតភ្ជាប់ផ្ទាល់ទៅ​នឹងស្បែកក្បាល (មិនចាំបាច់វះកាត់ ដើម្បីភ្ជាប់)។ មួកឆ្លាតវៃនេះ អាចអានបាននូវការគិតរបស់អ្នកពាក់ ដើម្បីចេញបញ្ជាទៅកាន់យន្ដហោះ។ការបញ្ជាយន្ដហោះ  quadcopter ដោយការគិតពីចម្ងាយ វាមិនងាយស្រួលនោះទេ។ អ្នកសាកល្បង ត្រូវចំណាយពេលយ៉ាងតិច ២០ម៉ោង ដើម្បីហាត់បញ្ជាយន្ដហោះនេះ នៅក្នុងកម្មវិធីសបវែរមួយ មុននឹងសាកល្បងនៅខាងក្រៅ។អ្នកបញ្ជា អង្គុយនៅមុខកុំព្យូទ័រមួយ ដែលបង្ហាញរូបភាពរបស់យន្ដហោះ quadcopter តាមរយៈកាមេរ៉ា ដែលអនុញ្ញាតឱ្យក្រុមអ្នកវិទ្យាសាស្ដ្រ តាមដានដំណើរការ។ យន្ដហោះ quadcopter ត្រូវបានបំពាក់ប្រព័ន្ធបញ្ជា ដោយការគិត។

width=365

អ្នកបញ្ជាយន្ដហោះ នឹងត្រូវស្រមៃថា គាត់កំពុងប្រើប្រាស់ដៃស្ដាំ ដៃឆ្វេង ឬដៃទាំងពីរ ហើយ​ត្រូវគ្រប់គ្រងសកម្មភាពរបស់យន្ដហោះ។ ប្រសិនអ្នកបញ្ជា ប្រមៃគិតថា ខ្លួនកំពុងលើកដៃឆ្វេងឡើង នោះយន្ដហោះនឹងហោះបត់មកខាងឆ្វេង ប្រសិនគាត់ស្រមៃគិតថា លើកដៃទាំងពីរឡើងលើ នោះយន្ដហោះនឹងហោះខ្ពស់ជាងនេះ។Bin He ដែលជាប្រធានក្រុមអ្នកវិទ្យាសាស្ដ្រ ជាសាស្ដ្រាចារ្យនៃសកលវិទ្យាល័យ Minnesota ឱ្យដឹងថា ៖ “ការស្រាវជ្រាវរបស់យើងខ្ញុំ បង្ហាញថា ជាលើកដំបូងដែលមនុស្សអាចបញ្ជាឧបករណ៍មួយ ដោយប្រើការស្រមៃគិត តាមរយៈរលកសញ្ញានៃខួរក្បាល”។ លោកបន្ថែមថា គោលដៅ​បន្ទាប់របស់ក្រុមលោក គឺការជួយឱ្យជនពិការ អាចប្រើការគិត ដើម្បីបញ្ជាដៃសប្បនិម្មិត ដោយរលក​សញ្ញាខួរក្បាល។

width=436

គួររំឭកផងដែរ​ថា មុននេះ ក្រុមអ្នកវិទ្យា នៅសកលវិទ្យាល័យ Essex ក៏ធ្លាប់បានពិសោធ​ប្រហាក់​ប្រហែលនេះ នៅឯទីភ្នាក់ងារអវកាស NASA ដោយផ្ដោតទៅលើការបញ្ជាយានអវកាស។ ក្រុម​អ្នកវិទ្យាសាស្ដ្រនេះ សង្ឃឹមថា ថ្ងៃណាមួយ ពួកគេអាចប្រើប្រាស់បច្ចេកវិទ្យានេះ ដើម្បីជួយដល់ក្រុម​អវកាសចរ ដែលហោះហើរនៅក្នុងលំហអាកាស៕

 

ប្រែសម្រួលដោយ ៖ តារាប្រភព ៖  KH