មជ្ឈមណ្ឌលកែសម្ផស្សមួយនៅ Chongqing ប្រទេសចិន បានបញ្ចេញឈុតឆាកផ្សាយពាណិជ្ជកម្ម “កែច្រមុះស្អាតដូចតួ Eiffel” ដើម្បីទាក់ទាញនិស្សិតស្រីដែលកំពុងចូលរួមប្រកួតប្រជែង ក្នុងការស្វែងរកការងារធ្វើ នៅប្រទេសនេះ។
គ្រូពេទ្យ Wang (កណ្ដាល) កំពុងធ្វើការវះកាត់កែសម្ផស្ស នៅមន្ទីរពេទ្យមួយ ក្នុងក្រុង Chongqing កាលពីខែសីហា។ (រូប ៖ AFP)
ដោយសារតែក្នុងមួយឆ្នាំៗ មាននិស្សិតរាប់លាននាក់បានបញ្ចប់ការសិក្សា ដូច្នេះ ប្រទេសចិនបានងាកប្រកួតប្រជែងទាំងរូបសម្រស់ ដើម្បីរកបានការងារធ្វើ។ ពីមួយថ្ងៃទៅមួយថ្ងៃ មាននារីជាច្រើន បានសម្រេចចិត្ដវះកាត់កែសម្ផស្ស ដូចជាធ្វើច្រមុះ ធ្វើភ្នែក បូមខ្លាញ់ជាដើម ដើម្បីទទួលបានអទិភាពខ្ពស់ក្នុងពេលរកការងារ។មូលហេតុដែលបណ្ដាលឱ្យមាននិស្សិតស្រីកាន់តែច្រើន ទៅកែសម្ផស្ស គឺដោយសារថា ក្រុមហ៊ុនចិន ដែលធ្វើការជ្រើសរើស គឺតែងតែទាមទារឱ្យបេក្ខភាព មានរូបសម្រស់ស្រស់ស្អាត។ ជាមួយនិងនិស្សិតប្រមាណជា ៧លាននាក់ បានចូលរួមរកការងារធ្វើជារៀងរាល់ឆ្នាំ បូករួមនិងកំណើនសេដ្ឋកិច្ចធ្លាក់ចុះ នាំឱ្យក្រុមហ៊ុនទូរគមនាគមន៍ធំៗនៅប្រទេសចិន សុទ្ធតែវាយតម្លៃថា ឆ្នាំ ២០១៣ គឺជាឆ្នាំ “លំបាកបំផុត” សម្រាប់បុគ្គលិកការិយាល័យ។ក្រុមគ្រូពេទ្យកែសម្ផស្សនៅចិន និយាយថា ចំនួននិស្សិតដែលមករកសេវាវះកាត់កែសម្ផស្សដើម្បីបង្កើនឱកាសស្វែងរកការងារ បន្ទាប់ពីបានបញ្ចប់ការសិក្សា កាន់តែមានច្រើនឡើងៗ។ ចំណែកចំនួនប្រជាជនច្រើន ក៏ធ្វើឱ្យចិន ក្លាយជាទីផ្សារកែសម្ផស្សធំបំផុតទីបី ក្នុងពិភពលោក។មជ្ឈមណ្ឌលកែសម្ផស្សរាប់សិបកន្លែង បានបិទផ្សាយឃោសនា យ៉ាងគគ្រិកគគ្រេង នៅក្នុងទីក្រុង Chongqing ភាគនិរតីប្រទេសចិន។ ក្នុងចំណោមនោះ ការឃោសនា ផ្សាយពាណិជ្ជកម្មរបស់លោកវេជ្ជបណ្ឌិត Wang Xuming ឱ្យដឹងថា “នឹងធ្វើឱ្យច្រមុះរបស់អ្នក មានរូបរាងកោងយ៉ាងស្រស់ស្អាត និងប្រកបដោយសិល្បៈ ដូចតួ Eiffel” ។លោកវេជ្ជបណ្ឌិត Wang Xuming ថ្លែងថា គាត់បានធ្វើការវះកាត់កែច្រមុះរាប់សិបករណី ជារៀងរាល់ខែ ៖ “យើងមិនកែច្រមុះ ប៉ុន្ដែយើងបង្កើតវាឡើងវិញ”។កែសម្ផស្ស ឬមួយជាការគ្មានការងារធ្វើ?
និស្សិតរាប់ពាន់នាក់ ប្រជ្រាតគ្នា ស្វែងរកការងារ នៅក្នុងពិព័រណ៍ការងារមួយ ក្នុងក្រុង Shenyang នៃខែត្រ Liaoning ឆ្នាំ ២០១១ ។ រូប ៖ AFP
នៅក្នុងរយៈពេលមួយទសវត្សកន្លង បណ្ដាសកលវិទ្យាល័យនៅចិន បានពង្រីកសេវាកម្មរបស់ខ្លួន ទៅគ្រប់កន្លែង ហើយចំនួននិស្សិតក៏បានកើនឡើងទ្វេដង ប៉ុន្ដែ ចំនួនការងារការិយាល័យ ក្នុងក្រុង នៅតែដដែល ធ្វើឱ្យនិស្សិតបញ្ចប់ការសិក្សារាប់ម៉ឺននាក់ មិនមានការងារធ្វើ។ លទ្ធផលនៃការស្រាវជ្រាវមួយ បង្ហាញថា និស្សិតប្រមាណជា ១០% ដែលបានបញ្ចប់ការសិក្សា មិនអាចរកបានការងារធ្វើ ហើយតួលេខនេះ គឺខ្ពស់ជាងទ្វេដង ធៀបនិងភាពគ្មានការងារនៅទូទាំងប្រទេស។យោងតាមសមាគមន៍គ្រូពេទ្យកែសម្ផស្សអន្ដរជាតិ ប្រទេសចិន មានប្រជាជនទៅកែសម្ផស្សច្រើនជាងគេ លំដាប់ទីបីក្នុងពិភពលោក បន្ទាប់ពីអាមេរិក និងប្រហ្ស៊ីល។ ថង់ប្រាក់របស់វណ្ណៈកណ្ដាលនៅចិន បានជួយឱ្យវិស័យកែសម្ផស្សនៃប្រទេសនេះ កើនឡើង ៤០% ជារៀងរាល់ឆ្នាំ នៅក្នុងបណ្ដាឆ្នាំចុងក្រោយនេះ។
អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖
រឿងរ៉ាវស្នេហាដ៏មានសុភមង្គល របស់អ្នកជម្ងឺ down មួយគូ នៅហូឡង់
មហាសេដ្ឋីនី វ័យក្មេងបំផុត ប្រចាំអាមេរិក សម្រាប់ចុងឆ្នាំ ២០១៣
សេដ្ឋីចិន មានអាយុក្មេងជាងគេ នៅលើពិភលោក
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ AFP