ចិន ៖ ភ្នាក់ងារបង្ហាញម៉ូតរបស់ប្រទេសចិន បានបដិសេធចំពោះការអះអាងដែលថា តារាម៉ូដែលវ័យក្មេងសញ្ជាតិរុស្ស៊ីម្នាក់ ដែលខ្លួននាំទៅដើរបង្ហាញម៉ូត បានស្លាប់ដោយសារធ្វើការងារហួសកម្លាំង ។ យុវតី Vlada Dzyuba អាយុ 14 ឆ្នាំ បានស្លាប់ នៅក្នុងប្រទេសចិន កាលពីថ្ងៃសុក្របន្ទាប់ពីចូលរួមដើរបង្ហាញម៉ូត ក្នុងកម្មវិធី Shanghai Fashion Week។
ក្រុមហ៊ុន ESEE Model Management ដែលមានមូលដ្ឋាន នៅទីក្រុងស៊ាងហៃ បាននិយាយថានាងគឺជាក្មេងស្រីម្នាក់ ដែលមានអត្ដចរិតរីករាយនឹងការងារដើរម៉ូតរបស់នាង។
តារាម៉ូដែលបរទេសជាច្រើន នៅក្នុងប្រទេសចិន គឺមកពីអតីតសហភាពសូវៀត។ ប្រទេសចិនមានច្បាប់ ដែលអនុញ្ញាតឱ្យកុមារអាយុក្រោម ១៦ ឆ្នាំ អាចធ្វើការ នៅក្នុងឧស្សាហកម្មមួយចំនួនបាន។
យោងតាមរបាយការណ៍មួយចំនួន បានឱ្យដឹងថា យុវតី Vlada ចាប់ផ្តើមមានអាការៈវិលមុខនិងធ្លាក់ខ្លួនឈឺ ហើយត្រូវបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យទីក្រុងសៀងហៃ កាលពីថ្ងៃពុធ។ នាងបានស្លាប់ កាលពីថ្ងៃសុក្រ ពីការចុះខ្សោយសរីរាង្គជាច្រើនផ្នែក បន្ទាប់ពីស្ថានភាពជំងឺរបស់នាងកាន់តែយ៉ាប់យ៉ឺន។
សារព័ត៌មានចិន Global Times បានឱ្យដឹងថា នាងបានស្លាប់ដោយសារការកើនឡើងជាតិពុលនៅក្នុងឈាម។ សារព័ត៌មាន Siberian Times ដែលជាកាសែតផ្សាយជាភាសាអង់គ្លេស នៅប្រទេសរុស្ស៊ី បានលើកឡើងថា យុវតី មកពីទីក្រុង Perm ប្រទេសរុស្ស៊ីរូបនេះ បានស្លាប់ដោយជំងឺរលាកស្រោមខួរ។
ប្រភពដដែលនិយាយថា ការស្លាប់នេះ បានរួមផ្សំដោយការអស់កម្លាំង បន្ទាប់ពី ការបង្ហាញម៉ូតយ៉ាងខ្លាំងក្លា នៅទីក្រុងសៀងហៃ។
លោកស្រី Carrie Fang ប្រធានភ្នាក់ងារ ESEE ដែលនៅកៀកនឹងយុវតី Vlada នៅពេល ដែលនាងស្លាប់នោះ បាននិយាយថា តារាម៉ូដែលជនជាតិរុស្ស៊ីវ័យក្មេងនេះ ទទួលបាននូវភាពរីករាយរយៈពេលពីរខែ ដែលនាងបានមករស់នៅក្នុងប្រទេសចិន មុនពេលនាងស្លាប់។
អ្នកស្រី Fang បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃចន្ទថា៖ នាងជាក្មេងស្រី ដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់ នាងចូលចិត្តញ៉ាំដំឡូងបារាំងបំពង ដូចជាក្មេងជំទង់ដទៃទៀតដែរ ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ BBC