មនុស្សយន្ដខ្នាតយក្ស BugJuggler របស់លោក Dan Granett នឹងមានសមត្ថភាព លេងសៀក ដោយចាប់បោះរថយន្ដម្ដង ៣គ្រឿង ឡើងទៅលើ។

/

អតីតវិស្វកររបស់ NASA លោក Dan Granett បានរចនាមនុស្សយន្ដមួយ មានកំពស់ ២១ម៉ែត្រ មានលទ្ធភាពចាប់បោះវត្ថុធ្ងន់ៗ នៅក្នុងព្រឹត្តិការណ៍ធំៗ ស្ដីអំពីរថយន្ដ។ លោក Granett ស្រមៃថា មនុស្សយន្ដដែលមានឈ្មោះថា BugJuggler នេះ ត្រូវបានបញ្ជាពីចម្ងាយ ប្រើប្រាស់ដៃដែលដំណើរការដោយកម្លាំងទឹក ដើម្បីបោះរថយន្ដ ឡើងទៅលើ។

/

អតីតវិស្វករ របស់ NASA ឱ្យដឹងថា អ្នកបញ្ជាមនុស្សយន្ដនេះ អង្គុយនៅលើក្បាលរបស់មនុស្សយន្ដ ដោយប្រើប្រព័ន្ធ haptic feedback ដែលតភ្ជាប់ជាមួយនឹងវ៉ាល servo valve ដែលមានល្បឿនលឿន។ BugJuggler នឹងដំណើរការនៅក្នុងបរិវេណសុវត្ថិភាព ដើម្បីការពារគ្រោះថ្នាក់ដែលអាចកើតមានឡើង នៅពេលវាលេងសៀក បោះរថយន្ដទៅលើ។

/

ដំណាក់កាលដំបូងនៃគម្រោង BugJuggler គឺការច្នៃមនុស្សយន្ដខ្នាតតូច កំពស់ ២,៤ម៉ែត្រ និងមានដៃម្ខាង ប៉ុន្ដែដៃរបស់វាអាចចាប់ បោះវត្ថុដែលមានទម្ងន់ ១១៣គីឡូក្រាម។ សម្រាប់កំណែពេញលេញ នឹងមានលទ្ធភាព ចាប់កាន់ និងបោះរថយន្ដដែលមានទម្ងន់ ១២២០គីឡូក្រាម។

ជាមនុស្សម្នាក់ ធ្លាប់ប្រើប្រាស់ឧបករណ៍សម្រាប់ឈុតឆាកសង្គ្រាមលើអាកាសនៃយន្ដហោះរបស់ James Bond ក្នុងខ្សែភាពយន្ដ The Living Daylights លោក Granett និងសហការី កំពុងស្វែងរកប្រភពវិនិយោគសម្រាប់គម្រោងរបស់ខ្លួន ដែលត្រូវការថវិកាប្រមាណជា ២,៣លានដុល្លារអាមេរិក៕

 

ប្រែ​សម្រួល​ដោយ ៖ តារាប្រភព ៖ youtube/dailymail