ទីភ្នាក់ងារស៊ើបការសម្ងាត់មជ្ឈឹមរបស់អាមេរិក បានបញ្ចេញឯកសារដែលអះអាងថា ឧបករណ៍ហោះមិនស្គាល់អត្តសញ្ញាណ ឬហៅថា UFO នៅក្នុងចន្លោះឆ្នាំ ១៩៥០-១៩៦០ តាមពិត វាគ្រាន់តែជាយន្ដហោះស៊ើបការតែប៉ុណ្ណោះ។

ទំព័រ RT បានឱ្យដឹងថា CIA បានបញ្ចេញឯកសារខាងលើនេះ នៅលើទំព័រ Twitter កាលពីថ្ងៃទី ២៩ធ្នូ ឆ្នាំ ២០១៤ ដោយទទួលស្គាល់ថា បណ្ដាកម្មវិធីស៊ើបការពីលើអាកាស គឺមានគោលដៅសម្ងាត់។ ពាក់កណ្ដាល ក្នុងចំណោមករណីដែលត្រូវបានគេយល់ថា បានឃើញ UFO ក្នុងបណ្ដាឆ្នាំ ចាប់ពី ១៩៥០ ទៅ ១៩៦០ គឺជាគ្រាន់តែជាយន្ដហោះ។
ឯកសារដែលមាន ២៧២ទំព័ររបស់ CIA នេះ រៀបរាប់ថា វាជាបេសកកម្មស៊ើបការ ពីលើកម្ពស់ ជាង ១៨.០០០ម៉ែត្រ។ IB Times ដកស្រង់របាយការណ៍ឆ្នាំ ១៩៩៨ ឱ្យដឹងថា ៖ “កម្ពស់សាកល្បងរបស់កម្មវិធី U2 បានបង្កឱ្យមានករណីមើលឃើញ UFO កាន់តែច្រើន នៅលើអាកាស”។

CIA អះអាងថា UFO គឺជាយន្ដហោះស៊ើបការសម្ងាត់
យោងតាម CIA បណ្ដារបាយការណ៍ដែលនិយាយថា បានឃើញ UFO ក្នុងអំឡុងពេលនោះ គឺត្រូវបានលើកឡើងដោយក្រុមអ្នកបើកបរយន្ដហោះពាណិជ្ជកម្ម។ ពួកគេគឺជាអ្នកប្រទះឃើញយន្ដហោះ U2 នៅលើទីខ្ពស់ជាង បើធៀបនឹងយន្ដហោះរបស់ពួកគេដែលកំពុងហោះហើរ។ ស្លាបពណ៌ប្រាក់របស់យន្ដហោះ U2 បានជះពន្លឺពីព្រះអាទិត្យ ដែលបង្កើតបានជាឧបករណ៍ហោះមួយ ដែលហាក់ស្ថិតក្នុងសភាពឆេះ នៅចំពោះមុខអ្នកបើកបរយន្ដហោះ។
របាយការណ៍របស់ CIA បន្តថា “នៅជំនាន់នោះ មិនមាននរណាជឿថា យន្ដហោះដែលមានមនុស្សបើក អាចហោះឡើងដល់កម្ពស់ជាង ១៨.០០០ម៉ែត្រនោះទេ។ ដូច្នេះ មនុស្សជាច្រើនយល់ថា វាជា UFO ឬយានអវកាសរបស់មនុស្សពិភពផ្សេង”។

ថ្វីបើមានការប្រកាសដូចខាងលើ ប៉ុន្ដែ មកដល់ពេលនេះ មានមនុស្សជាច្រើន នៅតែប្រទះឃើញ UFO ដែលមានរាងដូចថាស
ចំណែកទំព័រសារព័ត៌មានរបស់ក្រិក Parapolitika ក៏បានចុះផ្សាយអំពីបញ្ហាខាងលើនេះ ហើយបានលើកឡើងថា យន្ដហោះស៊ើបការសម្ងាត់អាមេរិក ធ្លាប់បានហោះហើរនៅលើអាកាសរបស់រុស្ស៊ី។ ទីភ្នាក់ងារសារព័ត៌មាននេះ ថែមទាំងយកបណ្ដារូបថត ស្ដីអំពីយន្ដហោះសម្ងាត់របស់អាមេរិក មកចុះផ្សាយផងដែរ។



យ៉ាងណាក៏ដោយ បើយោងតាមកំណត់ត្រារបស់បណ្ដាអង្គភាពស្រាវជ្រាវ គេបានមើលឃើញ UFO រាប់ពាន់លើក ក្នុងមួយឆ្នាំៗ។ បើទោះមិនទាន់ត្រូវបានបកស្រាយដោយវិទ្យាសាស្ដ្រ UFO នៅតែជាប្រធានបទដ៏ក្ដៅគគុក កំពុងត្រូវបានមនុស្សជាច្រើនចាប់អារម្មណ៍ ស្របពេលដែលមានមនុស្សកាន់តែច្រើន បានអះអាងថា បានប្រទះឃើញ UFO ។
ប្រែសម្រួលដោយ ៖ តារា ប្រភព ៖ RT/Newsweek