សម្រាប់អ្នកដែលជឿថា មានមនុស្សភពផ្កាយ និង UFO នោះ ទីក្រុង Roswell អាមេរិក ត្រូវបានចាត់ទុកថាជា “តំបន់ព្រះ”។
ឱ្យតែដល់ខែកក្កដា រៀងរាល់ឆ្នាំ មនុស្សរាប់ពាន់នាក់ បានមកកាន់ក្រុង Roswell រដ្ឋ New Mexico របស់អាមេរិក ដើម្បីចូលរួមពិធីបុណ្យ UFO ប្រចាំឆ្នាំ ជាខួបនៃថ្ងៃដែលរដ្ឋាភិបាលអាមេរិក “បិទបាំង” ការពិត ស្ដីអំពីថាសហោះរបស់មនុស្សភពផ្កាយនៅទីនេះ កាលពីរដូវក្ដៅ ឆ្នាំ ១៩៤៧។

ទំព័រ Al Jazeera ចេញផ្សាយថា ក្នុងអំឡុងពិធីបុណ្យ ទីក្រុងដ៏ស្ងប់ស្ងាត់នេះ បែរប្រែក្លាយទៅជាអធិកអធមខុសពីធម្មតា ដោយមានការប្រកួតសម្លៀកបំពាក់ ភ្លើងពណ៌ និងមានតូបលក់វត្ថុអនុស្សាវរីយ៍ដែលទាក់ទឹននឹងមនុស្សភពផ្កាយ។
នៅ Roswell អ្វីៗទាំងអស់ សុទ្ធតែមានរូបរាងរបស់មនុស្សភពផ្កាយ តាំងពីបង្គោលភ្លើងរហូតដល់ហាងកាហ្វេ។ល។ Roswell ក៏មានសារមន្ទីរមួយ ដែលជាមជ្ឈមណ្ឌលស្រាវជ្រាវ UFO អន្តរជាតិ។
ព្រឹត្តិការណ៍ ឆ្នាំ ១៩៤៧
មនុស្សស្ទើរតែទាំងអស់នៅក្នុងតំបន់ Roswell សុទ្ធសឹងតែជឿទៅលើរឿងរ៉ាវដែលនិយាយថា កាលពីឆ្នាំ ១៩៤៧ មានបុរសម្នាក់ ឈ្មោះ Mack Brazel បានប្រទះឃើញនូវបំណែកដែកដ៏ចម្លែកក្នុងកសិដ្ឋានរបស់ខ្លួន ហើយគាត់ក៏បានយកវាទៅឱ្យកងទ័ពដែលនៅក្បែរនោះ។

ពិធីបុណ្យ UFO ប្រចាំឆ្នាំ នៅ Roswell
នៅទីនេះ មន្ដ្រីកងទ័ពអាកាសម្នាក់បានចេញសេចក្ដីប្រកាសមួយ អះអាងថា “ថាសហោះ” មួយត្រូវបានរកឃើញនៅទីនេះ។ នៅថ្ងៃទី ៨កក្កដា ឆ្នាំ ១៩៤៧ ទំព័រ Roswell Daily Record បានចេញផ្សាយនូវអត្ថបទដ៏គួរឱ្យចាប់អារម្មណ៍មួយ ៖ “ព្រលានយន្តហោះ Roswell រកឃើញថាសហោះនៅក្នុងកសិដ្ឋានមួយក្នុងតំបន់”។ ចាប់តាំងពីពេលនោះមក រឿងរ៉ាវនេះ ត្រូវបាននិយាយពីមាត់មួយទៅមាត់មួយ និងសាយភាយពេញអាមេរិក។
បើទោះរឿងរ៉ាវខាងលើ បានស្ងប់ស្ងាត់ ក្រោយពីកងទ័ពអាកាសអាមេរិក ចេញសេចក្ដីប្រកាស អះអាងថា វាគ្រាន់តែជាបំណែករបស់បាល់ឡុងហោះតែប៉ុណ្ណោះ ប៉ុន្តែ ហេតុការណ៍ខាងលើ បានកក្រើកឡើងវិញ អំឡុងទសវត្សរ៍ឆ្នាំ ១៩៧០ នៅពេលវាត្រូវបានបំប៉ោងដោយ “ក្រុមអ្នកស្រាវជ្រាវថាសហោះ”។ ពួកគេលើកឡើងថា ការដែលកងទ័ពអាកាសរបស់អាមេរិក និយាយថា វាជាបំណែកនៃបាល់ឡុងហោះ គឺជារឿងប្រឌិត ដើម្បីបិទបាំងការពិត។ ក្រុមនេះថែមទាំងអះអាងថា រដ្ឋាភិបាលអាមេរិកបានរកឃើញសាកសពរបស់មនុស្សភពផ្កាយ។

ពិធីបុណ្យ UFO ប្រចាំឆ្នាំ នៅ Roswell
រឿងរ៉ាវ UFO ដែលបានកក្រើកនៅអាមេរិក
ក្រោយព្រឹត្តិការណ៍ Roswell រឿងរ៉ាវ UFO បានផ្ទុះឡើងខ្លាំងក្លា នៅអាមេរិក បន្ទាប់ពីអ្នកបើកយន្ដហោះ Kenneth Arnold បាននិយាយថា ខ្លួនបានឃើញថាសហោះចំនួន ៩លើក នៅក្បែរ Mount Rainier រដ្ឋ Washington កាលពីឆ្នាំ ១៩៤៧។ លោក Kenneth Arnold ប្រាប់ថា UFO នេះ មានរូបរាងដូចទៅនឹងថាសដែលគេគប់លើផ្ទៃទឹក។
ក្រោយមក មានសារព័ត៌មានជាច្រើនបានចេញផ្សាយថា “អ្នកបើកយន្ដហោះរដ្ឋ Idaho ប្រទះឃើញថាសហោះ”។
បន្ទាប់មកទៀតរដ្ឋាភិបាលអាមេរិក កងទ័ពអាកាស និងទីភ្នាក់ងារស៊ើបការសម្ងាត់អាមេរិក ក៏បានចាប់ផ្ដើមធ្វើការស៊ើបអង្កេតទៅលើអ្វីដែលទាក់ទឹននឹងថាសហោះ។ លោក Robert Bartholomew ដែលជាអ្នកសង្គមវិទ្យាម្នាក់ថ្លែងថា “ក្រុមអ្នកវិទ្យាសាស្ដ្រនិយាយថា ថាសហោះ មិនមាននៅលើលោកនោះទេ។ ប៉ុន្តែ មានមនុស្សជាច្រើន បានប្រកាសថា ខ្លួនធា្លប់បានឃើញថាសហោះ”។

ភោជនីយដ្ឋានមួយដែលមានរូបរាងដូចថាសហោះ នៅ Roswell
ការស្ទង់មតិជាច្រើនត្រូវបានធ្វើឡើង ចាប់ពីឆ្នាំ ១៩៥០ បង្ហាញថា ប្រជាជនអាមេរិក ជឿជាក់ថា មានមនុស្សភពផ្កាយពិតមែន។ ការស្ទង់មតិ កាលពីឆ្នាំ ២០១៣ របស់ទីភ្នាក់ងារសារព័ត៌មាន Huffington Post និងអង្គការ YouGov ក៏បានបង្ហាញថា ពាក់កណ្ដាលនៃជនជាតិអាមេរិក ជឿជាក់ថា UFO ធ្លាប់ចុះមកកាន់ផែនដី។
ប្រែសម្រួល ៖ បុត្រា