ឯកសារសម្ងាត់ប្រហែល ១៣លានទំព័រ រួមមាន របាយការណ៍អំពី UFO និងការពិសោធអំពីព្រលឹងវិញ្ញាណ ត្រូវបានទីភ្នាក់ងារ CIA របស់អាមេរិក បង្ហោះនៅលើអ៊ីនធឺរណែត។

/

ឯកសារសម្ងាត់ប្រហែល ១៣លានទំព័រនោះ ក៏មាន របាយការណ៍ស្ដីអំពី UFO ផងដែរ

ទីភ្នាក់ងារ CIA របស់អាមេរិក ថ្មីៗនេះ បានបង្ហោះនៅលើអ៊ីធឺរណែត នូវឯកសារជាច្រើន រួមមាន ៨០០.០០០ហ្វាល ដែលមាន ១៣លានទំព័រ ក្នុងនោះមានទាំងការកត់ត្រាអំពី UFO និងការពិសោធអំពីព្រលឹងវិញ្ញាណ Stargate នេះបើតាម BBC។

ការបញ្ចេញឱ្យដឹងអំពីឯកសារខាងលើ គឺជាលទ្ធផលនៃការប្រឹងប្រែងក្នុងការប្ដឹងគ្នាដែលអូសបន្លាយពេលយូររបស់ក្រុមអ្នកគាំទ្រសេរីភាពព័ត៌មាន ដែលទាមទារឱ្យទីភ្នាក់ងារ CIA បញ្ចេញព័ត៌មានសម្ងាត់។

ក្នុងចំណោមឯកសារនេះ ក៏មានរបាយការណ៍របស់ Henry Kissinger រដ្ឋមន្ដ្រីការបរទេសអាមេរិក ជំនាន់ Richard Nixon និង Gerald Ford រួមនឹងឯកសាររាប់សែនទំព័រ និយាយអំពីការវិភាគបច្ចេកវិទ្យាខួរក្បាលឆ្លាតវៃ ការសិក្សាស្រាវជ្រាវ និងការអភិវឌ្ឍផ្នែកវិទ្យាសាស្ដ្រ។

មួយក្នុងចំណោមការកត់ត្រាដែលមិនធម្មតា នោះគឺឯកសារនិយាយអំពីគម្រោង Stargate ជំនាញខាងសិក្សាស្រាវជ្រាវអំពីព្រលឹងវិញ្ញាណ ក្នុងនោះមានការពិសោធជាមួយកំពូលអ្នកប្រើវិញ្ញាណ Uri Geller កាលពីឆ្នាំ ១៩៧៣។ តាមការកត់ត្រា Uri Geller បានបង្ហាញនូវភាពអស្ចារ្យ នៅពេលអាចចម្លងរូបភាពពីបន្ទប់ផ្សេង ដោយជោគជ័យ ដោយមិនចំបាច់មើលជាមុន។

ឯកសារក្រៅពីនេះ រួមមានទាំងរបាយការណ៍អំពីថាស់ហោះ (UFO) និងរូបមន្តធ្វើទឹកខ្មៅបំបាំងកាយ។ល។

បើទោះអ្នករាល់គ្នាអាចមើលឯកសារភាគច្រើនតាមរយៈអ៊ីនធឺរណែត ប៉ុន្តែ ការចូលទៅយកទិន្នន័យទាំងនោះ គឺមានការលំបាកខ្លាំង។ ឯកសារទាំងនេះ ត្រូវបានគេផ្ដល់ឱ្យតាមរយៈកុំព្យូទ័រតែ៤គ្រឿង ដាក់នៅខាងក្រោយបណ្ដាល័យមួយនៅក្នុងការិយាល័យនៃទីភ្នាក់ងាររក្សាឯកសារជាតិ នៅ Maryland ដែលបើកឱ្យប្រើប្រាស់ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ១៦កន្លះ ជារៀងរាល់ថ្ងៃ៕

ប្រែសម្រួល ៖ តារាប្រភព ៖ BBC