អគ្គនាយករបស់ CIA កាលពីម្សិលមិញ បានព្រមានថា ក្រុមរដ្ឋអ៊ីស្លាម IS កំពុងតែមានបំណងបើកការវាយប្រហារទៅលើអាមេរិក ដូចទៅនឹងករណីវាយប្រហារនៅ ព្រលានយន្ដហោះ ក្រុង Istanbul។
អគ្គនាយកនៃទីភ្នាក់ងារចារកម្មអាមេរិក (CIA) John Brennan បានឱ្យដឹងថា ករណីភេរវកម្មនៅឯព្រលានយន្ដអន្តរជាតិ Ataturk ក្នុងក្រុង Istanbul ប្រទេសទួគី គឺមានសញ្ញាទាំងអស់របស់ក្រុមរដ្ឋអ៊ីស្លាម។ ក្រុមនេះ អាចនឹងមានគម្រោងវាយប្រហារដូចគ្នានេះ ទៅលើសហរដ្ឋអាមេរិក។

អគ្គនាយកនៃទីភ្នាក់ងារចារកម្មអាមេរិក (CIA) លោក John Brennan
ទំព័រ Yahoo News ដកស្រង់សំដី លោក Brennan ឱ្យដឹងថា “ខ្ញុំមានការព្រួយបារម្ភអំពីបញ្ហានេះខ្លាំងណាស់”។ លោក Brennan បន្តថា ការទប់ទល់នឹងក្រុមភេរវកម្មបំផ្ទុះគ្រាប់បែកអត្តឃាត គឺជារឿងលំបាក ព្រោះថា ពួកវាមិនមានបំណងរត់គេចខ្លួននោះទេ ថែមពីនេះ ពួកវាមានការប្ដេជ្ញាចិត្តខ្ពស់ផងដែរ។
មេដឹកនាំ CIA សង្កត់ធ្ងន់ថា ៖ “ខ្ញុំនឹងមានការភ្ញាក់ផ្អើល បើសិនក្រុមរដ្ឋអ៊ីស្លាមមិនមានបំណងវាយប្រហារបែបនេះ ទៅលើអាមេរិក”។ ប៉ុន្តែ លោក Brennan មិនបានអះអាងថា ក្រុមរដ្ឋអ៊ីស្លាម នៅពីក្រោយការវាយប្រហារនៅព្រលានយន្តហោះ ក្រុង Istanbul នោះទេ។ បច្ចុប្បន្ន ក្រុមរដ្ឋអ៊ីស្លាម ក៏មិនទាន់ចេញមកទទួលខុសត្រូវក្នុងការវាយប្រហារនេះនោះដែរ។
សូមរំលឹកថា ការបំផ្ទុះគ្រាប់បែកអត្តឃាត និងបាញ់ប្រហារបីលើក ត្រូវបានធ្វើឡើងជាបន្តបន្ទាប់នៅព្រលានយន្តហោះ Ataturk ក្រុង Istanbul បណ្ដាលឱ្យមានមនុស្សស្លាប់យ៉ាងតិច ៤១នាក់ និងអ្នករងរបួស ២៤០នាក់។ នាយករដ្ឋមន្ដ្រីទួគី លោក Binali Yildirim ថ្លែងថា ការស៊ើបអង្កេតជំហានដំបូង បង្ហាញថា មានសញ្ញារបស់ក្រុមភេរវកម្ម IS។
ប្រែសម្រួល ៖ បុត្រា