Internet.org គឺជាតំណាងនៃមហិច្ឆតារបស់ Facebook ដែលនឹងផ្ដល់ជូននូវប្រព័ន្ធអ៊ីនធឺរណែត ដោយមិនគិតថ្លៃ ដល់អ្នកប្រើប្រាស់ នៅលើពិភពលោក។

/

Internet.org ក៏គ្រាន់តែជាគម្រោងមួយ ក្នុងចំណោមគម្រោងធំៗ ដែលកំពុងត្រូវបាន Facebook ចាប់ផ្ដើមអនុវត្តប្រកប់ដោយមហិច្ឆតាបំផុត ដើម្បីជួយឱ្យអ្នកប្រើប្រាស់ មានសិទ្ធិបានប្រើអ៊ីនធឺរណែត ដោយមិនគិតថ្លៃ។ តាមរយៈកិច្ចសហការណ៍ជាមួយបណ្ដាក្រុមហ៊ុនអ៊ីនធឺរណែត Facebook មានបំណងឱ្យបណ្ដាក្រុមហ៊ុនទាំងនោះ អនុញ្ញាតឱ្យអ្នកប្រើប្រាស់របស់ខ្លួន ចូលទៅ កាន់សេវាកម្មមូលដ្ឋានមួយចំនួន ដោយមិនបាច់ចំណាយប្រាក់ ដើម្បីបម្រើដល់ជីវភាពប្រចាំថ្ងៃ បំណងបង្កើនការយល់ដឹងរបស់ប្រជាជនអំពីសារសំខាន់របស់អ៊ីនធឺរណែត ក៏ដូចជាកែលំអគុណភាពជីវិត។

/

ថ្មីៗនេះ គម្រោងខាងលើ បានចាប់ផ្ដើមនូវជំហានដំបូង បន្ទាប់ពីបានអនុវត្តសាកល្បង នៅ​ក្នុងប្រទេសហ្សាំប៊ី (Zambia)។ តាមរយៈកម្មវិធីនៅលើ Google Play ឬចូលទៅកាន់ Internet.org ដោយប្រើប្រាស់បណ្ដាទូរស័ព្ទដែលអាចប្រើអ៊ីនធឺរណែតបាន អតិថិជនរបស់ក្រុមហ៊ុនអ៊ីនធឺរណែត Airtel របស់សារធារណរដ្ឋ ហ្សាំប៊ី នឹងអាចចូលទៅកាន់សេវាកម្ម សុខាភិបាល ដំណឹងជ្រើសរើស​បុគ្គលិក ឬអាកាសធាតុ ជាដើម ដោយពុំត្រូវបង់ថ្លៃអ្វីនោះឡើយ។ ក្រៅពីនេះ បណ្ដាសេវាកម្ម និងទំព័រពេញនិយមមួយចំនួន ដូចជា Google Search, Facebook ឬ Wikipedia ក៏អនុញ្ញាតឱ្យប្រជាជន នៅប្រទេសនេះ ប្រើប្រាស់ដោយសេរី មិនអស់ថ្លៃសេវាអ៊ីនធឺរណិត។

/

យោងតាមគម្រោង ក្នុងរយៈពេលខាងមុខ Facebook នឹងបន្តពង្រីកសេវាកម្មនេះ ទៅក្នុងបណ្ដាទីផ្សារផ្សេងៗ ជាកន្លែងដែលអ៊ីនធឺរណែត មិនទាន់ត្រូវបានគេនិយមប្រើប្រាស់ ដោយសារបញ្ហាប្រាក់កាស់ និងការយល់ដឹងរបស់ប្រជាជន អំពីផលប្រយោជន៍របស់អ៊ីនធឺរណែត៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Endgadget/techcrunch