កាលពីថ្ងៃទី ២៤ ខែមេសា ម្សិលម៉ិញ ស្ថាប័នជាន់ខ្ពស់មួយរបស់ប្រទេសចិន បានអោយដឹងថា Apple អាចនឹងបាត់បង់សិទ្ធិក្នុងការប្រើប្រាស់ឈ្មោះផ្លាកយីហោរ iPad នៅក្នុងប្រទេសចិន ខណៈពេលដែលតុលាការប្រទេសនេះកំពុងតែរកវិធីផ្សះផ្សាជំលោះក្តីរវាង Apple និងProview ស្តីអំពីការប្រើប្រាស់ឈ្មោះ iPad ។

Yan Xiaohong អគ្គនាយករងរបស់នាយកដ្ឋានគ្រប់គ្រងប័ណ្ណកម្មសិទ្ធិជាតិ បានផ្តល់ចំលើយនៅក្នុងកិច្ចសម្ភាសមួយនៅឯទីក្រុងប៉េកាំង ថា រដ្ឋាភិបាលបានលើកឡើងថាក្រុមហ៊ុនបច្ចេកវិទ្យា Proview Shenzhen គឺជាម្ចាស់កាន់កាប់ដោយស្របច្បាប់ផ្លាកយីហោរ iPad នេះ។ លោកក៏បានធ្វើការសង្កត់ធ្ងន់ដែរថា Apple ត្រូវតែរកដំណោះស្រាយមួយដើម្បីដោះស្រាយបញ្ហាទាល់ច្រកនេះ។
ការលើកឡើងរបស់លោក Yan បានដាក់ចេញនៅក្រោយពេលមានពត៌មានថា តុលាការកំពូលGuangdong ភាគខាងត្បូងប្រទេសចិន កំពុងតែរិះរកដំណោះស្រាយចំពោះករណីនេះ។ លោក Yanបានអោយដឹងនៅក្នុងជំនួបកិច្ចប្រជុំជាមួយអ្នកសារពត៌មានមួយដែលធ្វើឡើងនៅលើអ៊ីនធើណែត ដោយបានលើកឡើងថា រាល់ជំលោះទាំងឡាយរវាង Apple និង Proview ដែលទាក់ទងនឹងផ្លាកយីហោរ iPad គឺកំពុងតែឆ្លងកាត់ដំណាក់កាលនៅឯតុលាការ។ ប៉ុន្តែតាមច្បាប់របស់រដ្ឋាភិបាលប្រទេសចិន, Proview គឺនៅតែជាអ្នកតំណាង និងជាអ្នកដែលប្រើប្រាស់ដោយស្របច្បាប់នូវផ្លាកយីហោរ iPad ។.
ចិនកំពុងតែរិះរកគ្រប់មធ្យោបាយដើម្បីបង្ហាញពីការប្តេជ្ញាចិត្តក្នុងការការពារផ្លាកយីហោរ និងសិទ្ធិកាន់កាប់សិទ្ធិបញ្ញា ប៉ុន្តែចំពោះជនជាតិចិនរាប់ពាន់នាក់ដែលកំពុងតែធ្វើការនៅក្នុងរោងចក្រផលិត iPhone និង iPad របស់ Apple រដ្ឋាភិបាលក៏មិនចង់ធ្វើការរារាំងការផលិតនិងការផ្សាយពាណិជ្ជកម្មរបស់ Apple នោះដែរ។
Ma Dongxiao មេធាវីតំណាងរបស់ Proview បានអោយដឹងថាក្រុមហ៊ុននេះបានរង់ចាំអស់រយៈពេលដ៏យូរដើម្បីដោះស្រាយអោយបានរួចរាល់ជាមួយ Apple, ដំណោះស្រាយមួយដែលក្រុមហ៊ុននេះបានលើកឡើងនោះគឺការបង់ជាប្រាក់ដែលមានចំនួនដ៏ច្រើន។
លោក Ma បានអោយដឹងថា អាចនឹងមានលទ្ធភាពដែលយើងខ្ញុំនឹងធ្វើការដោះស្រាយករណីនេះដោយស្ងៀមស្ងាត់ ដោយមិនចាំបាច់តុលាការនោះឡើយ។ តុលាការកំពូល Guangdong កំពុងតែជួយសម្រុះសម្រួលក្នុងកិច្ចការនេះ ។
Proview បច្ចុប្បន្នកំពុងតែមានបញ្ហាយ៉ាងធ្ងន់ធ្ងរផ្នែកហិរញ្ញវត្ថុ ,គឺជាក្រុមហ៊ុនផលិតអេក្រង់កុំព្យូទ័រ និងភ្លើង LED ។ ក្រុមហ៊ុននេះបានអោយដឹងថាខ្លួនបានចុះឈ្មោះប្រើប្រាស់ផ្លាកយីហោរ iPad នេះមានរយៈពេលជាងមួយទសវត្សរ៍ហើយ។ Apple បានអោយដឹងថា Proview លក់សិទ្ធិប្រើប្រាស់ឈ្មោះ iPad នៅទូទាំងពិភពលោកកាលពីឆ្នាំ ២០០៩ ,ហើយ Apple បានទិញបន្តពីក្រុមហ៊ុនជាសាខារបស់ក្រុមហ៊ុន Proview នេះនៅតៃវ៉ាន់ ។ ទីស្នាក់ការធំរបស់ Proview នៅ Shenzhen នៅតែមានសិទ្ធិប្រើប្រាស់ផ្លាកយីហោរ iPadនេះនៅក្នុងទីផ្សារប្រទេសចិនដដែល។
Carolyn Wu អ្នកនាំពាក្យរបស់ Apple,បានអោយដឹងថា បច្ចុប្បន្នក្រុមហ៊ុនមិនទាន់បានធ្វើសេចក្តីអត្ថាធិប្បាយថ្មីណាមួយស្តីពីបញ្ហាដំណោះស្រាយជាមួយ Proview នេះនៅឡើយ។ ក្នុងសេចក្តីថ្លែងការណ៍មួយ, Apple បានធ្វើការរំលឹកឡើងវិញពីការអះអាងរបស់ខ្លួនកន្លងមកថា ក្រុមហ៊ុននេះមិនដែលមានគំនិតកេងប្រវ័ញ្ចផ្លាកយីហោររបស់អ្នកផ្សេងនោះឡើយ។ និងបានបន្ថែមថា Proview នៅតែជំពាក់ប្រាក់មនុស្សជាច្រើន, ពួកគេកំពុងតែខិតខំដើម្បីបានប្រាក់ច្រើនជាងនេះពី Apple តាមរយៈផ្លាកយីហោរមួយដែលយើងខ្ញុំបានបង់ប្រាក់ដើម្បីបានសិទ្ធិប្រើប្រាស់នោះ៕
ប្រភព៖ APដោយ៖ រស្មី